ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា នៅល្ងាចថ្ងៃចន្ទទី៣ ខែមេសា ឆ្នាំ២០២៣នេះ បានថ្លែងប្រសាសន៍សំខាន់ៗ នាឱកាសអញ្ជើញជួបជុំសំណេះសំណាល និងទទួលទានអាហារសាមគ្គីជាមួយមហាគ្រួសារកីឡាកម្ពុជាប្រមាណសរុបចំនួន ៤២៦៤ នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន៖
សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា កម្ពុជាអាចរៀបចំស៊ីហ្គេមនៅឆ្នាំ២០២៣ នេះ គឺជាគុណបំណាច់របស់ព្រះករុណា ព្រះបរមរតនកោដ្ឋ សម្ដេចព្រះ នរោត្ដម សីហនុ ដែលបានចាប់ផ្ដើមរៀបចំប្រកួតជាលក្ខណៈអន្តរជាតិជាលើកដំបូងនៅកម្ពុជា គឺព្រឹត្តិការណ៍កីឡា GANEFO។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា កម្ពុជារង់ចាំ៦៤ឆ្នាំ ទើបសម្រេចចិត្តយកឆ្នាំ២០២៣នេះ សម្រាប់ជាឆ្នាំទទួលធ្វើជាម្ចាស់ផ្ទះរៀបចំប្រកួតស៊ីហ្គេម។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងអំពាវនាវ និងសុំការយោគយល់ពីប្រជាពលរដ្ឋនៅភ្នំពេញ ដែលត្រូវប្រឈមនឹងការកកស្ទះចរាចរណ៍ ក្នុងពេលអំឡុងនៃការប្រកួតស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនៅកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងឱ្យប្រជាពលរដ្ឋ និងភ្ញៀវបរទេស ដែលចូលទស្សនាស៊ីហ្គេម មិនត្រូវទទួល ការបង់ថ្លៃណាមួយឡើយ ហើយដើម្បីគ្រប់គ្រងសណ្ដាប់ធ្នាប់នៅកន្លែងប្រកួតឱ្យបានល្អ ដោយអ្នកចូលទស្សនាស៊ីហ្គេមទាំងអស់ នឹងទទួលបានសំបុត្រម្នាក់មួយសន្លឹក ដោយមិនមានគិតកម្រៃ ដើម្បីងាយស្រួលរកកន្លែងអង្គុយ និងច្រកសម្រាប់ចេញ-ចូល។
សម្ដេចតេជោ ហ៊ុន សែន ប្រកាសជំរុញឱ្យក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិក ពិនិ ត្យរៀបចំគោលនយោបាយសម្រាប់កីឡាករ ដែលចូលរួមប្រកួតហើយធ្លាក់ខ្លួនមានពិការភាព។
សូមជម្រាបជូនថា ក្នុងពិធីទទួលទានអាហារសាមគ្គីនាពេលនេះ ពិតជាមហាកិត្តិយសដ៏ឧត្តុង្គឧត្តមសម្រាប់មន្ត្រីកីឡា អាជ្ញាកណ្តាល-ចៅក្រម គ្រូបង្វឹក ព្រឹទ្ធាចារ្យកីឡា និងកីឡាករ កីឡាការិនី ដែលបានមកជួបជុំគ្នា និងមានភព្វសំណាងបានជួបផ្ទាល់ជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រី មុនពិធីបុណ្យចូលឆ្នាំថ្មី និងមុនពេលការប្រកួតកីឡា SEA Games-ASEAN Para Games ឆ្នាំ២០២៣ នឹងខិតជិតមកដល់នាពេលឆាប់ៗនេះ៕
ដោយ៖ស តារា