ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តមួយគ្រឿង បុករះពីក្រោយម៉ូតូ ២គ្រឿង បណ្តាលឱ្យសិស្សសាលាម្នាក់បាត់បង់ជីវិត និងម្នាក់ទៀត រងរបួសស្រាល

ចែករំលែក៖

ខេត្តកំពត ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង នៅលើកំណាត់ផ្លូវជាតិលេខ ៣៣ ស្ថិតក្នុងភូមិកំពង់កែស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូកាលពីយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣។ អ្នកបើកបរបានរត់គេចបាត់ ដោយចតរថយន្ត ទុកនៅប្រមាណជិត ៣ គីឡូម៉ែត្រ ពីកន្លែងកើតហេតុ។

ជនរងគ្រោះដែលស្លាប់ឈ្មោះ ឡេង គឹមហ៊ាន់ ភេទស្រី អាយុ១៦ឆ្នាំ មានទីលំនៅភូមិ ត្រពាំងធំ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត។ ចំណែកអ្នករងរបួស ឈ្មោះ ឈីវ នី ភេទស្រី អាយុ១៦ឆ្នាំ រស់នៅភូមិត្រពាំងព្រីងខាងជើង ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកេីតឡេីងនៅលេីកំណាត់ផ្លូវជាតិ លេខ៣៣ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៧–៨ ដោយរថយន្តឡិចស៊ីស ៥៧០ បុករះម៉ូតូសិស្សសាលាពីរគ្រឿង។ មុនគ្រោះថ្នាក់កើតឡើង គេឃើញសិស្សសាលាពីរនាក់ ជិះម៉ូតូពីរគ្រឿងក្នុងទិសដៅពីខាងលិចទៅខាងកើត។ ស្របពេលនោះ ស្រាប់តែមានរថយន្តឡិចស៊ីស មកពីក្រោយ បើកបរក្នុងល្បឿនយ៉ាងលឿន រួចបុករះពេញទំហឹងបណ្តាលឱ្យម៉ូតូដួលរដូក រណែលតែម្តង។ ជាមួយស្ថានភាពបែបនោះ រថយន្តមិនបានបញ្ឈប់ទេ ដោយបើករត់គេច រួចយកទៅចតទុក នៅប្រហែលជិត ៣ គីឡូម៉ែត្រ ពីកន្លែងកើតហេតុ។

ពេលអ្នកភូមិចូលទៅជួយ ស្រាប់តែឃើញជនរងគ្រោះម្នាក់ រងរបួសធ្ងន់ និងម្នាក់ទៀត របួសស្រាលទើបទំនាក់ទំនងហៅសមត្ថកិច្ចយករថយន្តដឹកទៅកាន់ មន្ទីរពេទ្យជាបន្ទាន់។ ជាអកុសលជនរងគ្រោះ ដែលរបួសធ្ងន់ បានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ៕

ដោយ៖ សូរិយា


ចែករំលែក៖