ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិករងការថ្កោលទោសយ៉ាងខ្លាំងពីសកម្មភាពចារកម្មនៅជុំវិញពិភពលោក

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៩ ខែមេសា ឆ្នាំ២០២៣បានផ្សាយថា ប្រធានាធិបតីម៉ិចស៉ិក លោក Andres Manuel Lopez Obrador កាលពីថ្ងៃ១៨ខែមីនា បានចោទប្រកាន់មន្ទីរបញ្ចកោណថាធ្វើចារកម្មលើរដ្ឋាភិបាលរបស់លោក បន្ទាប់ពីមានការបែកធ្លាយឯកសារសម្ងាត់យោធាអាមេរិក ហើយប្តេជ្ញារក្សាការសម្ងាត់នូវព័ត៌មានទាក់ទងនឹងកងកម្លាំងប្រដាប់អាវុធសំដៅការពារសន្តិសុខជាតិ។
កាលពីដើមសប្តាហ៍នេះ លោក ឡូប៉េស អូប្រាដ័រ ចាត់ទុកការស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិកថាជា «ការឈ្លានពានដែលមិនអាចទទួលយក ទោះក្នុងកាលៈទេសៈ ណាក៏ដោយ»។ លោក ឡូប៉េស អូប្រាដ័រ បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃ យ៉ាងដូច្នេះថា «ឥឡូវនេះយើងនឹងការពារព័ត៌មានកងទ័ពជើងទឹក និងក្រសួងការពារជាតិ ពីព្រោះយើងកំពុងក្លាយជាគោលដៅចារកម្មនៃមន្ទីរបញ្ចកោណ»។
យ៉ាងណាក៏ដោយ ជាការឆ្លើយតប អ្នកនាំពាក្យមន្ទីរបញ្ចកោណបានគូសបញ្ជាក់ថា «ក្រសួងការពារជាតិអាមេរិកមានភាពជាដៃគូការពារជាតិដ៏រឹងមាំ ជាមួយកងទ័ពជើងគោកនិងកងទ័ពជើងទឹកម៉ិចស៉ិក ហើយអង្គភាពនានានឹងដោះស្រាយបញ្ហាប្រឈមរួមគ្នា ដោយផ្អែកលើការគោរពអធិបតេយ្យភាពទៅវិញទៅមក និងរបៀបវារៈគោលនយោបាយការបរទេសរៀងៗខ្លួន»។
ការអត្ថាធិប្បាយរបស់ប្រធានាធិបតីម៉ិចស៉ិក កើតមានឡើងបន្ទាប់ពីកាសែត Washington Post បានរាយការណ៍អំពីភាពតានតឹងជាក់ស្តែង រវាងកងទ័ពជើងទឹក អាមេរិក នឹងកងទ័ពរបស់ប្រទេសម៉ិចស៉ិក ដោយលើកឡើងពីកំណត់ត្រាសង្ខេបរបស់យោធាអាមេរិកក្នុងឯកសារ ដែលបែកធ្លាយតាមអ៉ិនធើណេតកាលពីពេលថ្មីៗនេះ៕

រូប​ថត​ ៖ Reuters

ដោយ៖ ធីរីណា(រូប​ថត​ ៖ FP)


ចែករំលែក៖