ព័ត៌មានទាន់ហេតុការណ៍៖

ស្ថានីយអាងចម្រោះទឹកកខ្វក់មានបីទីតាំងអាងប្រព្រឹត្តកម្មទី១មានសមត្ថភាពច្រោះទឹកកខ្វក់ ៥,២០០ម៉ែត្រគូបក្នុងមួយថ្ងៃ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ លោក យូ ស៊ុនឡុង រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី និងលោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានចុះពិនិត្យមើលទីតាំងស្ថានីយអាងចម្រោះប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ដែលមានទីតាំងស្ថិតនៅក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ (ចុងឆ្នេរអូរឈើទាល)និងទីតាំងបរិវេណកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ដោយទីតាំងទាំងពីរកន្លែងខាងលើក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ដែលសម្ដេចនឹងអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃការស្ថាបនាស្ថានីយអាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ ដែលកំពុងដំណើរការស្ថាបនាជិតរួចរាល់និងដាក់ឱ្យដំណើរការនាពេលខាងមុខដែលជាអាងចម្រោះធំជាងគេ។

សូមបញ្ជាក់ផងដែរថា ស្ថានីយអាងចម្រោះទឹកកខ្វក់មានបីទីតាំងអាងប្រព្រឹត្តកម្មទី១ មានសមត្ថភាពច្រោះទឹកកខ្វក់ ៥,២០០ម៉ែត្រគូបក្នុងមួយថ្ងៃ អាងប្រព្រឹត្តកម្មទី២ មានសមត្ថភាពច្រោះទឹកកខ្វក់ ៧,២០០ម៉ែត្រគូបក្នុងមួយថ្ងៃដែលបានដំណើរការរាល់ថ្ងៃ និងអាងប្រព្រឹត្តកម្មទី៣ កំពុងដំណើរការសាងសង់ មានសមត្ថភាពច្រោះទឹកកខ្វក់បាន២០,០០០ម៉ែត្រគូបក្នុងមួយថ្ងៃ។

ដោយមានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលក្នុងការស្ថាបនាស្ថានីយអាងចម្រោះទឹកកខ្វក់ទាំងបីទីតាំងដើម្បីបញ្ចៀសបាននូវទឹកកខ្វក់ហូរចូលទៅក្នុងសមុទ្រដោយផ្ទាល់ដែលបង្កឱ្យប៉ះពាល់បរិស្ថាន ប៉ះពាល់ដល់ឆ្នេរ ទឹកសមុទ្រនិងធនធានធម្មជាតិបាតសមុទ្រជាដើម។ ការស្ថាបនាស្ថានីយអាងចម្រោះទឹកកខ្វក់ខាងលើនេះគឺបញ្ជៀសអំពីផលប៉ះពាល់បរិស្ថាន រក្សាឱ្យបាននូវឆ្នេរល្អស្អាតទឹកសមុទ្រខៀវស្រងាត់ រក្សាបានធនធានធម្មជាតិបាតសមុទ្រ ទាក់ទាញភ្ញៀវទេសចរជាតិអន្តរជាតិ អ្នកវិនិយោគមកទស្សនាកម្សាន្តប្រកបដោយផាសុកភាព៕

ដោយ ៖ សហការី


ចែករំលែក៖