ភ្នំពេញ ៖ សូមកោតសរសើរ និងថ្លែងអំណរគុណចំពោះសិល្បករ សិល្បការិនី កីទ្បាករ និងកីទ្បាការិនីទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ដើម្បីលើកស្ទួយវិស័យសិល្បៈ និងកីទ្បានៅកម្ពុជា ។នេះជា
ប្រសាសន៍របស់ លោក បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ក្នុងជួរសិល្បៈ និងកីទ្បា នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ ម្សិលមិញ ។
លោក បណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ៖ សូមកោតសរសើរ និងថ្លែងអំណរគុណចំពោះសិល្បករ សិល្បការិនី កីទ្បាករ និងកីទ្បាការិនីទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ដើម្បីលើកស្ទួយវិស័យសិល្បៈ និងកីទ្បានៅកម្ពុជា ក្នុងនាមជាប្រតិបត្តិករផ្ទាល់ រហូតមានការរីកចម្រើនរីកលូតលាស់ពេញផ្ទៃប្រទេស និងស្មើមុខស្មើមាត់លើឆាកអន្តរជាតិ។ លើសពីនេះ ក៏សូមកោតសរសើរចំពោះការរួបរួមគ្នាដោយប្រើប្រាស់ភាសា និងចង្វាក់នៃបេះដូងតែមួយ ក្នុងនាមជាសមាជិកបក្ស តាមរយៈការខិតខំប្រឹងប្រែងបង្ហាញទេពកោសល្យប្រកបដោយភាពច្នៃប្រឌិត ដើម្បីចូលរួមចំណែកជំរុញបុព្វហេតុដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា និងលើកកម្ពស់កិត្យានុភាពជាតិ។
លោក បណ្ឌិត ហ៊ុន ម៉ាណែត សូមសម្តែងនូវការគោរពចំពោះគំរូវីរភាពរបស់ សម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា, សម្តេចអនុប្រធាន និងថ្នាក់ដឹកនាំបក្សគ្រប់លំដាប់ថ្នាក់ ក៏ដូចជាសមាជិក-សមាជិកាបក្សទាំងអស់ ដែលបានចូលរួមចំណែកដោយផ្ទាល់ក្នុងបុព្វហេតុជាតិ មាតុភូមិ និងគណបក្ស ក្នុងគ្រប់ដំណាក់កាល ប្រកបដោយភាពអង់អាចក្លាហាន និងតស៊ូលះបង់ខ្ពស់ ដែលការណ៍នេះ ពិតជាបានផ្តល់នូវជីវិត ឱកាស និងក្តីសង្ឃឹម សម្រាប់ជាយុវជនជំនាន់ក្រោយទាំងក្នុងពេលបច្ចុប្បន្ន និងគ្រប់ជំនាន់ទៅមុខ។ ពិតណាស់ ដោយសារកត្តាសុខសន្តិភាព, ទើបកម្ពុជាអាចងើបឈរយ៉ាងរឹងមាំឡើងវិញដូចពេលបច្ចុប្បន្ននេះ ព្រមទាំងអាចរៀបចំព្រឹត្តិការណ៍ធំៗក្នុងវិស័យសិល្បៈ និងកីឡាទាំងថ្នាក់ជាតិ និងអន្តរជាតិ ជាពិសេសព្រឹតិ្តការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ជាដើម។ ក្នុងន័យនេះ សន្តិភាព គឺជាបរិស្ថានគ្របដណ្តប់ដ៏ចាំបាច់សម្រាប់សិល្បៈ និងកីឡា ដោយអាចនិយាយបានថា ទាំងសិល្បៈ និងកីឡា គឺរស់ក្នុងសន្តិភាព។
លោក បណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍លើកឡើងថា, ក្នុងរយៈកាលជាង ៤០ ឆ្នាំកន្លងមកនេះ, វិស័យសិល្បៈ និងកីទ្បានៅកម្ពុជា មានការវិវឌ្ឍប្រែប្រួលខ្លាំង អាស្រ័យដោយកត្តាអនុគ្រោះចំនួន ៣ គឺ៖ ទី១. ការដឹកនាំដែលមានគោលនយោបាយត្រឹមត្រូវ, ទី២. ភាពអំណោយផលនៃសុខសន្តិភាពពេញផ្ទៃប្រទេស និងសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋក្នុងគ្រប់ផ្នែកគ្រប់វិស័យ និងទី៣. ការផ្តល់ឱកាស និងគាំទ្រលើកទឹកចិត្តឱ្យប្រជាពលរដ្ឋគ្រប់រូបអាចបង្ហាញសមត្ថភាព និងបង្កើនសមត្ថភាពរបស់ខ្លួនទៅតាមទេពកោសល្យរៀងៗខ្លួន ៕
ដោយ ៖ សិលា