ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ត្រី ថោង ខុន បើកវេទិកាទេសចរណ៍មេគង្គឆ្នាំ ២០២៣ ក្រោមប្រធានបទ «ការគិតឡើងវិញសម្រាប់ភាពធន់ និងឌីជីថលនីយកម្ម»

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ ក្នុងនាមកម្ពុជាធ្វើជាម្ចាស់ផ្ទះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតី បើកវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ ក្រោមប្រធានបទ «ការគិតឡើងវិញសម្រាប់ភាពធន់ និងឌីជីថលនីយកម្ម (Rethink Resilience and Digitalization)» ដែលបានរៀបចំឡើងនៅសណ្ឋាគារឯករាជ្យ ក្រុងព្រះសីហនុ និងដោយមានការចូលរួមពីលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ រួមទាំងមានប្រតិភូជាង ២៥០រូប មកពី ១៩ប្រទេសចូលរួម រួមទាំងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀតផងដែរ។

ជាកិច្ចចាប់ផ្តើមនាឱកាសនោះ លោករដ្ឋមន្ត្រី ថោង ខុន ក៏បានបង្ហាញសេចក្តីសោមនស្សរីករាយ និងកិត្តិយសដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់គណៈប្រតិភូ និងភ្ញៀវកិត្តិយស មកពីប្រទេសចំនួន ១៩ មកកាន់វេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ និងបានអះអាងថានេះជាលើកទី៣ហើយ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃវេទិកាទេសចរណ៍មេគង្គនេះ។

លោក ថោង ខុន អះអាងដែរថា វេទិកានេះគឺជាវេទិកាកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយមួយរបស់ GMS រវាងរដ្ឋាភិបាល អ្នករៀបចំគោលនយោបាយ វិទ្យាស្ថាន អ្នកជំនាញ អាជ្ញាធរពាក់ព័ន្ធ អ្នកពាក់ព័ន្ធវិស័យឯកជន និងសាធារណៈក្នុងឧស្សាហកម្មទេសចរណ៍ ដើម្បីពិភាក្សា និងចែករំលែកការអនុវត្តល្អៗ បទពិសោធន៍ ស្ថានភាពបច្ចុប្បន្ននៃការអភិវឌ្ឍន៍ទេសចរណ៍ ការសិក្សាទីផ្សារ និងការផ្សព្វផ្សាយទេសចរណ៍ក្នុងតំបន់ GMS ។

បន្ថែមពីនេះលោករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ដែរថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដើម្បីធានាភាពស៊ាំសហគមន៍ ដែលជាគន្លឹះក្នុងការបើកប្រទេសឡើងវិញទាំងស្រុងនៅចុងឆ្នាំ២០២១ ដែលជាផ្នែកនៃកត្តាសំខាន់ក្នុងការទទួលបានកំណើនទេសចរណ៍ឡើងវិញជាមួយនឹងទំនុកចិត្ត និងភាពជឿជាក់។ នៅឆ្នាំ២០២២ កម្ពុជាទទួលបានទេសចរអន្តរជាតិជាង ២.២៨លាននាក់ ក្នុងនោះទេសចរ ១.៥លាននាក់ មកពីប្រទេស GMS ដោយរកចំណូលបានប្រមាណ ១.៤១៥ ពាន់លានដុល្លារ។ ចំណែកភ្ញៀវទេសចរក្នុងស្រុក មានចំនួនជិត ១៤លាននាក់ ដែលរកចំណូលបានប្រមាណ ៦៥០ លានដុល្លារ រួមចំណែកប្រមាណ ៣,៦% នៃ GDP សរុប។

លោករដ្ឋមន្ត្រី ថោង ខុន បានបន្ថែមទៀតថា សម្រាប់ឆ្នាំ២០២៣ រាជរដ្ឋាភិបាលបានដាក់ចេញឆ្នាំទស្សនាកម្ពុជា ២០២៣ ក្រោមប្រធានបទ «គ្រប់ថ្ងៃ គឺជាអច្ឆរិយៈភាព៖ លើសពីនេះកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី៣២ ចាប់ពីថ្ងៃទី៥-១៧ ឧសភា និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ចាប់ពីថ្ងៃទី៣-៩ ខែមិថុនា ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ រយៈពេល៦៤ឆ្នាំ ក្រោមប្រធានបទ «កីឡារស់ក្នុងសន្តិភាព»។ ក្នុងនោះដែរលោកក៏បានអញ្ជើញលោក លោកស្រី ចូលរួមទស្សនាការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ខណៈពេលនេះយើងនៅសល់ពេល៩ថ្ងៃទៀតពីពិធីបើក។

ជាមួយគ្នានោះ លោក ថោង ខុន ក៏បានបង្ហាញក្តីរំពឹងដែរថា ភាគីពាក់ព័ន្ធសំខាន់ៗពីវិស័យសាធារណៈ និងឯកជននឹងបង្កើតឱកាសពិសេសមួយដើម្បីជម្រុញក្របខ័ណ្ឌប្រកបដោយការច្នៃប្រឌិត និងកិច្ចសហការសម្រាប់ការងើបឡើងវិញនៃវិស័យទេសចរណ៍ ឆ្ពោះទៅរកភាពធន់នៅក្នុងយុគសម័យក្រោយវិបត្តិជំងឺកូវីដ-១៩ និងនាំយកមកវិញនូវអ្វីដែលបានបាត់បង់ក្នុងវិស័យទេសចរណ៍ ជាពិសេសអាជីវកម្ម និងចំណូលទេសចរណ៍។

បន្ថែមពីនេះលោក ថោង ខុន ក៏បានស្នើឱ្យប្រទេសសមាជិក GMS ទាំងអស់ បន្តអនុវត្តយ៉ាងសកម្មនូវផែនការ និងសកម្មភាពអាទិភាពដែលមានស្រាប់ដូចជា៖

* យុទ្ធសាស្ត្រទេសចរណ៍មេគង្គ ២០១៦-២០២៥, បង្កើនការចូលរួមសកម្មភាពភាពជាដៃគូសាធារណៈ និងឯកជន

* ជំរុញការទំនាក់ទំនង និងការផ្សព្វផ្សាយទេសចរណ៍រួមគ្នា «ប្រទេសចំនួនប្រាំមួយ ទិសដៅតែមួយ (Six countries, One distination)» តាមរយៈការអនុវត្តផែនការទំនាក់ទំនងការស្តារទេសចរណ៍ GMS (GMS Tourism Recovery Communication Plan) និងសកម្មភាពផ្សព្វផ្សាយរួមគ្នា ដើម្បីគាំទ្រដល់ការស្តារទេសចរណ៍ប្រកបដោយសុវត្ថិភាព និងនិរន្តរភាពក្នុងតំបន់មហាអនុតំបន់មេគង្គ

* ជម្រុញការអនុវត្ត GMS Tourism Recovery Toolkits ដើម្បីជួយដល់អ្នកពាក់ព័ន្ធក្នុងវិស័យទេសចរណ៍នៅក្នុងតំបន់ GMS ដើម្បីកសាងឡើងវិញនូវវិស័យទែសចរណ៍របស់ពួកគេឱ្យកាន់តែមានប្រសិទ្ធភាព

* បន្តសហការជាមួយដៃគូអភិវឌ្ឍន៍ អង្គការអន្តរជាតិ វិស័យឯកជន និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីជំរុញការងើបឡើងវិញប្រកបដោយភាពធន់។

លោក ថោង ខុន ក៏បានបង្ហាញជំនឿយ៉ាងមុតមាំថា តាមរយៈការពិភាក្សានៅក្នុងវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ នេះ នឹងទទួលបានការយល់ដឹងបន្ថែម ជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍក្របខ័ណ្ឌច្បាប់ចាំបាច់ ដើម្បីលើកកម្ពស់ និងជម្រុញការអភិវឌ្ឍទេសចរណ៍សម្រាប់តំបន់ GMS ទាំងមូលផងដែរ៕

ដោយ ៖ សហការី


ចែករំលែក៖