ខេត្តកំពង់ស្ពឺ៖ យុវជនម្នាក់ ដែលជាមុខសញ្ញាបង្កការអុកឡុកក្នុងភូមិសាស្រ្ដស្រុកសំរោងទង ត្រូវបានកម្លាំងនគរបាលជំនាញ នៃស្នងការនគរបាលខេត្តកំពង់ស្ពឺ បានចុះស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនយកមកសាកសួរ ដេីម្បីចាត់ការតាមច្បាប់ ក្រោយការសំណូមពរពលរដ្ឋក្នុងផេកហ្វេសប៊ុកសម្ដេចក្រឡាហោម ស ខេង ឧបកនាយរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
តាមប្រភពព័ត៍មានពីផេកហ្វេសប៊ុកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី១៦ ខែមីនា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា កម្លាំងនគរបាលសហការជាមួយក្រុមប្រឹក្សាឃុំ មេភូមិ កាលពីម្សិលមិញនេះ បានពិនិត្យសមាសភាពដែលពលរដ្ឋសំណូមពរតាមរយៈផេកហ្វេសប៊ុក សម្តេចក្រឡាហោម ស ខេង កាលពីថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅ សូមគោរពសម្ដេច សូមជួយកូនចៅផង នៅភូមិទំនប់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានករណីអសន្តិសុខខ្លាំងណាស់ មានឈ្មោះសន រ៉ាត់(អាប៉ាក) ជាមនុស្សញៀនគ្រឿងញៀន ដើរអុកឡុកបង្កការភ័យខ្លាច ដល់អ្នកភូមិជាខ្លាំង ប៉ុន្ដែលោកមេប៉ុស្ដិ លោកអធិការ មិនមានចំណាត់ការសោះ”។
ជាក់ស្ដែងសមត្ថកិច្ចបានចុះដល់លំនៅឋានពិនិត្យស្រាប់តែ មុខសញ្ញា សន រ៉ាត់ ហៅប៉ាក ភេទប្រុស អាយុ២៩ឆ្នាំ នៅភូមិទំនប់ ឃុំសែនដី ស្រុកសំរោទង ខេត្តកំពង់ស្ពឺ បានធ្វើសកម្មភាពទាញស្នប់ដែក កាំបិតផ្គាក់ និងដែកបំពង់ទីប គំរាមកំហែងមកលើអាជ្ញាធរ មេភូមិ អាណាព្យាបាល និងសមត្ថកិច្ចនគរបាល យោងតាមសំណូមពរអាណាព្យាបាលស្នេីចាត់ការតាមច្បាប់ ដោយបញ្ជាក់ថាឈ្មោះ សន រ៉ាត់ ប្រើប្រាស់គ្រឿងញៀន បង្កអុកឡុកដល់ក្រុមគ្រួសារ និងប្រជាពលរដ្ឋក្នុងភូមិ ។
គួរបញ្ជាក់ថា បទល្មើសដែលបុគ្គលខាងលើបានប្រព្រឹត្ដនិងសំណូមពរសមត្ថកិច្ចបានឃាត់ខ្លួនសន រ៉ាត់ ហៅប៉ាក ដេីម្បីចំណាត់ការនីតិវិធីបន្ដ៕
ដោយ៖សហការី