ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ ដោយ រថយន្តសណ្តោងទូកុងតឺន័រ បើកបុកនិងកិនអូសម៉ូតូពីក្រោយ បណ្តាលឲ្យស្រីម្នាក់ដែលជាអ្នកបើកម៉ូតូ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៧យប់ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ ស្ថិតតាមបណ្តោយផ្លូវ វេងស្រេង ត្រង់ចំណុងស្តុបសេះមាស សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សមត្ថិច្ចបានឲ្យដឹងថា សពស្រ្តីរងគ្រោះមានឈ្មោះ អ៊ុក ចន្នី អាយុប្រមាណ៣០ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មិនបញ្ជាក់ទីលំនៅ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានបញ្ជាក់ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញម៉ូតូស្រ្តីរងគ្រោះ ម៉ាក អាគុបជ្រុង ពាក់ស្លាកលេខស៊េរីចាស់ បានធ្វើដំណើតាមបណ្តោយផ្លូវវេងស្រេង ក្នុងទិសដៅពីកើតទៅលិច ស្របទិសដៅគ្នាជាមួយរថយន្តសណ្តោងទូកុងតឺន័រ ពាក់ស្លាកលេខ ត្បូងឃ្មំ 3A-3148 ដែលបានធ្វើដំណើរពីក្រោយម៉ូតូជនរងគ្រោះ ខណៈពេលមកដល់ស្តុបសេះមាស ដែលជាចំណុចកើតហេតុស្រាប់តែរថយន្តសណ្តោងទូកុងតឺន័រ បានបត់ស្តាំកៀរ និងកិនអូសម៉ូតូស្ត្រីរងគ្រោះដែលនៅខាងមុខ បណ្តាលឲ្យស្ត្រីជាម្ចាស់ម៉ូតូស្លាប់ភ្លាមៗ នៅក្រោមកង់ រថយន្តក្នុងថ្លុកឈាម ។ ភ្លាមៗនោះ តៃកុងរថយន្តបានបើកទ្វាររថយន្តរួចចុះពីលើរថយន្តបម្រុងរត់គេចខ្លួន តែត្រូវបានប្រជាពលរដ្ឋចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចនៅកន្លែងកើតហេតុ។
ក្រោយពីកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន រួមកម្លាំងសមត្ថកិច្ចជំនាញ បានចុះមកដល់កន្លែងកើតហេតុរួច ធ្វើការវាសវែង យកម៉ូតូ និង រថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រង់ចាំការដោះស្រាយ ។
ចំណែកសពស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ច ដាក់លើរថយន្តសាមុយយកទៅតម្កល់នៅវត្តអារាម ស្វែងរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី រីឯតៃកុងរថយន្តត្រូវបានបញ្ជូនខ្លួនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ដើម្បីចាត់ការតាមនីតិវិធី៕
ដោយ ៖ រ៉ារ៉ា