ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តបុករបងផ្ទះប្រជាពលរដ្ឋស្លាប់អ្នកបើកបរម្នាក់និង៣នាក់ទៀតរបួសធ្ងន់

ចែករំលែក៖

ខេត្តកណ្ដាល៖ រថយន្តសាំយ៉ុងមួយគ្រឿងបើកបោះពួយយ៉ាងលឿនទាញចង្កូតបត់មិនទាន់ជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋពេញទំហឹងបណ្ដាលឱ្យអ្នកបើកបររថយន្តស្លាប់បាត់បង់ជីវិតភ្លាមៗ រីឯមនុស្ស៣នាក់ទៀតជាអ្នករួមដំណើររបួសធ្ងន់ ។

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង២១និង២៤នាទី នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ(27-28)ស្ថិតនៅភូមិទួលអំពិល ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្ដាល។

មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកបានឱ្យដឹងថា ជនរងគ្រោះស្លាប់បាត់បង់ជីវិតឈ្មោះ គង់ វាសនា ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល ជាអ្នកបើករថយន្តម៉ាក SSANGYONG  ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ2J-1003 មានអ្នករួមដំណើរចំនួន០៣នាក់ ១-ឈ្មោះ ឃៀន ភក្ដី ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅភូមិត្រពាំងស្រង៉ែ ឃុំខ្នាឆ្មា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ ២-ឈ្មោះ ខិ ឆៃ ភេទប្រុស អាយុ៣២ឆ្នាំ(មានទីនៅភូមិ-ឃុំ ជាមួយគ្នា) និងទី៣-ឈ្មោះ ខ្នា ភេទប្រុស អាយុ៣៥ឆ្នាំ(មានទីលំនៅភូមិ-ឃុំជាមួយគ្នា) ។

ប្រភពដដែលបន្តថា នៅវេលាម៉ោងថ្ងៃ ខែ ឆ្នាំ កើតហេតុខាងលើ គេបានឃើញរថយន្តមួយគ្រឿងម៉ាក SSANGYONG  ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង បើកក្នុងស្ថានភាពល្បឿនលឿន លុះបើកមកដល់ចំណុចកើតហេតុខាងលើ រថយន្តបានរេចង្កូតទៅបុករះមុខផ្ទះប្រជាពលរដ្ឋ ក៏ជ្រុលចង្កូតទៅបុករបងថ្មបន្ថែមទៀត បណ្ដាលឱ្យអ្នកបើកបរស្លាប់បាត់បង់ជីវិត រីឯ៣នាក់ទៀតជាអ្នករួមដំណើររងរបួសធ្ងន់ ។

ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះរងរបួសត្រូវបានបងប្អូនបញ្ចូនទៅព្យាបាលនៅមន្ទីពេទ្យបង្អែកស្រុកពញាឮ។  ចំណែកជនរងគ្រោះស្លាប់បាត់បង់ជីវិតត្រូវបាននគរបាលជំនាញប្រគល់ជូនបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ ស្អាងជ័យ


ចែករំលែក៖