ខេត្តសៀមរាប ៖ នៅព្រឹក ថ្ងៃសុក្រ ខែមេសា នេះ បន្ទាប់ពីពិធីបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៣ រួចហើយនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញទស្សនា គម្រោង«ភូមិខ្ញុំ» ក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ដែលរៀបចំឡើងនៅខាងជើងប្រាសាទបាយ័ន។
គម្រោង«ភូមិខ្ញុំ» បាននាំយកនូវទស្សនីភាបធំៗចំនួន៨ មកបង្ហាញជូនភ្ញៀវជាតិ និងអន្តរជាតិបានទស្សនា ក្នុងនោះរួមមាន៖
ទី១) ផ្ទះមរតកដូនតា, ទី២)ផ្ទះនំខ្មែរ, ទី៣)សាលាឆទាន, ទី៤)ផ្សារខ្មែរ, ទី៥)ឆាកធំ, ទី៦)រោង DJ, ទី៧)វត្ថុយក្ស និងទី៨)រោងសិប្បកម្ម។ គម្រោងទាំងអស់នេះ ត្រូវបើកទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យចូលទស្សនានៅថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនាថ្ងៃទី១៤-១៥-១៦ ខែមេសា នេះក្នុងព្រឹត្តិការណ៍អង្គរសង្គ្រាន្តផងដែរ។
ការដាក់បង្ហាញនូវគម្រោងធំៗខាងលើនេះជាការលើកតម្កើនដល់វប្បធម៌ខ្មែរ ជាពិសេសជួយដល់សេដ្ឋកិច្ចបងប្អូន ដែលរស់នៅខេត្តសៀមរាបនេះបន្ថែមទៀត មិនត្រឹមតែប៉ុណ្ណោះជួយថែរក្សាទំនៀមទម្លាប់ខ្មែរយើង និងផ្តល់ឱកាសឱ្យមហាគ្រួសារខ្មែរទាំងមូលបានចូលឆ្នាំជួបជុំគ្នា សប្បាយជាមួយភ្ញៀវទេសចរជាតិ និងអន្តរជាតិថែមទៀតផង៕
ដោយ ៖ សិលា