ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់លួចរថយន្តពីរាជធានីភ្នំពេញត្រូវកម្លាំងនគរបាលខេត្តបន្ទាយមានជ័យឃាត់ខ្លួន

ចែករំលែក៖

ខេតបន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យនគរបាលចរាចរណ៍ និង កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការគ្នាស្ទាក់ឃាត់ខ្លួនយកមកសួរនាំ ក្រោយធ្វើសកម្មភាពលួចរថយន្ត របស់គេចេញពីការាសជួសជុលមួយកន្លែង នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣។

អនុវត្តន៍តាមការណែនាំ និង បទបញ្ចារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោគ និង កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានចេញប្រតិបត្តិស្រាវជ្រាវ និងស្ទាក់ឃាត់បានជនសង្ស័យ១នាក់ ឈ្មោះ ផល រីរុំ ភេទប្រុស អាយុ២៤ឆ្នាំ និង ដកហូតបានរថយន្ត១គ្រឿង ម៉ាកRange Rover ពាក់ស្លាកលេខភ្នំពេញ 2BT-5818។ 

លោកវរសេនីយ៍ឯក ព្រហ្ម ប៊ុនធឿន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងថា មុនឃាត់ខ្លួនជនសង្ស័យឈ្មោះ ផល រីរុំ គឺជាជាងជួសជុលរថយន្ត បានលួចរថយន្តRange Rover ខាងលើ ពីការាសរថយន្តរបស់ឈ្មោះ ស៊ីម ពិសិដ្ឋ ក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ហើយបើករត់គេចខ្លួន។ ម្ចាស់រថយន្តរងគ្រោះ ក្រោយពីទទួលបានព័ត៌មានថា ចោរលួចរថយន្តក៏បានទៅប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ ទីបំផុតជនសង្ស័យក៏ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ស្ទាក់ចាប់បានទាំងជនសង្ស័យនិងរថយន្ត នៅលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងឃុំរហាល ស្រុកព្រះនេត្រព្រះ។

ក្រោយសួរនាំ ជនសង្ស័យរួមជាមួយរថយន្ត ត្រូវបានប្រគល់ជូនទៅឲ្យកម្លាំងអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ទទួលយកទៅអនុវត្តន៍បន្តតាមនីតិវិធី៕

ដោយ ៖ វណ្ណា


ចែករំលែក៖