ព័ត៌មានទាន់ហេតុការណ៍៖

«សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន នៅប្រទេសឥណ្ឌូនេស៊ី»ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១០ ដល់ទី១១ ខែឧសភា ឆ្នាំ២០២៣

ចែករំលែក៖

ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់ លោក ចូកូ វីដូដូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី និងជាប្រធានប្តូរវេនឆ្នាំ២០២៣ នៃសមាគម ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធក្នុងក្របខ័ណ្ឌ អាស៊ាន ក្រោមមូលបទ “សារៈសំខាន់អាស៊ាន៖ស្នូលនៃកំណើន» ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១០ ដល់ទី១១ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុង ឡាប៊ូន បាចូ សាធារណរដ្ឋឥណ្ឌូនេស៊ី ។

អញ្ជើញអមដំណើរ សម្តេចតេជោនាយករដ្ឋមន្ត្រី រួមមានលោក ប្រាក់ សុខុន ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្តី ក្រសួងពាណិជ្ជកម្ម ព្រមទាំងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា និងធុរជនមួយចំនួននសភា ពាណិជ្ជកម្មកម្ពុជា ។

ថ្នាក់ដឹកនាំអាស៊ាន នឹងពិភាក្សាអំពីវិធីសាស្ត្រ និងមធ្យោបាយនានាក្នុងការរក្សានូវសន្ទុះន ការកសាងសហគមន៍អាស៊ាន ជំរុញលើរបៀបវារៈនៃការអភិវឌ្ឍប្រកបដោយចីរភាពរបស់អាស៊ាន ដើម្បីសម្រេចបាននូវសហគមន៍មួយប្រកបដោយបរិយាប័ន្ន ការចូលរួម និងកិច្ចសហប្រតិបត្តិការ ព្រមទាំងពន្លឿនការអភិវឌ្ឍនូវចក្ខុវិស័យរបស់សហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ សំដៅប្រែ ក្លាយអាស៊ាន ជាសហគមន៍ដែលតម្រង់ទិសដៅអនាគត និងជាតំបន់ប្រកបដោយសន្តិភាព ស្ថិរភាព សុវត្ថិភាព វិបុលភាព និងភាពធន់។

ថ្នាក់ដឹកនាំអាស៊ាន ក៏នឹងពិភាក្សាលើបញ្ហាក្នុងតំបន់ និងអន្តរជាតិដែលជាក្ដីបារម្ភ និងផល ប្រយោជន៍រួម រួមទាំងការអនុវត្តលើការព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចស្ដីពីមីយ៉ាន់ម៉ា និងសេចក្តី សម្រេចរបស់មេដឹកនាំអាស៊ាន និងការអនុវត្តលើទស្សនវិស័យរបស់អាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក ផងដែរ ។

នៅក្នុងអំឡុងពេលស្នាក់នៅទីក្រុង ឡាប៊ូល បាចូ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏នឹងមាន ជំនួបទ្វេភាគីជាមួយសមភាគីអាស៊ានរបស់សម្តេច និងឥស្សរជនអាស៊ាន មួយចំនួនផងដែរ។

នៅមុនកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន នេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM) កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សន្តិសុខ-នយោបាយអាស៊ាន (APSC) លើកទី២៦ និងកិច្ច ប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី៣៣ (ACC) ដើម្បីត្រៀមរៀបចំសម្រាប់កិច្ចប្រជុំ កំពូលអាស៊ានខាងលើនេះ៕

ដោយ ៖ សិលា


ចែករំលែក៖