ខេត្តស្វាយរៀង ៖ បុរសជាជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយបានយកកាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះបណ្ដាលឱ្យរងរបួសធ្ងន់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៤៥នាទីយប់ ថ្ងៃទី១៣ខែមេសា ឆ្នាំ២០២៣ នៅចំណុចភូមិទួលអង្គ ឃុំគគីរសោម ស្រុកស្វាយទាប។
សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងនៅថ្ងៃទី១៤ខែមេសាឆ្នាំ២០២៣នេះថាជនសង្ស័យមានឈ្មោះ ឃុន ត្រុង អាយុ៥៩ឆ្នាំ មុខរបរកសិករ រស់នៅភូមិ ឃុំ កើតហេតុខាងលើ។
ចំណែកជនរងគ្រោះមាន ឈ្មោះ ឃុន ចន្នី អាយុ៣៥ឆ្នាំ មុខរបរកសិកររស់នៅភូមិ ឃុំ កើតហេតុខាងលើ បណ្ដាលឲ្យរបួសកដៃស្តាំ(របួសធ្ងន់)។
បើតាមចម្លើយរបស់ជនសង្ស័យបានប្រាប់សមត្ថកិច្ចថា មូលហេតុដែលធ្វើឱ្យខ្លួនប្រើហិង្សាបានយកកាំបិតផ្គាក់ កាប់របួសធ្ងន់បែបនេះដោយសារតែខ្លួនខឹងជនរងគ្រោះជំពាក់លុយខ្លួនមិនព្រមសង(៦០.០០០៛ថ្លៃទិញក្បាលគោ)។
បច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។
ចំណែកជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំគគីរសោមដើម្បីចាត់ការបន្តតាមច្បាប់ ៕
ដោយ៖ សុថាន