ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីជ្រើសរើសទាហានថ្មីបន្ថែម លោកពូទីនបង្កើតមូលនិធិពិសេសសម្រាប់ទាហាននិងគ្រួសារទាហាន

ចែករំលែក៖

ដើម្បីលើកទឹកចិត្តដល់យុវជនរុស្ស៊ីបម្រើកងទ័ពកាន់តែរឹងមាំនិងក្លាហាន ប្រធានាធិបតីពូទីនបានសម្រេចបង្កើតមូលនិធិសម្រាប់ទាហាននិងគ្រួសារទាហានដែលទៅធ្វើសង្គ្រាមនៅអ៊ុយក្រែន។
សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣ ខែមេសា ឆ្នាំ២០២៣នេះ ប្រធានាធិបតីរុស្ស៉ីលោក វ៉្លាឌីមៀរ ពូទីន បានចុះហត្ថលេខាលើក្រឹត្យដើម្បីបង្កើតមូលនិធិពិសេសមួយ សម្រាប់ផ្តល់ការជួយគាំទ្រដល់ កងទ័ពដែលចូលរួមប្រយុទ្ធក្នុងសង្រ្គាមនៅអ៊ុយក្រែន ហើយនិងគ្រួសាររបស់ពួកគេ។
យោងតាមសេចក្តីប្រកាសនៅលើវេបសាយរបស់រដ្ឋាភិបាលរុស្ស៉ី វិធានការគាំទ្រខាងលើមានគោលដៅជួយធានាឱ្យពលទាហាននានាដែលបានចូលរួមក្នុងសង្រ្គាមនៅអ៊ុយក្រែនក៏ដូចជាប្រពន្ធនិងកូនរបស់ពួកគេអាចមានជីវភាពរស់នៅមួយដែលសមរម្យ។ លោកពូទីន បានប្រកាសពីគម្រោងបង្កើតមូលនិធិនេះដំបូងនៅអំឡុងការថ្លែងសារនៅរដ្ឋសភារុស្ស៉ីកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ពោលគឺជិតគម្រប់ខួប១ឆ្នាំ បន្ទាប់ពីលោកបានបញ្ជូនកងទ័ពចូលឈ្លានពានអ៊ុយក្រែន។
កាលពីពេលនោះ លោកប្រធានាធិបតីរុស្ស៉ីបាននិយាយដូច្នេះថា «ភារកិច្ចរបស់យើងគឺត្រូវផ្តល់ការគាំទ្រដល់គ្រួសារដែលបានបាត់បង់មនុស្សជាទីស្រឡាញរបស់ពួកគេ ហើយជួយពួកគេចិញ្ចឹមបីបាច់កូន រួចផ្តល់ឱ្យកូនៗទាំងនោះនូវការអប់រំនិងការងារ។ មូលនិធិនេះនឹងនាំមកនូវការផ្តល់ជំនួយជ្រោមជ្រែងដិតដល់ជាងមុនចំពោះគ្រួសារនៃទាហានដែលបានបាត់បង់ជីវិតលើសមរភូមិ ព្រមទាំងចំពោះអតីតយុទ្ធជននៃប្រតិបត្តិការយោធាពិសេស (សង្រ្គាមនៅអ៊ុយក្រែន) ផ្ទាល់»។
រុស្ស៉ីកម្រផ្តល់ទិន្នន័យណាស់អំពីចំនួនកងទ័ពរបស់ខ្លួនដែលត្រូវប៉ាន់ប្រមាណថាបានបាត់បង់នៅក្នុងសង្រ្គាមអ៊ុយក្រែន។ យ៉ាងណាក្តី យោងតាមការប៉ាន់ស្មានរបស់អាមេរិក កាលពីខែកុម្ភៈឆ្នាំនេះគឺកងទ័ពរុស្ស៉ីដែលបានស្លាប់និងរបួស មានចំនួនក្បែរ២០០,០០០នាក់៕ ដោយ៖ធីរីណា

រូបថត៖ Reuters

រូប​ថត​ ៖ TTXVN


ចែករំលែក៖