ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេសចិនជំរុញឱ្យមានការស៊ើបអង្កេតលើប្រភពដើមនៃ Covid-19 នៅសហរដ្ឋអាមេរិក

ចែករំលែក៖

ថ្មីៗនេះ អគ្គនាយកអង្គការសុខភាពពិភពលោក WHO លោក Tedros Adhanom Ghebreyesus បានអំពាវនាវដល់ប្រទេសចិននិងប្រទេសដទៃទៀតឱ្យមាន “តម្លាភាពក្នុងការចែករំលែកទិន្នន័យ” ទាក់ទងនឹងប្រភពដើមនៃ Covid-19 ។
នៅថ្ងៃបន្ទាប់ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Mao Ning បានអះអាងថា ទីក្រុងប៉េកាំងបាន “ចែករំលែកទិន្នន័យនិងលទ្ធផលស្រាវជ្រាវច្រើនជាងប្រទេសដទៃទៀត។ ក្នុងពេលជាមួយគ្នានេះ លោកស្រី Mao ក៏បានចោទប្រកាន់ថា រដ្ឋាភិបាលសហរដ្ឋអាមេរិកបានរារាំងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិនដោយ “ការធ្វើនយោបាយលើបញ្ហានេះ” ដោយរំពឹងថា WHO នឹងប្រកាន់ជំហរផ្អែកលើវិទ្យាសាស្ត្រ វត្ថុបំណង និងយុត្តិធម៌ មិនមែនធ្វើនយោបាយរារាំង និងធ្វើការស៊ើបអង្កេតលើប្រភពដើមនៃជំងឺរាតត្បាតនៅសហរដ្ឋអាមេរិកដោយដើរតួនាទីយ៉ាងសកម្មក្នុងការតាមដានជំងឺសកលតាមបែបវិទ្យាសាស្ត្រ។
អ្នកនាំពាក្យក្រសួងការបរទេសចិនក៏បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនពី “ការផ្សព្វផ្សាយទេវកថា”ដោយគ្មានភស្តុតាងគាំទ្រ” ដោយនិយាយថា ការចោទប្រកាន់នេះគឺមានគោលបំណងបំភាន់ការស៊ើបអង្កេតជាសកលទៅលើប្រភពដើមនៃជំងឺរាតត្បាតដោយផ្អែកលើមូលដ្ឋានវិទ្យាសាស្ត្រ។
Covid-19 បានផ្ទុះឡើងនៅចុងឆ្នាំ ២០១៩ ជាមួយនឹងករណីដំបូងដែលត្រូវបានកត់ត្រានៅក្នុងទីក្រុង Wuhan ប្រទេសចិន។ រហូតមកដល់សព្វថ្ងៃនេះប្រភពដើមនៃជំងឺរាតត្បាតនៅតែមានភាពចម្រូងចម្រាស។ អង្គការសុខភាពពិភពលោកបានស្នើសម្មតិកម្មចំនួនបួន។ សម្មតិកម្មដែលទំនងបំផុតគឺថា មេរោគត្រូវបានចម្លងទៅមនុស្សពីសត្វព្រៃដែលត្រូវបានចាប់ និងចិញ្ចឹមនៅក្នុងកសិដ្ឋានមួយ។ ទ្រឹស្ដីមួយទៀតដែលត្រូវបានគេវាយតម្លៃថា “ទំនង” គឺថា មេរោគត្រូវបានចម្លងពីសត្វដែលផ្ទុកមេរោគ Corona ស្រដៀងនឹងប្រចៀវ ឬសត្វពង្រូល។ ទន្ទឹមនឹងនេះ ទ្រឹស្តីដែលថាមេរោគឆ្លងតាមរយៈអាហារកកគឺ “ទំនងជាតិចជាង” ហើយទ្រឹស្តីដែលថាមេរោគបានរត់ចេញពីមន្ទីរពិសោធន៍គឺ “មិនទំនងទាល់តែសោះ” ៕

ដោយ៖ ធីរីណា(រូប​ថត​ ៖ TTXVN-VNA)


ចែករំលែក៖