ព័ត៌មានទាន់ហេតុការណ៍៖

ប្រសាសន៍សំខាន់ៗ​របស់​សម្ដេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីកម្ពុជា​ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញជាង ៧ពាន់នាក់

ចែករំលែក៖

ភ្នំពេញ​៖​ សម្ដេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីកម្ពុជា​ នៅព្រឹក​ថ្ងៃ​សុក្រ​ទី​២៤​ ខែកុម្ភៈ​ ឆ្នាំ​២០២៣នេះ​ បានថ្លែង​ប្រសាសន៍​សំខាន់​ៗ​ ក្នុងពិធីជួបសំណេះសំណាល និងប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញជាង ៧ពាន់នាក់​។ 

សូម​ប្រសាសន៍សំខាន់ៗ​របស់​សម្ដេច​តេជោ​ ហ៊ុន​ សែន​ មានដូចខាងក្រោម​៖

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ និងកោតសរសើរដល់ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលបានដឹកនាំកែទម្រង់វិស័យអប់រំសិក្សាធិការរយៈពេល ២អាណត្តិមកនេះ ប្រកបផ្លែផ្កាល្អប្រសើរ ហើយសម្តេចសង្ឃឹមថា  កំណែទម្រង់នេះនឹងនៅតែបន្តទៅមុខទៀត សំដៅពង្រឹងការអប់រំ និងធានាគុណ នៃការបណ្តុះបណ្តាល។

សម្តេចតេជោ ហ៊ុន សែន ថ្លែង​ថា គិតត្រឹមថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សល់រយៈពេលតែ ៧០ថ្ងៃទៀតប៉ុណ្ណោះ នៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលត្រូវប្រារព្ធពិធីបើកការប្រកួត នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ខាងមុខ។

សម្តេចតេជោ ហ៊ុន សែន ច្រានចោល និងពន្យល់ពលរដ្ឋឱ្យយល់ ពីការរិះគន់របស់ក្រុមមួយក្តាប់តូច ខណៈដែលពួកគេទាំងនោះ បានចេះដឹងដោយសារការបណ្តុះបណ្តាល និងរៀនក្រោមសាលាដែលសាងសង់ឡើងដោយអ្នកដែលខ្លួនបានរិះគន់។

សម្តេចតេជោ ថ្លែង​ថា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ គឺជាសាកលវិទ្យាធំជាងគេ និងចំណាស់ជាងគេ ក្រោមព្រះរាជស្នាព្រះហស្ថរបស់អង្គសម្តេចឪ សម្តេចតា សម្តេចតាទួតនៃយើង ដែលបានបណ្តុះបណ្តាលធនធានមនុស្សយ៉ាងច្រើន។

សម្តេចតេជោ ហ៊ុន សែន ប្រកាសឱ្យនិស្សិតសិក្ខាកាមសិក្សាទាំងអស់ ប្រឹងប្រែងស្វ័យសិក្សា និងស្វែងរកប្រភពចំណេះដឹងផ្សេងៗ ដើម្បីសិក្សាស្រាវជ្រាវ ដោយមិនរង់ចាំការតែការបណ្តុះបណ្តាលក្នុងសាលានោះទេ។

សម្ដេចតេជោ ហ៊ុន សែន​ ថ្លែង​ថា​ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ គឺជាសាកលវិទ្យាល័យដែលមានវ័យចំណាស់ជាងគេ ដែលជាស្នាព្រះហត្ថ របស់ព្រះករុណាព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានកសាងតាំងពីទស្សវត្សឆ្នាំ១៩៦០ និងបើកឱ្យប្រើប្រាស់ តាំងពីពេលនោះមក។ ប៉ុន្ដែសាកលវិទ្យាល័យនេះ បានបោះបង់ចោលនៅសម័យប៉ុល ពត ហើយរាជរដ្ឋាភិបាលក៏បានចាប់ផ្ដើមបើកឡើងវិញក្រោយការរំដោះពីរបបប៉ុលពត។

សម្តេចតេជោ ហ៊ុន សែន ថ្លែង​ថា សម្តេចនៅតែបន្តរៀនគ្រប់បែបយ៉ាង ជាពិសេសទៅលើបច្ចេកវិទ្យាថ្មីៗ ដើម្បីសម្រួលដល់ការងាររាជរដ្ឋាភិបាល។ សម្តេច បានជំរុញដល់មន្ត្រី ឱ្យបន្តប្រឹងរៀនសូត្រជាប់ជានិច្ច ដែលយ៉ាងហោចណាស់ក៏ត្រូវចេះប្រើ Telegram facebook Zoom និងការកែ ,ចារ ឬចុះហត្ថលេខាតាមSoft PDF ជាដើម។

សម្តេចតេជោ ហ៊ុន  សែន ថ្លែង​ថា ពិភពលោកកំពុងតែរងនូវវិបត្តិថាមពល ខណៈដែលតម្លៃប្រេងឥន្ធនៈ មានតម្លៃប្រែប្រួលជាប់ជានិច្ច ដែលជាកត្តាហុចផលមិនល្អដល់កំណើនសេដ្ឋកិច្ចសកលនោះទេ។

សម្តេចតេជោ ថ្លែង​ថា ពិភពលោក នាពេលបច្ចុប្បន្ននេះពោរពេញដោយភាពស្មុគស្មាញ។ ថ្ងៃនេះជាខួប១ឆ្នាំ ដែលរុស្ស៊ី បានលើកទ័ពឈ្លានពានប្រទេសអ៊ុយក្រែន ហើយសម្តេចក៏កំពុងរង់ចាំមើលសេចក្តីថ្លែងការណ៍ ឬជំហររបស់ប្រទេសនានាពាក់ព័ន្ធសង្គ្រាមរុស្ស៊ី-អ៊ុយក្រែននេះផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីការលំបាករបស់និស្សិត,សិក្ខាកាមកម្ពុជាកំពុងសិក្សានៅប្រទេសឡាវ ពាក់ព័ន្ធនឹងអត្រាប្តូរប្រាក់ ដែលបច្ចុប្បន្ននេះអត្រាប្តូរប្រាក់នៅឡាវមានការធ្លាក់ចុះ  ហើយសម្តេចក៏បានផ្តល់អនុសាសន៍ដល់ក្រសួងអប់រំ យុវជន និងកីឡា បើកប្រាក់ឧបត្តម្ភដល់និស្សិត, សិក្ខាកាមនៅឡាវជាប្រាក់ដុល្លារតែម្តងដើម្បីភាពងាយស្រួល។

សម្តេចតេជោ ហ៊ុន សែន ប្រកាសបង្កើនប្រាក់ឧបត្ថម្ភដល់វេនប្រចាំការនៅបណ្ណាល័យហ៊ុនសែន នៃសាកលវិទ្យាល័យភូមិន្ទ​ភ្នំពេញ ពី៥លានរៀល ទៅ១០លានរៀល ចាប់ពីខែមីនា ឆ្នាំ២០២៣តទៅ ដើម្បីចាត់ចែងដល់អ្នកប្រចាំការនៅទីនោះចំនួន២៦នាក់។

សម្ដេចតេជោ ហ៊ុន សែន​ ប្រកាស​ផ្ដាំទៅលោក ស៊ន ដារ៉ា វាមិនចំឡែកទេ ដែលបានប្រមាថថា ប៉ាឯងកុំចេះ ខ្ញុំចេះជាង ប៉ាឯង។ បើ ស៊ន ដារ៉ា ប្រើពាក្យបែបនេះមែន គឺគ្មានអ្វីចំឡែកទេ ដោយគេចាត់ទុកដាក់ ទម្រាំឪពុកម្ដាយខ្លួនឯងនៅ ស៊ន ដារ៉ា វាយប្រហារ ចុះទម្រាំអ្នកដទៃ។

សម្តេចតេជោ ហ៊ុន សែន ថ្លែង​ថា បើយោងតាមអាយុរបស់ស៊ន ដារ៉ា យើងអាចសន្និដ្ឋានថា ឪពុកម្តាយរបស់ស៊ន ដារ៉ា ជាអ្នករួចរស់ពីការកាប់សម្លាប់របស់ប៉ុលពត ហើយ ស៊ន ដារ៉ា គឺជាមរកតចេញពីឪពុកម្តាយរបស់ខ្លួន ដូចអ្វីដែល ស៊ន ដារ៉ា ធ្លាប់និយាយថា «ហ៊ុន ម៉ាណែត ជាមរកតរបស់ហ៊ុនសែន»ដូច្នេះដែរ។

សម្តេចតេជោ ហ៊ុន  សែន ថ្លែង​ថា វាជារឿងអគុណធម៌ និងអសីលធម៌ខ្លាំងណាស់ ដែលឪពុកម្តាយរបស់ខ្លួនប្រឹងប្រែងឱ្យកូនបានរួចរស់ និងបានរៀនសូត្ររហូតក្លាយបណ្ឌិតសាស្ត្រាចារ្យ បែរជា ស៊ន ដារ៉ា មកបង្អាប់បន្តុះ​ឪពុកម្តាយជាមនុស្សល្ងង់ទៅវិញ។

សម្តេចតេជោ ហ៊ុន សែន ប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋ នាំគ្នាទៅកម្សាន្តសប្បាយអង្គរសង្ក្រាន្ត នៅខេត្តសៀមរាប ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗ ខាងមុខនេះ ដោយសម្តេចក៏នឹងទៅចូលរួមកម្សាន្តសប្បាយអង្គរសង្ក្រាន្តនៅសៀមរាបផងដែរ។

សម្តេចតេជោ ហ៊ុន សែន ថ្លែង​អបអសាទរដល់និស្សិតជ័យលាភីទាំងជាង៧ពាន់នាក់ នៅព្រឹកនេះ និងសូមអបអរសាទរ និងថ្លែងការកោតសរសើរដោយស្មោះ អស់ពីដួងចិត្ត ដល់និស្សិតពិការភាព ដែលបានប្រឹងប្រែង យកចិត្តទុកដាក់ និងជំនះការលំបាកគ្រប់បែបយ៉ាង រហូតទទួលបានជោគជ័យនាពេលនេះ ។សម្តេចបញ្ជាក់ថា  «ក្មួយៗ ពិការតែរាងកាយ តែមិនពិការចិត្តទេ»៕

ដោយ​៖ស​ តារា​


ចែករំលែក៖