ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់សម្រេចចិត្តចងក សម្លាប់ខ្លួនសមត្ថកិច្ចសង្ស័យវិបត្តិគ្រួសារ

ចែករំលែក៖

ខេត្តកំពង់ធំ៖ យុវជនម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះ ឃើញចងកសម្លាប់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើលអ្នកភូមិក្បែរខាង។ ហេតុការណ៍នេះត្រូវបានគេប្រទះនៅម៉ោងប្រមាណ៦ព្រឹកថ្ងៃទី១៩ខែមេសាឆ្នាំ២០២៣នៅចំណុចវាលស្រែ ស្ថិតក្នុងភូមិបន្ទាយស្ទោង ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។

តាមការបំភ្លឺពីឈ្មោះ អៀន ស្រីពៅ ភេទស្រី អាយុ១៤ឆ្នាំ ត្រូវជាប្អូនជនរងគ្រោះបានបញ្ជាក់ថា នៅថ្ងៃទី១៨ ខែ មេសា ឆ្នាំ ២០២៣ បងប្រុសខ្លួនឈ្មោះ អៀន វី  បានផឹកស៊ីស្រវឹង រហូតដល់ម៉ោងប្រហែល១០យប់ ទើបឃើញបងទៅដល់ផ្ទះ តែម្តាយរបស់ខ្លួនបានខ្ទាស់ទ្វារជាប់ ពេលនោះបងខ្លួន(សព)ដេកនៅក្រៅផ្ទះ(យ៉ខាងមុខ) រហូតដល់ម៉ោងប្រហែល ៥ព្រឹកថ្ងៃទី១៩ មេសា ២០២៣ ខ្លួនបានក្រោកពីដេកឃើញបងប្រុស ដេកសណ្តូកជើងដាក់ដៃត្រង់ បើកភ្នែកម្ខាង ខ្លួនបានហៅតែគាត់ពុំឆ្លើយ  ខ្លួនមានអារម្មណ៍ខ្លាចក៏ចូលទៅដេកជា មួយម្តាយក្នុងផ្ទះវិញ។ លុះដល់ម៉ោងប្រហែល៦ព្រឹកពេលក្រោកពីដេកស្រាប់តែបាត់បងប្រុស មិនដឹងទៅ ណាទេ។ មួយសន្ទុះក្រោយមក ស្រាប់តែមានគេឃើញបងប្រុសចងក និងដើមក្រសាំងក្រោយផ្ទះស្លាប់បាត់ទៅហើយ។

លោកវរសេនីយ៍ឯក យ៉ង់ សំ អធិការនគរបាលស្រុកស្ទោង ឲ្យដឹងដែរថា សពមានឈ្មោះ អៀន វី  ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទីលំនៅភូមិបន្ទាយស្ទោង ឃុំបន្ទាយស្ទោង  ស្រុកស្ទោង ខេត្តកំពង់ធំ។

លោកអធិការស្រុកបានបន្ថែមថានៅវេលាម៉ោង៧និង ៤០នាទី ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣  លោកបានទទួលព័ត៌មានពីលោកនាយប៉ុស្តិ៍ រាយការណ៍មកថាមានមនុស្សធ្វើអត្តឃាតចងក ខណៈនោះលោកបានដឹកនាំបញ្ជា កម្លាំងជំនាញផ្នែកពិនិត្យសហការជាមួយប៉ុស្តិ៍,គ្រូពេទ្យនិងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យដល់កន្លែងកើតហេតុ ដើម្បីពិនិត្យសាកសព។

កន្លងមកឈ្មោះ អៀន វី (សព) ភេទប្រុសនៅភូមិបន្ទាយស្ទោង ឃុំបន្ទាយស្ទោង  តែងតែនិយាយប្រាប់អុំប្រុសបង្កើតឈ្មោះ ពន ប៉េង ថាពិបាកចិត្តព្រោះតែឪពុកម្តាយផឹកស្រាស្រវឹងរាល់ថ្ងៃ និងតែងតែឈ្លោះប្រកែកគ្នាជាញឹកញាប់។

នៅកន្លែងកើតហេតុពិនិត្យឃើញថា សពឈ្មោះ អៀន វី  ចងកនឹងខ្សែនីឡុងពណ៌សភ្ជាប់និងមែកក្រសាំងដោយចុងជើងដល់ដី នៅក្បែរគល់ក្រសាំងមានស្បែកជើងមួយគូរ និងទូរស័ព្ទ១គ្រឿងជារបស់ជនរងគ្រោះ។

សមត្ថកិច្ចជំនាញបានបញ្ជាក់បន្ថែមថាផ្នែកក្បាល នៅលើ.កបានពិនិត្យឃើញស្នាមជាំ បញ្ឆិតទៅលើ.ក ផ្នែកខាងក្រោយ ជាស្នាមខ្សែចំណងនិងផ្នែកដងខ្លួនសពពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់ឡើយ ។

ដូចនេះតាមការស្រាវជ្រាវស៊ើបអង្កេតព័ត៌មានជុំវិញកន្លែងកើតហេតុខាងលើសន្និដ្ឋានថា សពស្លាប់ដោយធ្វើអត្តឃាតចងកពិតប្រាកដមែន។ បច្ចុប្បន្នបានធ្វើកំណត់ ហេតុប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ សូរិយា


ចែករំលែក៖