សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៧ ខែមីនា ឆ្នាំ២០២៣នេះបានផ្សាយថា មកទល់ពេលនេះមានមនុស្សចំនួន១៥នាក់បានស្លាប់ និងរាប់សិបនាក់ទៀតកំពុងបាត់ខ្លួន បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងនិងការរអិលបាក់ដីបានវាយប្រហារតំបន់ Natuna របស់ប្រទេសឥណ្ឌូណេស៉ី ស្ថិតនៅមាត់សមុទ្រចិនខាងត្បូង។
ក្រុមមន្ត្រីឥណ្ឌូណេស៉ីបាននិយាយថា ភូមិដែលរងគ្រោះដោយការរអិលបាក់ដីស្ថិតនៅតំបន់ដាច់ស្រយាលក្នុងតំបន់ណាទូណា នៃកោះរីអាអ៊ូ (Riau) រួមផ្សំដោយអាកាសធាតុមិនល្អនិងបណ្តាញទំនាក់ទំនងធ្លាក់ចុះ នាំឱ្យកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះមានភាពស្មុគស្មាញ។
ប្រធានទីភ្នាក់ងារជួយសង្រ្គោះប្រចាំនៅតំបន់ណាទូណា លោក Abdul Rahman បានប្រាប់ AFP ឱ្យដឹងថា មនុស្សចំនួន១៥នាក់ត្រូវបានបញ្ជាក់ថាស្លាប់ ចំណែកមនុស្សចំនួន៥០នាក់ទៀតកំពុងបាត់ខ្លួន។ អ្នកនាំពាក្យទីភ្នាក់ងារគ្រោះមហន្តរាយនៃកោះ Riau លោកស្រី Junainah បានគូសបញ្ជាក់ថា «អាកាសធាតុកំពុងផ្លាស់ប្តូរ ខ្យល់នៅតែបក់បោកខ្លាំង ហើយទឹកមានរលកខ្ពស់»។
ឥណ្ឌូណេស៉ីងាយរងគ្រោះដោយការបាក់ដីក្នុងរដូវវស្សា និងកាន់តែធ្ងន់ធ្ងរទៅនៅកន្លែងខ្លះដែលរងការកាប់បំផ្លាញព្រៃឈើ ហើយភ្លៀងធ្លាក់ខ្លាំងអូសបន្លាយបានបណ្តាលឲ្យមានទឹកជំនន់នៅតំបន់ផ្សេងៗគ្នានៃប្រទេសប្រជុំកោះមួយនេះ។ អ្នកជំនាញនិយាយថា គ្រោះមហន្តរាយធម្មជាតិនៅឥណ្ឌូណេស៉ី ប្រហែលកាន់តែអាក្រក់ទៅដោយសារកត្តាប្រែប្រួលអាកាសធាតុ៕ ដោយ៖ ធីរីណា
រូបថត ៖ AP