ព័ត៌មានទាន់ហេតុការណ៍៖

ឧត្តមសេនីយ៍ឯក លន់ សុផាត អំពាវនាវឱ្យកងកម្លាំងនគរបាលជាតិ ខិតខំបង្កើនសមត្ថភាព បំប៉នជំនាញបន្ថែម ដើម្បីគ្រប់គ្រងសភាពការណ៍ ការពារសន្តិសុខសណ្ដាប់ធ្នាប់ នៅក្នុងប្រទេស

ចែករំលែក៖

ខេត្តកែប៖ លោកឧត្តមសេនីយ៍ឯក លន់ សុផាត អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានអញ្ជើញបិទកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំឆ្នាំ២០២២ របស់ស្នងការដ្ឋាននគរបាលខេត្តកែប និងផ្សព្វផ្សាយទិសដៅការងាររបស់ក្រសួងមហាផ្ទៃនិងអគ្គស្នងការដ្ឋាននគរបាលជាតិឆ្នាំ២០២៣​ កាលពីរសៀលថ្ងៃទី០៤ ខែមេសាម្សិលមិញ។ 

    លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារ័ត្ន ស្នងការនគរបាលខេត្តកែបបានលើកឡើងក្នុងរបាយការណ៍ពីលទ្ធផលការងាររបស់ស្នងការដ្ឋាននគរបាលខេត្ត ដែលសម្រេចបាននៅឆ្នាំ២០២២កន្លងទៅ និងបង្ហាញអំពីការប្ដេជ្ញាចិត្តមួយចំនួន សំដៅបន្ដការពារធានាដល់សន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខេត្ដ ពិសេសអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំ។

    ក្នុងឱកាសនោះ លោក សោម ពិសិដ្ឋ បានណែនាំឱ្យកងកម្លាំងប្រដាប់អាវុធ រក្សាឲ្យបាននូវសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពសង្គមឱ្យបានរឹងមាំ សម្រាប់បន្តអភិវឌ្ឍប្រទេសជាតិប្រកបដោយនិរន្តរភាព។ ត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមអោយបានគ្រប់ទីកន្លែងក្នុងភូមិសាស្រ្តខេត្តកែប។ ការងារនេះទាមទារឱ្យមានការអនុវត្តច្បាប់ ខិតខំលើកកម្ពស់សមត្ថភាព ជំនាញវិជ្ជាជីវៈ និងមានភាពស្មោះត្រង់ក្នុងការងារ លើកកម្ពស់ជាប្រចាំនូវមនសិការវិជ្ជាជីវៈ ដើម្បីរួមសហការគ្នាក្នុងការបង្ការទប់ស្កាត់បង្រ្កាបនិងប្រឹងប្រែងកាត់បន្ថយបទល្មើស ឱ្យបានថយចុះជាអតិបរមា។

   ទន្ទឹមនេះត្រូវខិតខំចលនាប្រជាជន ស្ថាប័នអង្គភាព និងអ្នកពាក់ព័ន្ធទាំងអស់ ឱ្យចូលរួមក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម តាមរយៈការកំណត់គោលនយោបាយភូមិឃុំ សង្កាត់មានសុវត្ថិភាពឱ្យបានជាប់ជាប្រចាំជាបន្តទៀត។

    ជាមួយគ្នានេះ បញ្ហាដែលជាការព្រួយបារម្ភនោះ គឺគ្រោះថ្នាក់ចរាចរណ៍ក្នុងសង្គមនៅតែមានការកើនឡើងជារៀងរាល់ឆ្នាំ សំខាន់គ្រោះថ្នាក់ចរាចរណ៍។ ដើម្បីដោះស្រាយបញ្ហាប្រឈម កម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់រួមគ្នា ពង្រឹងការអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ស្តីពីចរាចរណ៍ផ្លូវគោក ដែលកំពុងបង្កើនការអប់រំជាប្រចាំដល់សាធារណជនឱ្យកាន់តែមានការយល់ដឹង និងគោរពច្បាប់យ៉ាងខ្ជាប់ខ្ជួន។

    លោកបន្ថែមទៀតថា ត្រូវបន្តខិតខំស្រាវជ្រាវនិងសិក្សាឱ្យបានស៊ីជម្រៅការថ្នាំងថ្នាក់របស់ប្រជាពលរដ្ឋតាមករណីជាក់ស្តែងនីមួយៗ ដើម្បីមានគោលការណ៍និងវិធានការដោះស្រាយឱ្យបានសមស្របនិងទាន់ពេលវេលា។ ជាមួយគ្នានេះ ត្រូវបង្កើនវិធានការទប់ស្កាត់នូវការនេសាទខុសច្បាប់ បញ្ហាគ្រឿងញៀន ការគ្រប់គ្រងនិងអប់រំក្មេងទំនើងនៅគ្រប់ច្រកល្ហកក្នុងដែនដីសមត្ថកិច្ចទូទាំងខេត្ត ហើយបន្តខិតខំផ្តល់សេវាជូនពលរដ្ឋឱ្យបានឆាប់រហ័សមានតម្លាភាពនិងគណនីភាព ជាអាទិ៍ការងារអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ លិខិតគតិយុត្តិផ្សេងៗជាដើម។

    លោកអភិបាលខេត្តបានណែនាំជំរុញ និងពន្លឿនសកម្មភាពអនុវត្តន៍គម្រោងនានារបស់រដ្ឋបាលខេត្តដែលកំពុងអនុវត្ត។ ចំពោះមុខស្នងការនគរបាលខេត្ត បណ្តាអង្គភាពពាក់ព័ន្ធ ក្នុងយន្តការគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្រូវត្រៀមរៀបចំផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងដំណើរការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ និងពិធីបុណ្យសមុទ្រ ជុំទី៤ លើកទី១០ ដែលខេត្តកែបធ្វើជាម្ចាស់ផ្ទះ។

   នាឱកាសនោះ លោកឧត្តមសេនីយ៍ឯក លន់ សុផាត ក៏បានបង្ហាញនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអ្វីដែលស្នងការដ្ឋាននគរបាលខេត្តកែប សម្រេចបាននាពេលកន្លងទៅ និងគាំទ្រនូវអ្វីដែលជាការប្ដេជ្ញាចិត្តរបស់លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារ័ត្ន ស្នងការនគរបាលខេត្តកែប។

   លោកឧត្តមសេនីយ៍ឯកអគ្គស្នងការរង បានបញ្ជាក់ថា ទន្ទឹមនឹងលទ្ធផលល្អប្រសើរដូចខាងលើ សូមឱ្យកងកម្លាំងនគរបាលជាតិខិតខំបន្ថែមទៀតក្នុងការបង្កើនសមត្ថភាព បំប៉នជំនាញបន្ថែម និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយកម្លាំងពាក់ព័ន្ធដើម្បីគ្រប់គ្រងសភាពការណ៍ ការពារសន្តិសុខសណ្ដាប់ធ្នាប់នូវព្រឹត្តិការណ៍ធំៗ នៅក្នុងប្រទេស ដូចជាការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៧ និងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមជាដើមឱ្យសម្រេចបានលទ្ធផលល្អប្រសើរជាបន្តបន្ទាប់ទៀត។

   លោកឧត្តមសេនីយ៍ឯក លន់ សុផាត បានណែនាំឱ្យពង្រឹងសមត្ថភាពបន្ដជាប្រចាំ ប្រមូលផ្ដុំកម្លាំងនៅអង្គភាព ព្រមទាំងរក្សាសាមគ្គីភាពផ្ទៃក្នុង ព្រោះជោគជ័យកន្លងមកគឺកើតចេញពីការសាមគ្គីភាពរបស់គណៈស្នងការ និងមន្ដ្រីទាំងអស់៕

ដោយ៖សហការី


ចែករំលែក៖