ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ ក្រុមឧក្រិដ្ឋជន ដែលចាប់បង្ខាំងជនជាតិចិន ជំរិតទារប្រាក់រហូតដល់១០លានដុល្លារ នៅអគារស្កាយវីឡាត្រូវបានបញ្ជូនទៅកាន់តុលាការហើយ

ចែករំលែក៖

ភ្នំពេញ៖ បើតាមការបញ្ជាក់ពីមន្ដ្រីជាន់ខ្ពស់សាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា លោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ កំពុងបើកការស៉ើបសួរក្រុមឧក្រិដ្ឋជនជនជាតិចិន ចំនួន៥នាក់ ដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធករណីបង្ខាំងជនជាតិចិនដូចគ្នា ដើម្បីជំរិតទារលុយប្រមាណ១០លានដុល្លារ នៅអគារស្កាយវីឡា ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

មន្រ្តីជាន់ខ្ពស់រូបនេះបន្តថា លោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង កំពុងធ្វើការសួរនាំ មិនទាន់ចោទប្រកាន់ជាផ្លូវការនៅឡើយទេ ហើយសម្រាប់បទចោទប្រកាន់វិញ ត្រូវបានតំណាងអយ្យការរក្សាដដែល ដូចអ្វីដែលសមត្ថកិច្ចបានបញ្ជូនមក ពាក់ព័ន្ធករណីចាប់បង្ខាំងមនុស្ស ដើម្បីជំរិតទារប្រាក់។

សូមរំលឹកថា ករណីចាប់បង្ខាំងដើម្បីជំរិតទារប្រាក់១០លានដុល្លារនេះ បានកើតឡើងនៅម៉ោង២យប់រំលងអធ្រាត្រ ចូលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣។ ពេលនោះក្រុមជនសង្ស័យមានគ្នាចំនួន៣នាក់ បានប្រើប្រាស់រថយន្តម៉ាក Vellfire ពាក់ផ្លាកលេខភ្នំពេញ 2BQ-0560 (ផ្លាកលេខក្លែងក្លាយ) និងផ្លាកលេខភ្នំពេញ 2BT-1768 ប្រដាប់ដោយអាវុធគ្រប់ដៃ។

បើតាមលោកឧត្តមសេនីយ៍ឯក ហ៊ុន សំណាង ប្រធាននាយកដ្ឋានចារកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែងថា ក្រោយទទួលបានបណ្ដឹងពីក្រុមគ្រួសារជនរងគ្រោះ សមត្ថកិច្ចជំនាញរបស់នាយកដ្ឋានចារកម្ម បានចុះសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បើកប្រតិបត្តិការបង្ក្រាបករណីនេះកាលពីយប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣។ ហើយចំពោះករណីនេះក្រុមជនល្មើស បានចាប់ជំរិតទារប្រាក់ពីជនរងគ្រោះរហូតដល់១០លានដុល្លារ មិនមែន១លានដុល្លារនោះទេ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖