ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យទាំង៤នាក់រួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូង នៅរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
កម្លាំងជំនាញអាវុធហត្ថប្រាប់ឱ្យដឹងថា នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស(ប្រើប្រាស់អាវុធខ្លី) ប្រព្រឹត្តកាលពីវេលាម៉ោង០៦និង១០នាទី ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣កន្លងទៅ នៅចំណុចរោងចក្រឌីស ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយយោងតាមពាក្យបណ្តឹងឈ្មោះ ហ៊ូ ណុច ភេទស្រី អាយុ៥៦ឆ្នាំ ត្រូវជាម្ដាយបង្កើតរបស់ជនរងគ្រោះ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ជនសង្ស័យទាំង៤នាក់ ១,ឈ្មោះ អឿន លីផេង (ហៅប៉ក់) ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូអនឡាញ បច្ចុប្បន្នស្នាក់នៅភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ២,ឈ្មោះ ស៊ីន លាភ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស ទីលំនៅបច្ចុប្បន្ន ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ៣,ឈ្មោះ ស៊ុន សុខុម (ហៅចិត្រ) ភេទប្រុស អាយុ២៤ឆ្នាំ ទីលំនៅបច្ចុប្បន្ន មណ្ឌល៣ ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ៤,ឈ្មោះ ឡុត សារី (ហៅរិទ្ធ) ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកម្មករ ទីលំនៅបច្ចុប្បន្ន ភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បន្តថា នៅវេលាកេីតហេតុជនសង្ស័យចំនួន០៣នាក់ បាននាំគ្នាជិះម៉ូតូ០១គ្រឿងម៉ាក ហុងដា ឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ1Y-1198 នាំគ្នាជិះដល់ចំណុចកើតហេតុខាងលើជនស្ស័យឈ្មោះ ស៊ុន សុខុម បានចុះពីលើម៉ូតូទិញបាយ ចំណែកបក្ខពួកបានជិះម៉ូតូបន្ត ពេលជិះហួសរោងចក្រឌីសប្រហែល២០ម៉ែត្រ បានជួបជាមួយជនរងគ្រោះឈ្មោះ អេង ស៊ីនឡាយ ភេទប្រុស អាយុ២០ឆ្នាំ ហើយមានជម្លោះគ្នាក្នុងពេលបើកបរតាមផ្លូវ ហើយជនរងគ្រោះពុំដឹងរឿង ក៏បើកម៉ូតូតាមផ្លូវធម្មតា បន្ទាប់មកជនសង្ស័យឈ្មោះ អឿន លីផេង និងឈ្មោះ ស៊ុន លាភ បានជិះម៉ូតូតាមជនរងគ្រោះ និងបានប្រេីកាំភ្លើងបាញ់ទៅលើជនរងគ្រោះ បណ្តាលឱ្យរងរបួស និងដួលម៉ូតូតែម្តង ក្រោយធ្វេីកសកម្មភាព ជនសង្ស័យនាំគ្នាជិះម៉ូតូគេចខ្លួន។
ក្រោយពីឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ កម្លាំងអាវុធហត្ថ បានដកហូតវត្ថុតាង កាំភ្លើងខ្លីម៉ាក M1911AI U.S.ARMY ចំនួន០១ដើម គ្រាប់កាំភ្លើង៩mm ចំនួន១៧គ្រាប់,គ្រាប់កាំភ្លើងខ្ជិប ចំនួន៣២គ្រាប់ និងសំបកគ្រាប់ ចំនួន០៤គ្រាប់ ដកហូតពីឈ្មោះ ឡុត សារី នាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីចាត់ការតាមនីតិវិធី។
បន្ទាប់ពីឃាត់ខ្លួននិងសួរចម្លេីយ ជនសង្ស័យទាំង៤នាក់ បានឆ្លេីយសារភាពថា ពួកគេពិតជាបានប្រព្រឹត្ត ប្រេីកាំភ្លើងបាញ់ទៅលើជនរងគ្រោះ បណ្តាលឱ្យរងរបួសពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាពជនសង្ស័យទាំង៤នាក់ រួមទាំងមានវត្ថុតាងផងនោះទើបកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ៕
ដោយ ៖ វណ្ណា