ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ផ្សេងគ្នាពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ យោងតាមរបាយការណ៍នគរបាលនៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ នាព្រឹកថ្ងៃពុធ ២រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ បានទទួលពាក្យបណ្ដឹងរបស់ឈ្មោះ រស់ សុភា ភេទស្រី អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិ-ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ពីបទៈ រំលោភសេពសន្ថវៈ ។

    ក្នុងរបាយការណ៍មន្ត្រីនគរបាលនោះ ម្ចាស់ពាក្យបណ្ដឹង(រស់ សុភា)ប្ដឹងឈ្មោះ មាស សំណាង ហៅបារាំង ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រៃស្មាច់ ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់(ត្រូវជាប្អូនថ្លៃរបស់ខ្លួន)ថា កាលពីវេលាទៀបភ្លឺឈានចូលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ប្អូនថ្លៃ(មាស សំណាង)នេះ បានជិះម៉ូតូមកហែកជញ្ជាំងក្ដារផ្ទះរបស់នាងចូលក្នុងបន្ទប់ ចាប់បង្ខំរំលោភបានសម្រេចថែមទាំងគំរាមច្របាច់កសម្លាប់ ខណៈដែលជញ្ជាំងក្ដារផ្ទះរបស់នាងមានប្រហោងនិងដេកក្នុងបន្ទប់ម្នាក់ឯង ។

     គួររំលឹកផងដែរថា បើយោងតាមរបាយការណ៍នគរបាលនៃអធិការដ្ឋាននគរបាលស្រុកក្រគរឯណេះវិញ ក៏មានករណីរំលោភសេពសន្ថវៈមួយកើតឡើងផងដែរ ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ ផាត់ វ៉ិត ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិទួលត្បែង ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានធ្វើសកម្មភាពចាប់បង្ខំរំលោភក្មេងស្រីបានសម្រេចច្រើនដងដល់ទៅចំនួន១១ដង ខណៈដែលនាងរស់នៅជាមួយឪពុក ឯស្រ្តីជាម្ដាយរវល់ទៅធ្វើការនៅឆ្ងាយ ។

    របាយការណ៍ដដែលបានបញ្ជាក់ថា ក្មេងស្រីរងគ្រោះឈ្មោះ ខ ស.ខ អាយុ ៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ.ឃុំជាមួយគ្នា។ យោងតាមកំណត់ហេតុបណ្ដឹងស្រ្តីជាម្ដាយឈ្មោះ ទួន ឃីម អាយុ ៣៦ឆ្នាំបាននិយាយថា ខ្លួនបានទៅធ្វើការងារនៅរាជធានីភ្នំពេញ ដោយទុកកូនស្រីឲ្យប្ដីមើលថែរយៈពេល២-៣ខែហើយ ហើយខ្លួនមានការតក់ស្លុតជាពន់ពេក បន្ទាប់ទទួលបានព័ត៌មានបែបនេះ។ 

    ជនសង្ស័យ(ផាត់ វ៉ិត)បានសារភាពថាខ្លួនពិតជាបានចាប់រំលោភជនរងគ្រោះប្រាកដមែន ដោយនៅផ្ទះខ្លួន៦ដង នៅផ្ទះកុមារីរងគ្រោះ៤ដង ហើយចុងក្រោយនៅផ្ទះអ្នកក្បែរខាង ហើយនៅពេលធ្វើសកម្មភាពម្ដងៗខ្លួនតែងតែគំរាមមិនឱ្យប្រាប់ឪពុកម្ដាយទេ បើពុំដូច្នោះទេខ្លួននឹងសម្លាប់ចោល ៕

ដោយ៖ ប៉ឹម ពិន


ចែករំលែក៖