ព័ត៌មានទាន់ហេតុការណ៍៖

អភិបាល​ខេត្ត​កំពត​អញ្ជើញ​ចុះ​ពិនិត្យ​ ការងារ​រៀប​ចំ​សួនច្បារនិងឆ្នេរចន្លោះ ស្ពានថ្ម​និង​ស្ពាន​រថភ្លើង​ ក្នុង​សង្កាត់​កំពង់​បាយ​ ក្រុង​កំពត​

ចែករំលែក៖

ខេត្តកំពត៖ នៅរសៀលថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២៣នេះលោកបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពតបានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យ​ ការងារ​រៀប​ចំ​សួនច្បារនិងឆ្នេរចន្លោះ ស្ពានថ្ម​និង​ស្ពាន​រថភ្លើង​ ក្នុង​សង្កាត់​កំពង់​បាយ​ ក្រុង​កំពត​ និង​បាន​ណែនាំ​ឱ្យក្រុម​ការងារ​ដាក់​គ្រឿង​ចក្រ​បន្ថែម​ទៀត​ ធ្វើ​យ៉ាង​ណា​​កាយ​ដីស្អុយចេញពី​មាត់​ព្រែក​ និង​​បូម​ខ្សាច់​ដាក់​ចេញ​ជាឆ្នេរឱ្យបាន​រួច​រាល់​មុន​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​ខាង​មុខ​នេះ​ ។ 

សូមរំលឹកថា ក្រោមការដឹកនាំរបស់លោកម៉ៅ ធនិន ជាអភិបាលខេត្ត ក្នុងរយៈពេលត្រឹមតែជាងមួយឆ្នាំប៉ុណ្ណោះ ហេដ្ឋារចនាសម្ព័ន្ធ សួនច្បារ ផ្លូវបេតុងនិងផ្លូវធ្វើដំណើរនានាក្នុងខេត្តត្រូវបានស្ថាបនា និងកែលម្អពង្រឹងគុណភាពឡើងវិញ។ ជាមួយគ្នានេះឆ្នេរខ្សាច់កម្សាន្តចំនួន៣ទីតាំង បាននិងកំពុងលេចចេញជារូបរាងបណ្តើរៗសម្រាប់ទទួលភ្ញៀវទេសចរដែលមកសម្រាកកម្សាន្តក្នុងខេត្ត។

តាមប្រសាសន៍របស់់លោកបណ្ឌិតអភិបាលខេត្តបានឱ្យដឹងថា ចំពោះឆ្នេរខ្សាច់ដែលមានទីតាំងចន្លោះពីស្ពានថ្ម (ស្ពានព្រែកកំពង់បាយ) រហូតដល់ស្ពានដែក (ស្ពានរថភ្លើង) នឹងរៀបចំឱ្យបានមុនថ្ងៃចូលឆ្នាំខ្មែរខាងមុខ ដើម្បីអាចឱ្យភ្ញៀវទេចរមុជទឹកបាន។

បច្ចុប្បន្ននេះ លោកអភិបាលខេត្តបានចុះពិនិត្យដោយផ្ទាល់ជាញឹកញាប់ និងបានជំរុញអ្នកបច្ចេកទេស ព្រមទាំងក្រុមជាងពន្លឿនការស្ថាបនាឆ្នេរនេះឱ្យបានហើយរួចរាល់តាមកាលកំណត់៕

ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖