ព័ត៌មានទាន់ហេតុការណ៍៖

ពិធីប្រគល់-ទទួលអំណោយសម្ភារៈការិយាល័យ ពីរដ្ឋសភាវៀតណាម ជូនរដ្ឋសភាកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់-ទទួលអំណោយជាសម្ភារៈការិយាល័យពីរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជូនរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ពី​ លោក ង្វៀន ហ៊ុយតាំង (Nguyen Huy Tang) ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ 

ពិធីខាងលើក៏មានការអញ្ជើញចូលរួមពី សមាជិក សមាជិកា រដ្ឋសភា និងថ្នាក់ដឹកនាំនៃអគ្គលេខាធិការរដ្ឋសភាផងដែរ។

ដោយឡែក គណៈកម្មការ​ទី៤ នៃរដ្ឋសភា ប្រជុំផ្ទៃក្នុងពិនិត្យសេចក្តីព្រាងក្រមបរិស្ថាន​ និងធនធានធម្មជាតិ ។

សូមបញ្ជាក់ថា, នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ លោក ច័ន្ទ សុផល ប្រធានស្តីទីគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណ: នៃរដ្ឋសភា (គណៈកម្មការទី៤) បានដឹកនាំលេខាធិការ សមាជិក សមាជិកាគណៈកម្មការប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងក្រមបរិស្ថាន​ និងធនធានធម្មជាតិ នៅបន្ទប់ប្រជុំគណៈកម្មការទី៤ នៃរដ្ឋសភា។

សូមបញ្ជាក់ផងដែរថា សេចក្តីព្រាងក្រមបរិស្ថាន​ និងធនធានធម្មជាតិ ត្រូវបានគណៈកម្មាធិការអចិន្ត្រៃយ៍​រដ្ឋសភា នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ សម្រេចប្រគល់ជូនដល់គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា​ (គណៈកម្មការទី៣) ដោយសហការជាមួយគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណ: នៃរដ្ឋសភា (គណ:កម្មការទី៤) និងគណ:កម្មការនិតីកម្ម និងយុត្តិធម៌ នៃរដ្ឋសភា (គណៈកម្មការទី៦) ដើម្បីពិនិត្យសិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍​រដ្ឋសភាវិញ៕

ដោយ ៖ សិលា


ចែករំលែក៖