ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំង​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ ពាក់ព័ន្ធ​ករណី​ចោរកម្ម​ និង​ទទួលផល​ចោរកម្ម​

ចែករំលែក៖

​ខេត្ត​ព្រះ​សីហ​នុ​៖​ ជនសង្ស័យ​ចំនួន​ ០២នាក់​ ពាក់ព័ន្ធ​ករណី​ចោរកម្ម​ និង​ទទួលផល​ចោរកម្ម​ ត្រូវ​បានកម្លាំងនគរបាលជំនាញ​​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ ចុះ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ យកមកសាកសួរ​ ដេីម្បីចាត់ការតាមច្បាប់​ និងត្រៀមខ្លួនបញ្ជូនទៅកាន់​សាលាដំបូងខេត្ត​ព្រះសីហនុ​។ នេះបេី​តាម​ប្រភពព័ត៌មាន​ពី​របាយការណ៍​របស់​អគ្គស្នងការ​ដ្ឋាន​នគរបាលជាតិ​ បានឱ្យដឹងនៅព្រឹកថ្ងៃសៅរ៍ទី​២៥​ ខែកុម្ភៈ​ ឆ្នាំ​២០២៣។ 

ប្រភពដដែលបន្តថា​ យោង​តាម​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ បានឱ្យដឹងថា​ កាលពីយប់ថ្ងៃ​ទី​២៣​ ខែកុម្ភៈ​ ឆ្នាំ​២០២៣​ វេលា​ម៉ោង​ប្រហែល​១៩​និង​៣០​នាទី​ មាន​ប្រជាពលរដ្ឋ​រាយការណ៍​មក​ថា​ មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​លួច​ម៉ូតូ​០១​គ្រឿង​ ម៉ាក​ Honda​ Dream​ ស៊េរី​២០១៤​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ 1E-1686​ នៅ​ចំណុច​ក្រុម​១៧​ ភូមិ​២​ សង្កាត់​៤​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ ។​

​បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ លោក​ឧត្តមសេនីយ៍ទោ​ ជួន​ ណា​រិ​ន្ទ​ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ បាន​ចាត់​ឱ្យ​កម្លាំង​ជំនាញ​នៃ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ ចុះ​ធ្វើការ​ស្រាវជ្រាវ​ រហូត​ដល់​វេលា​ម៉ោង​០០​និង​៣០​នាទី​ ឈាន​ចូល​ថ្ងៃ​ទី​២៤​ ខែកុម្ភៈ​ ឆ្នាំ​២០២៣​ ក៏​ប្រទះ​ឃើញ​ជនសង្ស័យ​មាន​ភិនភាគ​ដូច​ក្នុង​កាមេរ៉ា​សុវត្ថិភាព​ នៅ​ចំណុច​ភូមិ​១​ សង្កាត់​២​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ ។​ 

​បន្ទាប់​ពី​ឃើញ​ជនសង្ស័យ​ សមត្ថកិច្ច​ក៏​ហៅ​មក​សាកសួរ​ ហើយ​ជនសង្ស័យ​ក៏​បាន​សារភាព​ថា​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ដូច​ខាងលើ​មែន​ ។​ ក្រោយ​ពី​ការ​សាកសួរ​ជនសង្ស័យ​ សមត្ថកិច្ច​ជំនាញ​បាន​បន្ត​ឃាត់ខ្លួន​ជន​ដែល​ទទួលផល​(​ប​ញ្ជាំ​)​ម្នាក់​ទៀត​ផង​ដែរ​ ។​ 

​ជន​រង​គ្រោះ​ឈ្មោះ​ ហ៊ូ​ រ៉ា​វុ​ធ​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ មុខរបរ​ជាង​ម៉ាស៊ីនត្រជាក់​ ស្នាក់​នៅ​ភូមិ​សំរុង​ ឃុំ​សំរុង​ ស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះ​សីហ​នុ​ ។​

​ជនសង្ស័យ​ឈ្មោះ​ ហុ​ក​ ស្រី​ណា​ ភេទ​ស្រី​ អាយុ​៤២​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​មិន​ពិតប្រាកដ​ មាន​ទីលំនៅ​ស្ថិត​ក្នុងភូមិ​១​ សង្កាត់​២​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ ។​ ចំណែក​អ្នក​ទទួលផល​(​បញ្ចាំ​)​ឈ្មោះ​ អឿ​ប​ ភារ​ម្យ​ ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​នៅ​ភូមិ​០២​ សង្កាត់​០២​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ ។​

​វត្ថុ​តាង​ដែល​ដកហូត​បាន​ ម៉ូតូ​១​គ្រឿង​ម៉ាក​ Honda​ Dream​ ស៊េរី​២០១៤​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​1E-1686​ ។​

​បច្ចុប្បន្ន​ ជនសង្ស័យ​ទាំង​០២​ និង​វត្ថុ​តាង​ខាងលើ​ ត្រូវ​បាន​នាំ​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ ដើម្បី​អនុវត្ត​តាម​នីតិវិធី​ ៕

ដោយ​៖សហការី​


ចែករំលែក៖