ព័ត៌មានទាន់ហេតុការណ៍៖

ទេសរដ្ឋមន្រ្តី លី ធុជ ៖ ២៤ កុម្ភៈ គឺជាថ្ងៃសម្តែងនូវការសោកស្តាយ ការអាណិតអាសូរ និងមានអារម្មណ៍ក្រៀមក្រំ ចំពោះការបាត់បង់ជីវិត ពិការភាព និងបែកបាក់គ្រួសារ ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម

ចែករំលែក៖

ខេត្តក្រចេះ ៖ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងនាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន លោក ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រារព្ធខួបលើកទី២៤ នៃទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ ក្រោមប្រធានបទ «យើងរួមគ្នាដើម្បីសហគមន៍គ្មានគ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះ» ប្រព្រឹត្តិទៅនៅវិមាន២ធ្នូ ដែលជាតំបន់ប្រវត្តិសាស្ត្រ នៃការបង្កើតចលនារណសិរ្សសាមគ្គីសង្គ្រោះជាតិ ឈានឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ 

ពិធីនេះ មានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន តំណាងប្រទេសម្ចាស់ជំនួយ តំណាងដៃគូអភិវឌ្ឍន៍ អង្គការជាតិ អន្តរជាតិ ប្រតិបត្តិករសកម្មភាពមីន អាជ្ញាធរដែនដី មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់។

ក្នុងឱកាសនោះ លោក ទេសរដ្ឋមន្រ្តី លី ធុជ បានពាំនាំនូវការសាកសួរសុខទុក្ខយ៉ាងកក់ក្តៅ និងនឹករលឹកជាទីបំផុតពីសំណាក់ សម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ផ្ញើជូនបងប្អូនប្រជាពលរដ្ឋខេត្តក្រចេះទាំងអស់ និងអង្គពិធីទាំងមូល។

លោក ទេសរដ្ឋមន្រ្តី បានលើកឡើងថា សារលិខិតរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ក្នុងឱកាសប្រារព្ធខួបលើកទី២៤ នៃទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ នេះ ពិតជាបានឆ្លុះបញ្ចាំងឲ្យឃើញកាន់តែច្បាស់អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ក៏ដូចជាការទប់ស្កាត់ និងកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសារមីន/គ្រាប់មិនទាន់ផ្ទុះនៅតាមសហគមន៍។

រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ម៉ឺងម៉ាត់បំផុត និងប្រកបដោយទស្សនវិស័យ របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានជំរុញឥតឈប់ឈរ ដល់កិច្ចខិតខំប្រឹងប្រែងនៅក្នុងសកម្មភាពមីន ព្រមទាំងបានដាក់ចេញនូវគោលដៅយ៉ាងច្បាស់លាស់ គឺ «កម្ពុជាមួយគ្មានមីនឆ្នាំ២០២៥» និងការដោះស្រាយហានិភ័យដែលនៅសេសសល់ពីសំណល់ជាតិផ្ទុះពីសង្រ្គាមក្រោយឆ្នាំ២០២៥ ដែលក្នុងនោះការដោះស្រាយផលប៉ះពាល់ដោយសារគ្រាប់បែកចង្កោម គឺជាការងារអាទិភាពទី២ដែលត្រូវដោះស្រាយ បន្ទាប់ពីការដោះស្រាយបញ្ហាមីន។

លោកទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់បន្ថែមថា កសកម្មភាពអប់រំកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម នៅតែជាកិច្ចការដ៏ចាំបាច់ និងដើរតួនាទីយ៉ាងសំខាន់ ក្នុងការកាត់បន្ថយគ្រោះថ្នាក់ និងផលប៉ះពាល់អវិជ្ជមាន ដោយសារគ្រឿងផ្ទុះទាំងនេះនៅតាមសហគមន៍ ដែលអាជ្ញាធរមីន សហការជាមួយប្រតិបត្តិករសកម្មភាពមីន និងភាគីពាក់ព័ន្ធ តែងតែយកចិត្តទុកដាក់ក្នុងលើកកម្ពស់ឲ្យប្រជាពលរដ្ឋយើងមានការយល់ដឹង និងមានការប្រុងប្រយ័ត្នខ្ពស់។

ដោយយល់ឃើញពីសារៈសំខាន់នេះ និងដើម្បីបន្តលើកកម្ពស់ការអប់រំស្តីពីគ្រោះថ្នាក់ដោយសារមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម តាមគ្រប់រូបភាព ទើបរាជរដ្ឋាភិបាលកម្ពុជារៀបចំឲ្យមាន ទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ ដែលបានប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ១៩៩៩ មក។ ថ្ងៃ២៤ កុម្ភៈ នេះជា

–  ថ្ងៃ ដែលយើងទាំងអស់គ្នា បានជួបជុំគ្នា ដើម្បីសម្តែងនូវការសោកស្តាយ ការអាណិតអាសូរ និងមានអារម្មណ៍ក្រៀមក្រំ ចំពោះការបាត់បង់ជីវិត ពិការភាព និងបែកបាក់គ្រួសារ ដែលបងប្អូនយើងបានរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា ក៏ដូចជានៅលើពិភពលោកទាំងមូល

–  ថ្ងៃ ដែលផ្តល់ការលើកទឹកចិត្តឲ្យយើងទាំងអស់គ្នា ធ្វើការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ឲ្យអស់ពីទឹកដីកម្ពុជា និងពិភពលោកទាំងមូល

–  ថ្ងៃ ដែលយើងមានការប្តូរផ្តាច់ និងតាំងចិត្តរួមគ្នា ក្នុងការប្រយុទ្ធប្រឆាំងគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម និង

–  ថ្ងៃ ដែលយើងសំណូមពរឲ្យបណ្តាប្រទេស ដែលផលិតគ្រាប់មីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្រ្គាម ឈប់ផលិត និងឈប់ប្រើប្រាស់ទៀត។

យើងទាំងអស់គ្នា ត្រូវរួមគ្នា ដើម្បីលប់បំបាត់ចោលឲ្យអស់នូវសោកនាដកម្មដ៏សែនឈឺចាប់ ដោយសារគ្រាប់មីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្រ្គាម ពីទឹកដីកម្ពុជា និងពិភពលោកទាំងមូល។ ការអប់រំកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះ គឺជាតួនាទីរបស់យើងទាំងអស់គ្នា៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖