ភ្នំពេញ៖ អំណោយជាគ្រឿងឧបភោគ បរិភោគ ដែលសប្បុរសជនជួយតាមរយៈអាជ្ញាធរខណ្ឌត្រូវបានលោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅនិងសប្បុរសជនដែលជាម្ចាស់អំណោយចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចំនួនជាង៣០០គ្រួសារ រស់នៅក្នុងសង្កាត់ច្បារអំពៅ១ សង្កាត់ ច្បារអំពៅ២ និងសង្កាត់ព្រែកប្រា ខណ្ឌ ច្បារអំពៅ ។
សកម្មភាពមនុស្សធម៍នាំយកអំណោយ ចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ក្នុងបរិវេណវត្តពោធិ៍ព្រះបាទ ហៅវត្តច្បារអំពៅក្រោមអធិបតីភាព លោក ចេង មុនីរ៉ា អភិបាលខណ្ឌ ច្បារអំពៅ , លោកឯកឧត្តមហ្គុយ ឆាយនិងលោកស្រី ព្រមទាំងមានការចូលរួមពីមន្ត្រីក្រុមការងាររួមជាមួយប្រជាពលរដ្ឋមានជីវភាពខ្វះខាតមកពី៣សង្កាត់សរុបចំនួន៣០០ផងដែរ ។
មានមតិសំណេះសំណាលទៅកាន់ប្រជាពលរដ្ឋនៅក្នុងពិធីនេះ លោកអភិបាលខណ្ឌបានថ្លែងថា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ។ ថ្មីៗកម្ពុជាទទួល បានការកោតសរសើរពីអង្គការសហប្រជាជាតិដែលជាអង្គការកំពូលរបស់ពិភពលោក ដោយទទួលស្គាល់ថាកម្ពុជា មានការរីកចម្រើនជឿនលឿនគួអោយកត់សំគាល់ ។ ក្នុងចំណោម១៩៣ប្រទេសដែលមានអាសនៈនៅក្នុងអង្គការសហប្រជាជាតិ កម្ពុជាជាប់លេខរៀងទី១៤ជាប្រទេសមានការអភិវឌ្ឍន៍រីកចម្រើនជឿនលឿនឆាប់រហ័ស ក្រោមការដឹកនាំរបស់សម្តេចតេជោ ។
លោកអភិបាលខណ្ឌបានបន្តថា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាង មុខនេះជាថ្ងៃបោះឆ្នោតសកលសូមបងប្អូនត្រៀមខ្លួនទៅបោះអោយបានគ្រប់ៗគ្នា គាំទ្រសម្តេចតេជោហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីបន្តទៀតដើម្បីដឹកនាំប្រទេសជាតិយើងមានការរីកចម្រើនថែមទៀត សូមកុំជឿតាមការឃោសនា របស់ពួកអគតិដែលដើរបំផុសបំផុលនិយាយបំភ្លៃការពិតដែលកម្ពុជាយើងមាន និងកំពុងតែទទួលបានការកោតសរសើរគាំទ្រពីអន្តរជាតិ ។
ចំណុចចុងក្រោយលោកអភិបាលថ្លែងសង្កត់ធ្ងន់ថា ពិតជាមានមោទនៈភាពណាស់ដែលប្រទេសជាតិយើងទទួលបានសុខសន្តិភាព ដោយសារតែមានសន្តិភាពនេះហើយទើបប្រទេសជាតិមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រ និង អាណាចក្រ ។ ចាប់ពីពេលនេះតទៅ ក្រៅពីពាក្យថា អរគុណសន្តិភាព សូមបងប្អូនប្រជាពលរដ្ឋចូលរួមទាំងអស់គ្នា ដើម្បីថែរក្សាសន្តិភាព ការពារសន្តិភាព ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែរីកចម្រើនថែមទៀត ៕
ដោយ៖ សណ្តោស