ខេត្តស្វាយរៀង៖ លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង តំណាងលោក ម៉ែន វិបុល អភិបាលខេត្ត នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ បានដឹកនាំកម្លាំងចម្រុះចុះអនុវត្ត ស.ជ.ណ របស់រដ្ឋបាលខេត្តដែលធ្លាប់បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋដែលបានចូលកាប់រាន.ឈូសឆាយ.ហ៊ុមព័ទ្ធរបង និងដាំដំណាំអាស្រ័យផលលើដីរបស់ស្ថានីយផ្សព្វផ្សាយនិងស្ដារព្រៃឈើក្រសាំង ស្ថិតក្នុងស្រុករមាសហែក ខេត្តស្វាយរៀង ដែលនាពេលកន្លងមកទីតាំងដីព្រៃឈើនេះត្រូវបានប្រជាពលរដ្ឋចុះកាប់រុករាន ដាំចេក និងសង់តូបនៅលើដីព្រៃកូនឈើរបស់រដ្ឋ ព្រមទាំងបានមករារាំងគ្រឿងចក្ររបស់ក្រុមហ៊ុនក្នុងការឈូសឆាយព្រៃដាំកូនឈើឡើងវិញក្នុងភូមិសាស្ត្រខាងជើងភូមិបុស្ស ឃុំត្រស់ និងឃុំអណ្តូងត្របែក ស្រុករមាសហែក។
ពិធីនេះក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់លោក ឈីវ អ៉ិចគង់ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត លោក ហម សារ៉ាវុធ អនុប្រធានរដ្ឋបាលព្រៃឈើ លោកអនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត លោកស៊ូ ម៉ុលអភិបាលស្រុក លោកអភិបាលរងស្រុក រួមនឹងមន្ត្រីដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។
ក្នុងឱកាសនោះលោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក៏បានធ្វើការសម្របសម្រួលជាមួយប្រជាពលរដ្ឋឱ្យអស់ពីលទ្ធភាពដោយព្យាយាមដោះស្រាយបញ្ហាដីធ្លីនេះជាលក្ខណ:ក្រៅប្រព័ន្ធតុលាការ។
ចំពោះថ្ងៃនេះក្នុងនាមរដ្ឋបាលខេត្ត លោកសូមចុះអនុវត្តប្រកាសសេចក្តីសម្រេចលេខ០២៨/២៣ ស.ជ.ណ ចុះថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២៣ ស្ដីពីការបញ្ឈប់ការកាប់រាន.ឈូសឆាយ.ហ៊ុមព័ទ្ធរបង និងដាំដំណាំអាស្រ័យផលលើដីរបស់ស្ថានីយផ្សព្វផ្សាយនិងស្ដារព្រៃឈើក្រសាំង ស្ថិតក្នុងស្រុករមាសហែក ខេត្តស្វាយរៀង យោងសេចក្តីសម្រេចលេខ ០២៦ គជដព ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ របស់គណៈកម្មាធិការជាតិដើម្បីទប់ស្កាត់លុបបំបាត់ និងបង្ក្រាបការកាប់រាន ដុត ឈូសឆាយនិងហ៊ុមព័ទ្ធដីព្រៃឈើដើម្បីវាតយកដីធ្វើជាកម្មសិទ្ធិ និងរបាយការណ៍លេខ ០១៦/២៣ របកចុះថ្ងៃទី ១៤ ខែកុម្ភៈឆ្នាំ ២០២៣ របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តជ្រាបថា: ទីតាំងដីស្ថានីយផ្សព្វផ្សាយនិងស្ដារព្រៃឈើក្រសាំងនេះ គឺជាដីសាធារណៈរបស់រដ្ឋ ស្ថិតក្រោមការគ្រប់គ្រងរបស់ខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្វាយរៀង។ ចំពោះសកម្មភាពនៃការចូលកាប់រាន.ឈូសឆាយហ៊ុមព័ទ្ធរបងនិងដាំដំណាំអាស្រ័យផលលើដីខាងលើនេះ គឺជាការចូលកាន់កាប់ដីរដ្ឋដោយខុសច្បាប់ ដែលអាចនឹងត្រូវទទួលទោសដូចមានចែងកំណត់នៅក្នុងច្បាប់ភូមិបាលច្បាប់ស្ដីពីព្រៃឈើនិងច្បាប់ជាធរមានផ្សេងៗទៀត។
ក្នុងករណីផុតថ្ងៃកំណត់បងប្អូនមិនទាន់រើរបង និងចាកចេញពីទីតាំងដីខាងលើរដ្ឋបាលខេត្តនឹងចាត់វិធានការរដ្ឋបាលចុះធ្វើការរុះរើដោយមិនទទួលខុសត្រូវលើការខូចខាត ឬបាត់បង់ទ្រព្យសម្បត្តិរបស់បងប្អូនឡើយ។
សូមបញ្ជាក់ផងដែរថា: តាមការចុះពិនិត្យលើសំណុំរឿងនេះជាញឹកញាប់យើងរកឃើញមូលហេតុដែលនាំឱ្យប្រជាពលរដ្ឋនៅភូមិត្រពាំងស្មាច់ ឃុំអណ្ដូងត្របែក, ភូមិបុស្ស ឃុំត្រស់ បាននាំគ្នាទៅកាប់ឆ្ការដាំដុះដំឡូង កៅស៊ូចាប់យកដីចម្ការព្រៃឈើរបស់រដ្ឋ ដែលគ្រប់គ្រងដោយក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនៅឃុំត្រស់ ឃុំអណ្ដូងត្របែក បែបអនាធិបតេយ្យនេះគឺបណ្តាលមកពីប្រជាពលរដ្ឋជឿលើការញុះញង់របស់មេខ្យល់ដែលលើកយករឿងចាស់របស់ប្រជាពលរដ្ឋ៧៨គ្រួសារមកពាក់ព័ន្ធទៅនឹងដី ៤៧៦ហិកតា ដែលបានស្នើសុំទៅប្រមុខរាជរដ្ឋាភិបាលក្នុងឆ្នាំ២០១១ ប៉ុន្តែដីជាក់ស្ដែងមានតែ ១១៧ហិកតា តែប៉ុណ្ណោះ។
ចំណែកឯទំហំដី ១៦៣ហិកតា រដ្ឋាភិបាលស្នើសុំអនុបយោគឱ្យទៅជាដីសម្បទានសង្គមកិច្ចដើម្បីសាងសង់ផ្ទះជូនចូលនិវត្តន៍ ជនពលី និងគ្រួសារកងទ័ពអស់ហើយ។
បច្ចុប្បន្នមិនមានដីសម្រាប់ប្រគល់ជូនពួកគាត់បានទៀតទេ ហើយនាពេលកន្លងទៅថ្មីៗនេះ ក្រុមការងារទាំងមូលក៏ធ្លាប់បានបញ្ជាក់ប្រាប់ប្រជាពលរដ្ឋ ទាំង៧៨គ្រួសារឱ្យបញ្ឈប់ការទាមទារនិងចូលរុករានទន្ទ្រានដីសាធារណ:របស់រដ្ឋទៀតផងដែរ៕
ដោយ៖ សុថាន