ព័ត៌មានទាន់ហេតុការណ៍៖

អស់ពីបងដល់ប្អូន ហើយពេលនេះដល់កូនត្រកូលស៊ីណាវ៉ាត្រា កំពុងទទួលបានការគាំទ្រខ្ពស់ពីពលរដ្ឋថៃ

ចែករំលែក៖

ពលរដ្ឋថៃភាគច្រើននៅតែបន្តគាំទ្រដល់ការដឹកនំារបស់ត្រកូល ស៊ីណាវ៉ាត្រ តាំងពីលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា យីងឡាក់ស៊ីណាវ៉ាត្រា ហើយពេលនេះគឺកូនស្រីលោកថាក់ស៊ីន ដែលទើបតែមានអាយុ៣៦ឆ្នាំប៉ុណ្ណោះ កំពុងទទួលបានការគាំទ្រខ្ពស់ពីមហាជន ។
សារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៩ ខែមីនា ឆ្នាំ២០២៣ អ្នកនាង ផែថងថាន ស៉ីណាវ៉ាត្រា (Paetongtarn Shinawatra) ដែលជាកូនស្ត្រីពៅរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra) បាននាំមុខដាច់លើនាយករដ្ឋមន្ត្រីថៃបច្ចុប្បន្ន លោក បា្រយុទ្ធ ចាន់អូចា នៅក្នុងការស្ទង់មតិថ្មីមួយស្ដីពីជម្រើសកំពូលសម្រាប់តំណែងជានាយករដ្ឋមន្ត្រី។
វិទ្យាស្ថានជាតិអភិវឌ្ឍន៍រដ្ឋបាល NIDA ជាអ្នកដឹកនាំការស្ទង់មតិខាងលើបានឱ្យដឹងទៀតថា អ្នកនាង ផែថងថាន នៅតែបន្តជាជម្រើសកំពូលក្នុងការកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីរបស់ថៃ សម្រាប់ អ្នកចូលរួមស្ទង់មតិជាង ២,០០០នាក់ ដោយអ្នកនាងទទួលបានសំឡេងគាំទ្រ ៣៨.២ភាគរយ។ អត្រាគាំទ្រនេះមានការកើនឡើង ធៀបទៅនឹងការស្ទង់មតិកាលពីខែធ្នូ ឆ្នាំ២០២២ ដែលអ្នកនាងទទួលបានសំឡេងគាំទ្រ ៣៤ភាគរយ។ ចំណែកឯលោក ប្រាយុទ្ធ ចាន់អូចា វិញ ទទួលបានសំឡេងគាំទ្រ ១៥.៤ភាគរយ តែនេះជាអត្រាកើនឡើងបើធៀបទៅនឹងការស្ទង់មតិកាលពីខែធ្នូ ដោយលោកទទួលបាន ១៤ភាគរយ។
ការបោះឆ្នោតសកលនៅក្នុងប្រទេសថៃ ត្រូវបានគេរំពឹងថានឹងប្រព្រឹត្តទៅនៅខែឧសភាខាងមុខ ហើយកាលពីពេលថ្មីៗនេះ លោក ប្រាយុទ្ធ ផ្ទាល់ក៏បានប្រកាសដែរថាលោកបានត្រៀមក្រឹត្យមួយរួចជាស្រេច ដើម្បីរំលាយសភា ដោយនៅរង់ចាំតែការអនុម័តពីព្រះមហាក្សត្រថៃប៉ុណ្ណោះ។ ក្រឹត្យដែលលោកប្រាយុទ្ធលើកឡើងអាចនឹងចេញផ្សាយនៅថ្ងៃចន្ទស្អែកនេះ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ TTXVN – VNA

រូប​ថត​ ៖ Pheu Thai Party


ចែករំលែក៖