ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបុកម៉ូតូសណ្ដោងរ៉ឺម៉កបណ្ដាលឱ្យរបួសធ្ងន់២នាក់និងស្រាល៥នាក់

ចែករំលែក៖

ខេត្តកណ្ដាល៖ មនុស្ស២នាក់រងរបួសធ្ងន់ និង៥នាក់ទៀតរងរបួសស្រាល ខណ:កំពុងជិះម៉ូតូសណ្ដោងរ៉ឺម៉កត្រូវបានរថយន្តមួយគ្រឿងបើកបុកពីក្រោយពេញមួយទំហឹង នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ២១និង៤៥នាទី នៅលើផ្លូវលេខ១១០ ស្ថិតក្នុងភូមិពោធិ៍កណ្ដាល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។ 

មន្ត្រីនគរបាលចរាចរណ៍ស្រុកស្អាងបានឲ្យដឹងថា រថយន្តបង្កម៉ាក TOYOTA PRIUS ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ2AS-8310 អ្នកបើកបររថយន្ដ មិនស្គាល់អត្តសញ្ញាណ ។ ចំណែកជនរងគ្រោះរបួសធ្ងន់ទី១ ឈ្មោះ ឆក ប៉ូរ៉េន ភេទប្រុស អាយុ ៣៥ឆ្នាំ ជាអ្នកបើកបរម៉ូតូសណ្ដោងរ៉ឺម៉ក មានទីលំនៅភូមិចុងកោះគរ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល និងទី២ ឈ្មោះ សុខ វ៉ាន់ណា ភេទស្រី អាយុ ៦១ឆ្នាំ ។ រីឯ៥នាក់ទៀតរបួសស្រាល មានទី១ ឈ្មោះ រ៉េន ណារិន ភេទប្រុស អាយុ ៨ឆ្នាំ ،ទី២ ឈ្មោះ ចាប គីមសែ ភេទស្រី អាយុ ២៣ឆ្នាំ ،ទី៣ ឈ្មោះ ឆាប ថាកា ភេទប្រុស អាយុ ១ខួប៦ខែ ،ទី៤ ឈ្មោះ ហុីន ស្រីនិច ភេទស្រី អាយុ ២៧ឆ្នាំ និងទី៥ ឈ្មោះ រ៉េន ណារ៉ុន ភេទប្រុស អាយុ ៣ឆ្នាំ ។ ជនរងគ្រោះទាំង០៧នាក់ មានទីលំនៅក្នុងភូមិឃុំជាមួយគ្នា ។

ប្រភពដដែលបន្តថា នៅថ្ងៃខែឆ្នាំកើតហេតុ​ មានរថយន្ដមួយគ្រឿង ម៉ាក TOYOTA PRIUS ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ2AS-8310 អ្នកបើកបររថយន្ដមិនស្គាល់អត្តសញ្ញាណ បើកបរក្នុងទិសដៅពីត្បូងទៅជើង (កោះធំ-តាខ្មៅ) ពេលបើកមកដល់ចំណុចភូមិឃុំកើតហេតុ ក៏បានបុកចំពីក្រោយ ជាមួយនឹងម៉ូតូសណ្ដោងរុឺម៉កមួយគ្រឿង ម៉ូតូម៉ាក ហុងដាចាស់ ពណ៌ខ្មៅ គ្មានផ្លាកលេខ និងកន្ទុយរុឺម៉ក ពណ៌ខៀវ បើកបរក្នុងទិសដៅស្របគ្នា បណ្ដាលឲ្យអ្នកបើកបរម៉ូតូសណ្ដោងរុឺម៉ក និងអ្នករួមដំណើរ រងរបួសធ្ងន់ចំនួន ០២នាក់ និងរបួសស្រាល ចំនួន ០៥នាក់ ។ 

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញនៃអធិការរដ្ឋាននគរបាលស្រុកស្អាងបានចុះទៅពិនិត្យ និងវាស់វែងកន្លែងកើតហេតុ ហើយយកវត្ថុតាងដែលពាក់ព័ន្ធមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់។ចំណែកអ្នករបួសត្រូវបានក្រុមគ្រួសារយកទៅព្យាបាលនៅមន្ទីរពេទ្យ ។

ការសន្និដ្ឋានបឋម ករណីនេះបណ្ដាលមកពីអ្នកបើកបររថយន្តបើកបរក្នុងល្បឿនលឿន មានការធ្វេសប្រហែស ខ្ជីខ្ជា ខ្វះការប្រុងប្រយ័ត្នទើបបណ្ដាលឱ្យគ្រោះថ្នាក់កើតឡើង៕

ដោយ៖ស្អាង ជ័យ


ចែករំលែក៖