ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដែលក្រុមការងារទទួលបាននៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣នេះ កម្លាំងនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានធ្វេីការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ក្នុងចំណោមបក្ខពួក០៣នាក់ភ្លាមៗ ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស (ឆក់កាបូបស្ពាយ) កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង២០និង ៣០ នាទីយប់ ត្រង់ចំណុចខាងមុខគណៈបក្សប្រជាជនសង្កាត់ព្រៃស ផ្លូវបេតុង ស្ថិតនៅភូមិម្ភៃបួន សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ ប៊ុត ជីវី ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបររត់កង់បី ទីលំនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ចំណែកជនសង្ស័យចំនួន០២នាក់ដែលឃាត់ខ្លួនរួមមាន ៖ ទី០១ឈ្មោះ ជឹម រក្សា ហៅ ជាំ ភេទ ប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ទី០២ឈ្មោះ សេក ចាន់រតនា ហៅ បឿក ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សម្ភារៈបាត់បង់៖ ១/ទូរស័ព្ទដៃម៉ាកJINO ពណ៌ខ្មៅ (ទូរស័ព្ទចិន) ចំនួន ០១គ្រឿង ២/លុយខ្មែរចំនួនប្រហែល ៣៧០.០០០រៀល (បីសែនប្រាំពីរម៉ឺនរៀល) ។
វត្ថុតាងចាប់យក៖ ១/ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1JX-4625 ចំនួន០១គ្រឿង ២/ម៉ូតូម៉ាកហុងដាឃ្លីក ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1JW-5628 ចំនួន០១គ្រឿង ៣/ប័ណ្ណព័ត៌មានអង្គភាពគេហទំព័រនគរប៉ុស្តិ៍ធីវីអនឡាញរបស់ឈ្មោះ ជឹម រក្សា ចំនួន០១ ,៤/កាបូបស្ពាយពណ៌ត្នោត(របស់ជនរងគ្រោះ)ចំនួន០១។
គួរបញ្ជាក់ថា នៅមុនកេីតហេតុ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១៩និង៣០នាទី ជនរងគ្រោះឈ្មោះ ប៊ុត ជីវី ភេទប្រុស អាយុ៤៦ឆ្នាំ បានជិះម៉ូតូ០១គ្រឿងម៉ាកវ៉េវ ពណ៌ក្រហម គ្មានផ្លាកលេខសណ្តោងកន្ទុយរ៉ឺម៉ក (ម៉ូតូកង់បីចាស់) ឌុបប្រពន្ធ ឈ្មោះ គឹម ចាន់រតនា ភេទស្រី អាយុ៤១ឆ្នាំ ចេញពីផ្ទះម្តាយបង្កើតនៅភូមិព្រៃល្ងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ត្រឡប់មកផ្ទះស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយជនរងគ្រោះបានស្ពាយ កាបូប ពណ៌ត្នោតពាក់ឆៀងទៅខាងមុខចំនួន០១ ដែលនៅក្នុងកាបូបនោះមាន ១/ទូរស័ព្ទដៃម៉ាកJINO ពណ៌ខ្មៅ (ទូរស័ព្ទចិន) ចំនួន ០១គ្រឿង ២/លុយខ្មែរចំនួនប្រហែល៣៧០.០០០រៀល (បីសែនប្រាំពីរម៉ឺនរៀល) ។ ពេលជនរងគ្រោះធ្វើដំណើរតាម ផ្លូវ បេតុងព្រៃស ពីលិចទៅកើត ដល់ចំណុចកេីតហេតុ ក៏មានជនសង្ស័យចំនួន០៣នាក់ ជិះម៉ូតូ០៣គ្រឿងស្របទិសគ្នា អែបខាងស្តាំដៃជនរងគ្រោះ រួចជនសង្ស័យឈ្មោះ ជឹម រក្សា ហៅ ជាំ បានធ្វើសកម្មភាពឆក់ យកកាបូបស្ពាយ របស់ជនរងគ្រោះបាន សម្រេចរួចនាំគ្នាជិះគេចខ្លួន ទៅទិសខាងកើត ។ ហើយជនរងគ្រោះក៏បានបើកម៉ូតូរ៉ឺម៉កដេញតាមពីក្រោយនិងស្រែកថាចោរៗ រួចក៏មានកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោ ដែលជិះម៉ូតូល្បាតតាមផ្លូវបានឃើញហេតុការណ៍ខាងលើក៏ជួយ អន្តរាគមន៍ដេញតាមពីក្រោយ រហូតដល់ផ្លូវលំ ស្ថិត នៅភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ សមត្ថកិច្ច យើងធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ ទី០១ ឈ្មោះ ជឹម រក្សា ហៅ ជាំ ទី០២ឈ្មោះ សេក ចាន់រតនា ហៅ បឿក រួមនិងវត្ថុតាង យកមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ តាមនីតិវិធីច្បាប់ ចំណែកជនសង្ស័យឈ្មោះ ដា បានបើកម៉ូតូម៉ាកស្កូបពីគេចខ្លួនបាត់ ។
ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាព ប្រាប់សមត្ថកិច្ចថា ពួកគេ (ជនសង្ស័យ) ពិតជាបានធ្វើសកម្មភាពឆក់កាបូបស្ពាយដាក់ ទ្រព្យសម្បត្តិរបស់ជនរងគ្រោះប្រាកដមែន រួចជនរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យ ខាងលើ និងបក្ខពួក ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង៕
ដោយ ៖ ភារ៉ា ដង្កោ