ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី ហ៊ុន ម៉ាណា នាំយកអំណោយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់ជូនពលរដ្ឋខ្វះខាតជីវភាពចំនួន ៥៨៩គ្រួសារ នៅស្រុកសំរោងខេត្តតាកែវ

ចែករំលែក៖

ខេត្តតាកែវ ៖​ លោកស្រី ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ និងទូរទស្សន៍បាយ័ន នៅព្រឹកថ្ងៃសុក្រ ទី៣១ ខែមីនាឆ្នាំ២០២៣ បានអញ្ជើញដឹកនាំក្រុមការងារនាំយកនូវអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ដល់ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន៥៨៩គ្រួសារ មកពី១១ឃុំ ក្នុងស្រុកសំរោង ខេត្តតាកែវ។

ពិធីនេះបានធ្វើឡើងនៅទីធ្លាតារាងបាល់ទាត់ នៃសាលាបឋមសិក្សាបត់រការ ក្នុងភូមិថ្នល់ទទឹង ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមផងដែរ ពីលោក កេត ម៉ៅ អភិបាលស្រុកសំរោង និងមន្ត្រីឃុំមួយចំនួនទៀត។

បន្ទាប់ពីរបាយការណ៍ស្វាគមន៍របស់អភិបាលស្រុកសំរោងរួចមក លោកស្រី​ ហ៊ុន ម៉ាណា បានអញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខដល់លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានអញ្ជើញចូលរួមនៅថ្ងៃនេះ។ លោកស្រី​ ក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលលោកទាំងពីរ តែងតែគិតគូរអំពីសុខទុក្ខ លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ 

បន្ទាប់ពីសំណេះសំណាលរួចលោកស្រី​ ហ៊ុន​ ម៉ាណា​ និងក្រុមការងារក៏បានអញ្ជើញចែកនូវអំណោយរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតដោយផ្ទាល់ដៃជូនដល់លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋទាំង៥៨៩គ្រួសារ ក្នុងបរិយាកាសរីករាយបំផុត។

អំណោយដែលផ្ដល់ជូនប្រជាពលរដ្ឋនាពេលនេះ រួមមាន៖ អង្ករ ២៥គីឡូក្រាម,ថវិកា២ម៉ឺនរៀល,មីម៉ាម៉ា២កេះតូច,ត្រីខ២យួរ,ទឹកដោះគោ៤កំប៉ុង,មុង១,ភួយ១,ក្រមា១,ប្រេងកូឡា១ដប,ប្រេងខ្យល់១ដប,សាប៊ូដុំ១ដុំ,ស្បែកជើងផ្ទាត់១គូរ,ច្រាសនិងថ្នាំដុសធ្មេញ១ឈុត។

ជាមួយគ្នានោះ ក្រុមការងារក៏បាននាំយកនូវនំប៉័ងចែកជូនដល់លោកយាយ  លោកតា ប្រជាពលរដ្ឋដែលបានចូលរួម និងផ្ដល់កាតាបដែលមានសម្ភារៈសិក្សាជាច្រើនមុខ ចែកជូនដល់សិស្សានុសិស្សជាច្រើននាក់ផងដែរ៕

ដោយ​៖ ស​ តារា​


ចែករំលែក៖