ភ្នំពេញ ៖ តណ្ហាពុះកញ្ជ្រោល ខ្វះសីលធម៌ គិតមិនដល់ថា ជាបទឧក្រិដ្ឋ ធ្វើឱ្យបុរសម្នាក់ក្លាយជាជនសង្ស័យ ប៉ងចាប់រំលោភ នៅក្នុងបន្ទប់ទឹក ។
សូមបញ្ជាក់ថា, មាននារីវ័យក្មេងម្នាក់ ត្រូវបានបុរសម្នាក់ បបួលផឹកស្រា រហូតស្រវឹង ហើយក៏តាមដល់ ក្នុងបន្ទប់ទឹក ធ្វើសកម្មភាពចាប់ស្រាត ខោអាវ ប៉ុនប៉ងចាប់រំលោភ ពេលដែលនាងស្រវឹង បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ២និង៤០ នាទី រំលងអធ្រាត្រ ឈានចូល ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ នៅចំណុច ក្នុងបន្ទប់ទឹក ក្បែរអាហារដ្ឋាន ពេលរាត្រី ស្ថិតក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន ។
ព័ត៌មានបឋម បញ្ជាក់ថា, នារីរងគ្រោះ មានអាយុ ១៦ឆ្នាំ មុខរបរ អ្នករត់តុ នៅហាងមួយកន្លែង បច្ចុប្បន្នស្នាក់នៅ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានី ភ្នំពេញ ។
ចំណែក បុរសសង្ស័យ មានឈ្មោះ លីន គឹមហុង អាយុ ៣១ឆ្នាំ មុខរបរ ជាងម៉ាស៊ីនត្រជាក់ រស់នៅបច្ចុប្បន្ន ផ្លូវបេតុង សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
បច្ចុប្បន្នត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ធ្វើការសាកសួរ តាមនីតិវិធី ដើម្បីបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ៕
ដោយ ៖ សហការី