ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ស្ថានឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានបញ្ជាក់អោយដឹងថា, នាថ្ងៃទី២១ខែមីនា លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និង លោកនាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានអញ្ជើញចូលរួមពិធីសម្ពោធមជ្ឈមណ្ឌលហោះហើរអាកាសយានហាត់ត្រាប់អន្តរជាតិនៃសាកលវិទ្យាល័យឡានម៉េកម្ពុជា។ លោក Shi Weiwei នាយកការិយាល័យនយោបាយនៃស្ថានទូតចិន និង លោក Li Kun អគ្គនាយកនៃក្រុមហ៊ុនអាកាសចរណ៍ឡានម៉ីក៏មានវត្តមានក្នុងពីធីខាងលើផងដែរ។
លោកឯកអគ្គរដ្ឋទូតចិនមានប្រសាសន៍ថា កាលពីមិនយូរប៉ុន្មាន សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបំពេញទស្សនកិច្ចប្រកបដោយជោគជ័យនៅក្នុងប្រទេសចិន និងបានកំណត់កុងសុងស៊ីសសំខាន់ៗជាមួយលោកប្រធានាធិបតីចិន Xi Jinping ក្នុងនោះមានដូចជាការកសាងសហគមន៍វាសនារួមរវាងចិន-កម្ពុជាដែលមានគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់នៅក្នុងយុគសម័យថ្មី និងការកសាងក្របខណ្ឌកិច្ចសហប្រតិបត្តិការ”ត្បូងពេជ្រទាំង៦”រវាងចិន-កម្ពុជា។ វិស័យអាកាសចរណ៍ គឺជាផ្នែកមួយដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងប្រទេសទាំងពីរ ភាគីចិនរីករាយសហការជាមួយភាគីកម្ពុជាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ផ្តល់ការគាំទ្រដល់ការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់វិស័យអាកាសចរណ៍ជូនដល់កម្ពុជា ជំរុញការវិលត្រឡប់មកវិញឱ្យបានឆាប់រហ័សសម្រាប់ជើងហោះហើរត្រង់នៃប្រទេសទាំងពីរឱ្យដូចកាលមុនពេលផ្ទុះជំងឺកូវីដ ដែលជួយដល់កិច្ចសហប្រតិបត្តិការទេសចរណ៍និងទំនាក់ទំនងមនុស្សសាស្រ្តនៃប្រទេសទាំងពីរ។
លោកនាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ មានប្រសាសន៍ថា ឆ្នាំនេះ គឺជាខួបអនុស្សាវរីយ៍លើកទី៦៥នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជានិងចិន និងជា”ឆ្នាំមិត្តភាពកម្ពុជា-ចិន” ហើយក៏ជាខួបអនុស្សាវរីយ៍លើកទី១០នៃគំនិតផ្តួចផ្តើម”ខ្សែក្រវាត់និងផ្លូវ” ជឿជាក់ថា ទំនាក់ទំនងរវាងកម្ពុជានិងចិននឹងបន្តអភិវឌ្ឍឥតឈប់ឈរ ហើយកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងប្រទេសទាំងពីរនឹងផ្តល់ជាកម្លាំងសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅក្នុងប្រទេសកម្ពុជា ជាពិសេសគឺការអភិវឌ្ឍន៍វិស័យអាកាសចរណ៍នៅកម្ពុជា។ សង្ឃឹមថា សាកលវិទ្យាល័យឡានម៉េកម្ពុជានឹងបណ្តុះបណ្តាលធនធានមនុស្សផ្នែកជំនាញអាកាសចរណ៍នេះបន្ថែមទៀតសម្រាប់កម្ពុជា និងពង្រីកយ៉ាងសកម្មទៅកាន់ប្រទេសក្នុងតំបន់អាស៊ាន។
លោក Li Kun បានលើកឡើងថា សាកលវិទ្យាល័យឡានម៉េកម្ពុជាខិតខំប្រើប្រាស់មជ្ឈមណ្ឌលខាងលើនេះបង្កើតជាម៉ាកដែលមានលក្ខណៈពិសេសដូចជាមានការបណ្តុះបណ្តាលសុវត្ថិភាពពេញលេញបំផុត គុណភាពសេវាកម្មល្អបំផុត និងអត្រានៃការប្រើប្រាស់ហោះហើរហាត់ត្រាប់ខ្ពស់បំផុត។ ក្រោមការគាំទ្រនៃមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ សាកលវិទ្យាល័យឡានម៉េកម្ពុជានឹងបណ្តុះបណ្តាលធនធានមនុស្សផ្នែកជំនាញអាកាសចរណ៍បន្ថែមទៀតសម្រាប់ប្រទេសទាំង៥ដែលមានមេគង្គហូរកាត់ក្នុងនោះក៏រាប់បញ្ចូលទាំងប្រទេសកម្ពុជាផងដែរ ដើម្បីជាការរួមចំណែកដែលគួរមានក្នុងកិច្ចការជំរុញតភ្ជាប់ក្នុងតំបន់និងការអភិវឌ្ឍន៍យន្តការកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ៕
ដោយ ៖ សហការី