ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃសុក្រទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានថ្លែងប្រសាសន៍សំខាន់ៗ ក្នុងពិធីជួបសំណេះសំណាល និងប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញជាង ៧ពាន់នាក់។
សូមប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន មានដូចខាងក្រោម៖
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ និងកោតសរសើរដល់ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលបានដឹកនាំកែទម្រង់វិស័យអប់រំសិក្សាធិការរយៈពេល ២អាណត្តិមកនេះ ប្រកបផ្លែផ្កាល្អប្រសើរ ហើយសម្តេចសង្ឃឹមថា កំណែទម្រង់នេះនឹងនៅតែបន្តទៅមុខទៀត សំដៅពង្រឹងការអប់រំ និងធានាគុណ នៃការបណ្តុះបណ្តាល។
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា គិតត្រឹមថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សល់រយៈពេលតែ ៧០ថ្ងៃទៀតប៉ុណ្ណោះ នៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលត្រូវប្រារព្ធពិធីបើកការប្រកួត នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ខាងមុខ។
សម្តេចតេជោ ហ៊ុន សែន ច្រានចោល និងពន្យល់ពលរដ្ឋឱ្យយល់ ពីការរិះគន់របស់ក្រុមមួយក្តាប់តូច ខណៈដែលពួកគេទាំងនោះ បានចេះដឹងដោយសារការបណ្តុះបណ្តាល និងរៀនក្រោមសាលាដែលសាងសង់ឡើងដោយអ្នកដែលខ្លួនបានរិះគន់។
សម្តេចតេជោ ថ្លែងថា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ គឺជាសាកលវិទ្យាធំជាងគេ និងចំណាស់ជាងគេ ក្រោមព្រះរាជស្នាព្រះហស្ថរបស់អង្គសម្តេចឪ សម្តេចតា សម្តេចតាទួតនៃយើង ដែលបានបណ្តុះបណ្តាលធនធានមនុស្សយ៉ាងច្រើន។
សម្តេចតេជោ ហ៊ុន សែន ប្រកាសឱ្យនិស្សិតសិក្ខាកាមសិក្សាទាំងអស់ ប្រឹងប្រែងស្វ័យសិក្សា និងស្វែងរកប្រភពចំណេះដឹងផ្សេងៗ ដើម្បីសិក្សាស្រាវជ្រាវ ដោយមិនរង់ចាំការតែការបណ្តុះបណ្តាលក្នុងសាលានោះទេ។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ គឺជាសាកលវិទ្យាល័យដែលមានវ័យចំណាស់ជាងគេ ដែលជាស្នាព្រះហត្ថ របស់ព្រះករុណាព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានកសាងតាំងពីទស្សវត្សឆ្នាំ១៩៦០ និងបើកឱ្យប្រើប្រាស់ តាំងពីពេលនោះមក។ ប៉ុន្ដែសាកលវិទ្យាល័យនេះ បានបោះបង់ចោលនៅសម័យប៉ុល ពត ហើយរាជរដ្ឋាភិបាលក៏បានចាប់ផ្ដើមបើកឡើងវិញក្រោយការរំដោះពីរបបប៉ុលពត។
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា សម្តេចនៅតែបន្តរៀនគ្រប់បែបយ៉ាង ជាពិសេសទៅលើបច្ចេកវិទ្យាថ្មីៗ ដើម្បីសម្រួលដល់ការងាររាជរដ្ឋាភិបាល។ សម្តេច បានជំរុញដល់មន្ត្រី ឱ្យបន្តប្រឹងរៀនសូត្រជាប់ជានិច្ច ដែលយ៉ាងហោចណាស់ក៏ត្រូវចេះប្រើ Telegram facebook Zoom និងការកែ ,ចារ ឬចុះហត្ថលេខាតាមSoft PDF ជាដើម។
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ពិភពលោកកំពុងតែរងនូវវិបត្តិថាមពល ខណៈដែលតម្លៃប្រេងឥន្ធនៈ មានតម្លៃប្រែប្រួលជាប់ជានិច្ច ដែលជាកត្តាហុចផលមិនល្អដល់កំណើនសេដ្ឋកិច្ចសកលនោះទេ។
សម្តេចតេជោ ថ្លែងថា ពិភពលោក នាពេលបច្ចុប្បន្ននេះពោរពេញដោយភាពស្មុគស្មាញ។ ថ្ងៃនេះជាខួប១ឆ្នាំ ដែលរុស្ស៊ី បានលើកទ័ពឈ្លានពានប្រទេសអ៊ុយក្រែន ហើយសម្តេចក៏កំពុងរង់ចាំមើលសេចក្តីថ្លែងការណ៍ ឬជំហររបស់ប្រទេសនានាពាក់ព័ន្ធសង្គ្រាមរុស្ស៊ី-អ៊ុយក្រែននេះផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីការលំបាករបស់និស្សិត,សិក្ខាកាមកម្ពុជាកំពុងសិក្សានៅប្រទេសឡាវ ពាក់ព័ន្ធនឹងអត្រាប្តូរប្រាក់ ដែលបច្ចុប្បន្ននេះអត្រាប្តូរប្រាក់នៅឡាវមានការធ្លាក់ចុះ ហើយសម្តេចក៏បានផ្តល់អនុសាសន៍ដល់ក្រសួងអប់រំ យុវជន និងកីឡា បើកប្រាក់ឧបត្តម្ភដល់និស្សិត, សិក្ខាកាមនៅឡាវជាប្រាក់ដុល្លារតែម្តងដើម្បីភាពងាយស្រួល។
សម្តេចតេជោ ហ៊ុន សែន ប្រកាសបង្កើនប្រាក់ឧបត្ថម្ភដល់វេនប្រចាំការនៅបណ្ណាល័យហ៊ុនសែន នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ពី៥លានរៀល ទៅ១០លានរៀល ចាប់ពីខែមីនា ឆ្នាំ២០២៣តទៅ ដើម្បីចាត់ចែងដល់អ្នកប្រចាំការនៅទីនោះចំនួន២៦នាក់។
សម្ដេចតេជោ ហ៊ុន សែន ប្រកាសផ្ដាំទៅលោក ស៊ន ដារ៉ា វាមិនចំឡែកទេ ដែលបានប្រមាថថា ប៉ាឯងកុំចេះ ខ្ញុំចេះជាង ប៉ាឯង។ បើ ស៊ន ដារ៉ា ប្រើពាក្យបែបនេះមែន គឺគ្មានអ្វីចំឡែកទេ ដោយគេចាត់ទុកដាក់ ទម្រាំឪពុកម្ដាយខ្លួនឯងនៅ ស៊ន ដារ៉ា វាយប្រហារ ចុះទម្រាំអ្នកដទៃ។
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា បើយោងតាមអាយុរបស់ស៊ន ដារ៉ា យើងអាចសន្និដ្ឋានថា ឪពុកម្តាយរបស់ស៊ន ដារ៉ា ជាអ្នករួចរស់ពីការកាប់សម្លាប់របស់ប៉ុលពត ហើយ ស៊ន ដារ៉ា គឺជាមរកតចេញពីឪពុកម្តាយរបស់ខ្លួន ដូចអ្វីដែល ស៊ន ដារ៉ា ធ្លាប់និយាយថា «ហ៊ុន ម៉ាណែត ជាមរកតរបស់ហ៊ុនសែន»ដូច្នេះដែរ។
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា វាជារឿងអគុណធម៌ និងអសីលធម៌ខ្លាំងណាស់ ដែលឪពុកម្តាយរបស់ខ្លួនប្រឹងប្រែងឱ្យកូនបានរួចរស់ និងបានរៀនសូត្ររហូតក្លាយបណ្ឌិតសាស្ត្រាចារ្យ បែរជា ស៊ន ដារ៉ា មកបង្អាប់បន្តុះឪពុកម្តាយជាមនុស្សល្ងង់ទៅវិញ។
សម្តេចតេជោ ហ៊ុន សែន ប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋ នាំគ្នាទៅកម្សាន្តសប្បាយអង្គរសង្ក្រាន្ត នៅខេត្តសៀមរាប ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗ ខាងមុខនេះ ដោយសម្តេចក៏នឹងទៅចូលរួមកម្សាន្តសប្បាយអង្គរសង្ក្រាន្តនៅសៀមរាបផងដែរ។
សម្តេចតេជោ ហ៊ុន សែន ថ្លែងអបអសាទរដល់និស្សិតជ័យលាភីទាំងជាង៧ពាន់នាក់ នៅព្រឹកនេះ និងសូមអបអរសាទរ និងថ្លែងការកោតសរសើរដោយស្មោះ អស់ពីដួងចិត្ត ដល់និស្សិតពិការភាព ដែលបានប្រឹងប្រែង យកចិត្តទុកដាក់ និងជំនះការលំបាកគ្រប់បែបយ៉ាង រហូតទទួលបានជោគជ័យនាពេលនេះ ។សម្តេចបញ្ជាក់ថា «ក្មួយៗ ពិការតែរាងកាយ តែមិនពិការចិត្តទេ»៕
ដោយ៖ស តារា