ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចបានចុះហត្ថលេខា ទៅលើការផ្ដល់ប្រាក់ឧបត្ថម្ភចំពោះស្ថានភាពដែលរោងចក្រត្រូវបានព្យួរ ដែលក្នុងនោះកម្មករប្រមាណ ៣២.០០០ នាក់

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា , កាលពីថ្ងៃទី០៦ ខែមីនា សម្ដេចបានចុះហត្ថលេខា ទៅលើការផ្ដល់ប្រាក់ឧបត្ថម្ភចំពោះស្ថានភាពដែលរោងចក្រត្រូវបានព្យួរ ដែលក្នុងនោះកម្មករប្រមាណ ៣២.០០០ នាក់ ក្នុងនោះមានស្រ្ដី ២៦០០០ នាក់ នឹង ទទួលបានប្រាក់ឧបត្ថម្ភដូចអំឡុងសម័យកាលកូវីដ-១៩ដែរ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា គណៈរដ្ឋមន្ត្រីអាណត្តិទី៧ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋមន្ត្រីក្រសួងកិច្ចការនារី នឹងមិនត្រូវផ្លាស់ប្តូរឡើយ។

សម្តេចតេជោ បានប្រកាសថា យោងតាមការស្ទង់មតិដោយឯករាជ្យមួយបានបញ្ជាក់ថា អត្រារបស់ស្ត្រីគាំទ្រសម្តេចតេជោ ហ៊ុន សែន មានចំនួនច្រើនជាងបុរស។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសជាថ្មីថា «ជួយស្ត្រី គឺជួយខ្លួនឯង»។ ជួយប្រពន្ធ ជួយបងស្រី ជួយប្អូនស្រី ជួយកូនស្ត្រី និងជួយស្ត្រីឯទៀត គឺជួយខ្លួនឯង។ 

៊សូមបញ្ជាក់ថា, សម្តេចតេជោ ហ៊ុន សែន ទន្លាយអាថ៍កំបាំងពីចំនួនបេក្ខភាពដែលស្រលាញ់ ចូលចិត្ត គាំទ្រសម្តេចតេជោ តាមរយៈការស្ទង់មតិប្រជាជន ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងទន្លាយអាថ៍កំបាំងមួយតាមការស្ទង់មតិជាញឹកញាប់ ដោយការស្ទង់មតិនោះយកត្រឹម៣ដង ចុងក្រោយ គិតចាប់ពីខែមករា ខែតុលា ឆ្នាំ២០២២ និងខែមករា ឆ្នាំ២០២៣ ចំនួនអ្នកចូលចិត្តសម្តេចតេជោ ហ៊ុន សែន បានបង្ហាញឱ្យឃើញថា អត្រាចំនួនអ្នកគាំទ្រ គឺជាស្ត្រី មានចំនួនច្រើនជាងបុរស។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធពិធី អបអរសាទរទិវានារីអន្តរជាតិ ៨មីនា លើកទី១១២ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះស្ត្រីទាំងអស់ ដែលបានចុចគាំទ្រ ស្រលាញ់ចូលចិត្ត រហូតដល់មានចំនួនច្រើន និងតែងតែធ្វើមុនពេលបោះឆ្នោតឈានចូលមកដល់ ហើយកម្មវិធីនេះមិនមែនជាជនជាតិខ្មែរជាអ្នកធ្វើនោះទេ គឺក្រុមឯកទេសមកពីក្រៅប្រទេសជាធ្វើកម្មវិធីវាស់ស្ទង់មតិមួយនេះ។ 

នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន ថ្លែងបញ្ជាក់ថា ហេតុអ្វីបានជាស្ត្រីចុចចូលចិត្តគាំទ្រ សម្តេចតេជោ ហ៊ុន សែន? ការគាំទ្រនេះមិនមែនមកពីភាពសង្ហានោះទេ មូលហេតុមកពីស្ត្រីទទួលបានផលប្រយោជន៍ច្រើនពីសុខសន្តិភាព ជាមួយនឹងការអភិវឌ្ឍដែលសម្តេចតេជោ បានដឹកនាំប្រទេសក្នុងរយៈពេលនាពេលកន្លងទៅ។ នៅក្នុងពេលសង្គ្រាម ស្ត្រីមានភាពឈឺចាប់ជាងគេ ទោះបីស្ត្រីមិនបានចូលរួមប្រយុទ្ធក្នុងសមរភូមិប្រយុទ្ធក៏ដោយ ប៉ុន្តែស្ត្រីបានលះបង់ប្តី កូន បង ប្អូនអោយទៅធ្វើកងទ័ព ។ ស្ត្រីរងទុក្ខវេទនាច្រើនពេកហើយ ដោយសារសង្គ្រាម ដូច្នេះក្រោយពេលបញ្ចប់សង្គ្រាម ស្ត្រីបានទទួលផលប្រយោជន៍យ៉ាងធំក្រោមម្លប់សុខសន្តិភាព៕

ដោយ ៖ សិលា


ចែករំលែក៖