ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃសៅរ៍ ទី១៣ ខែឧសភា ឆ្នាំ២០២៣ នេះលោក អ៊ុន ចាន់ដា សមាជិកគណៈកម្មធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងកំពង់ចាម អញ្ជើញជាអធិបតីក្នុងពិធីបញ្ចូលសមាជិកថ្មី ចំនួន ១,៤២៣ នាក់ មកពីសង្កាត់សំបួរមាស ចំនួន ៧១២ នាក់ និង សង្កាត់បឹងកុក ចំនួន ៧១២ នាក់ ដែលធ្វើឡើងនៅសាលាប្រជុំសរសរ ១០០ សម្តេចតេជោ សួនក្រញូង ស្ថិតក្នុងភូមិតាណេង សង្កាត់សំបួរមាស ក្រុងកំពង់ចាម។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក អុិត ប្រាំង សមាជិកគណៈកម្មាធិការកណ្ដាល អនុប្រធានទី១ ក្រុមការងារគណបក្សចុះមួយដ្ឋានក្រុងកំពង់ចាម សមា ជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត/ក្រុង ក្រុមការងារចុះជួយក្រុង/សង្កាត់ មន្ត្រីគណបក្ស និងសមាជិកសមាជិកាថ្មី ប្រមាណជា ១ ៥០០នាក់។
ក្នុងឱកាសសំណេះសំណាលជាមួយសមាជិកថ្មីលោកអ៊ុនចាន់ដា បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ សមាជិកថ្មី ដែលបានសម្រេចដ៏ត្រឹមត្រូវមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ លោក ក៏បានណែនាំដល់ប្រធានគណបក្សសង្កាត់ទាំង ពីរ ក៏ដូចជាក្រុមការងារស្នូល ត្រូវយកចិត្តទុកដាក់ខ្ពស់ លើការចិញ្ចឹមចលនាសមាជិកបក្ស និងការជួយសម្រប សម្រួលដល់សមាជិកបក្សរាល់ពេលពួក គាត់មានតម្រូវ ការ ឬមានសំណូមពរ ឬក៏ជួបបញ្ហាផ្សេងៗ ពិសេសគឺផ្សារភ្ជាប់ទៅនឹងការផ្ដល់-ទទួលសេវាសាធារណៈ ដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃ របស់ពួកគាត់ ។
លោកអ៊ុន ចាន់ដា ថ្លែងបន្តថា ការកសាងសមាជិកគណបក្សនៅមូលដ្ឋាន គឺជាការងារសំខាន់មួយ ពោលគឺត្រូវបង្កើនការយកចិត្តទុកដាក់លើការធ្វើអំពើល្អដល់សមាជិកបក្សបក្សរបស់ខ្លួន រួមទាំងប្រជាពលរដ្ឋទូទៅ។ ពីព្រោះ ប្រជាពលរដ្ឋខ្លះ ទោះបីមិនបានចូលជាសមាជិកបក្សប្រជាជន ប៉ុន្តែមិនមែនបានន័យថា ពួកគាត់មិនបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជានោះទេ ដូច្នេះមន្ត្រីបក្សមូលដ្ឋាន ក៏ត្រូវធ្វើអំពើល្អដាក់ពួកគាត់ផងដែរ។
លោក អ៊ុន ចាន់ដា បញ្ជាក់ថា រាល់សកម្មភាពបក្សទាំង អស់ គឺត្រូវប្រកាន់ខ្ជាប់នូវស្មារតី ដើម្បីផលប្រយោជន៍គណបក្ស និងប្រជាជន ដើម្បីកសាងកម្លាំងឱ្យកាន់តែមុតមាំក្នុងការប្រជែងយកជ័យជម្នះ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នឹងឈានមក ដល់ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាង មុខនេះ៕
ដោយ៖ សូរិយា