ភ្នំពេញ ៖ កម្លាំងនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ សហការជាមួយនគរបាលប៉ុស្ដិ៍រដ្ឋបាលព្រៃស បានធ្វេីការឃាត់ខ្លួនជនសង្ស័យសរុប០៦នាក់ក្នុងចំណោមបក្ខពួក០៧នាក់ នាព្រឹកថ្ងៃអង្គារ ទី០៧ ខែមីនា ឆ្នាំ២០២៣នេះ បន្ទាប់ពីក្រុមនេះធ្វេីសកម្មភាពប្រេីកាំបិត និងដុំថ្ម គប់និងកាប់ទៅលេីបុរសពីរនាក់ឱ្យរងរបួសធ្ងន់កាលពីយប់ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ។
ជនសង្ស័យទាំង០៦នាក់ខាងលេីនេះ សមត្ថកិច្ចនៅមិនទាន់បញ្ចាក់ពីអត្តសញ្ញាណនៅឡេីយទេ ខណៈកំពុងតាមស្រាវជ្រាវរកបក្ខពួកម្នាក់ទៀតដែលកំពុងរត់គេចខ្លួន ។
លោកវរសេនីយ៍ទោ ជាង ហុកសែ អធិការរងទទួលផែនព្រហ្មទណ្ឌខណ្ឌដង្កោបានបញ្ចាក់ប្រាប់ថា នៅយប់ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣ មានបុរសរងគ្រោះ០២នាក់ ត្រូវបានជនសង្ស័យមួយក្រុមមានគ្នា០៧នាក់ ប្រដាប់ដោយកាំបិត និងដុំថ្ម ធ្វេីសកម្មភាពគប់និងកាប់ បណ្ដាលឱ្យរងរបួសធ្ងន់ ហេីយត្រូវបានបងប្អូនប្រជាពលរដ្ឋដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ។
ក្រោយពីទទួលបានពាក្យបណ្ដឹងពីក្រុមគ្រួសារជនរងគ្រោះ និងក្រោមការបញ្ចាផ្ទាល់ពីលោកវរសេនីយ៍ឯក ជឹម សុីថា អធិការនគរបាលខណ្ឌដង្កោ លោកអធិការរងទទួលផែនព្រហ្មទណ្ឌខណ្ឌដង្កោបានដឹកនាំកម្លាំងជំនាញធ្វេីការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យបាន០៦នាក់ជាបន្តបន្ទាប់នៅថ្ងៃទី៦ និងទី៧ មីនា ២០២៣នេះ ខណៈដែលបក្ខពួកម្នាក់ទៀតដឹងខ្លួនរត់គេចខ្លួនបាត់ស្រមោល ។
បច្ចុប្បន្ននេះ ជនសង្ស័យ០៦នាក់និងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញបញ្ចូនទៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដេីម្បីកសាងសំណុំរឿងបញ្ចូនទៅតុលាការ ចាត់ការតាមច្បាប់ ៕
ដោយ ៖ ភារ៉ា ដង្កោ