ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូឆ្លងផ្លូវទៅបុករថយន្តហើយខ្ទាតទៅត្រូវម៉ូតូមួយគ្រឿងទៀតបុកស្លាប់

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសម្នាក់បើកម៉ូតូឆ្លងផ្លូវខ្វះការប្រប្រយ័ត្នបានបុកជាមួយរថយន្តមួយគ្រឿងបណ្ដាលឱ្យដួលខ្ទាតមកចូលចំណែកផ្លូវម្ខាងទៀត ហើយស្របពេលនោះមានម៉ូតូមួយគ្រឿងបើកមកជាន់ហ្វ្រ័ងឈប់មិនទាន់បានបុកពេញទំហឹងធ្វើឱ្យស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ។

ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ១៨និង៤០នាទី នៅចំណុចផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ ៤៣ -៤៤ ក្នុងភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

មន្ត្រីនគរបាលចរាចរណ៍ស្រុកកៀនស្វាយបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ បាត់ រដ្ឋា ភេទប្រុសុ អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល បើកបរម៉ូតូម៉ាកHONDA DREAM សេ125 ពណ៌ខ្មៅ  ពាក់ផ្លាកលេខកណ្ដាល 1X-5930 ។ចំណែកភាគីខាងរថយន្តម៉ាកTOYOTA CAMRY ពណ៌ទឹកមាស ប្រភេទទេសចរណ៍ ពាក់ផ្លាកលេខ ភ្នំពេញ 2U-2867 បើកបរដោយឈ្មោះស៊ា សុថុនា ភេទប្រុស អាយុ២៣ ឆ្នាំ មានទីលំនៅភូមិយកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។  រីឯម៉ូតូដែលបុកជនរងគ្រោះស្លាប់នោះម៉ាកHONDA ADV ពណ៌ខ្មៅ  ពាក់ផ្លាកលេខ ស្វាយរៀង 1S-7716 បើកបរដោយឈ្មោះ ម៉ក់ សេរីមករា ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិតាប៉ ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង មានអ្មករួមដំណើរម្នាក់ឈ្មោះ វ៉ន នីដូ ភេទស្រី អាយុ៣៣ឆ្នាំ មានទីលំនៅផ្ទះជាមួយគ្នាត្រូវជាប្រពន្ធ។

ប្រភពដដែលបន្តថា នៅថ្ងៃខែឆ្នាំវេលាម៉ោងខាងលើមានរថយន្ត០១គ្រឿងម៉ាកTOYOTA CAMRY ពណ៌ទឹកមាស ប្រភេទទេសចរណ៍ ពាក់ផ្លាកលេខ ភ្នំពេញ 2U-2867 បើកបរដោយឈ្មោះ ស៊ា សុថុនា ធ្វើដំណើរមានទិសដៅពីអ្នកលឿងទៅភ្នំពេញ តាមផ្លូវជាតិលេខ១ ។ ពេលបើកមកដល់កន្លែងកើតហេតុខាងលើត្រូវបានម៉ូតូម៉ាក HONDA DREAM បើកបរដោយឈ្មោះ បាត់ រដ្ឋា ដែលបើកបរមានទិសដៅពីភ្នំពេញទៅអ្នកលឿង បានបើកឆ្លងផ្លូវហើយបុកជាមួយរថយន្តបណ្តាលឱ្យអ្នកបើកម៉ូតូខ្ទាតមកខាងស្តាំដៃរបស់ខ្លួនវិញ ស្របពេលនោះក៏មានម៉ូតូមួយគ្រឿងទៀត ម៉ាកHONDA ADV បើកបរដោយឈ្មោះ ម៉ក់ សេរីមករា មានអ្នករួមដំណើរម្នាក់ឈ្មោះ វ៉ន នីដូ ត្រូវជាប្រពន្ធ ដែលបើកមានទិសដៅស្របគ្នា(ទិសដៅពីភ្នំពេញទៅអ្នកលឿង)បានបើកមកបុកអ្នកបើកម៉ូតូឈ្មោះ បាត់ រដ្ឋានោះបន្ថែមទៀត  បណ្តាលឱ្យស្លាប់ឈ្មោះ បាត់ រដ្ឋា រីឯឈ្មោះ ម៉ក់ សេរីមករា រងរបួសធ្ងន់។  អ្នកបើកម៉ូតូឈ្មោះ ម៉ក់ សេរីមករា បានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យកក្នុងរាធានីភ្នំពេញ។ ចំណែករថយន្តបានបើករត់ទៅដល់ផ្សារគគីរទើបកម្លាំងសមត្ថកិតច្ចចាប់ឃាត់បានទាំងអ្នកបើកបរ។

ចំពោះម៉ូតូទាំងពីរសមត្ថកិច្ចបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីបន្តតាមនីតិវិធី។

ការសន្និដ្ឋានបឋម: អ្នកបើកបរម៉ូតូឈ្មោះ បាត់ រដ្ឋា បើកបរធ្វេសប្រហែស មិនប្រុងប្រយ័ត្ន មិនបានពិនិត្យគ្រប់ជ្រុងជ្រោយមុនពេលបើកឆ្លងកាត់ផ្លូវ ចូលចំណែកផ្លូវនៃរថយន្តដែលបើកមកពីទិសដៅផ្ទុយ។ អ្នកបើករថយន្តឈ្មោះ ស៊ា សុថុនា បើកគេចពីកន្លែងកើតហេតុ៕

ដោយ៖ ស្អាងជ័យ


ចែករំលែក៖