ព័ត៌មានទាន់ហេតុការណ៍៖

ទីក្រុងកំពង់ផែ ប្រទេសមីយ៉ាន់ម៉ា រងការប៉ះពាល់ខ្លាំង ដោយសារតែព្យុះ Mocha

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៥ ខែឧសភា ឆ្នាំ២០២៣ ក្រុមប្រដាប់អាវុធជនជាតិភាគតិចដ៏ធំមួយ និងបុគ្គលិកផ្តល់ជំនួយបាននិយាយនៅថ្ងៃចន្ទនេះថា ព្យុះភ្លៀងដ៏ខ្លាំងក្លាបំផុតមួយដែលបានវាយប្រហារមកលើប្រទេសមីយ៉ាន់ម៉ា ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ បានបង្កការរំខានយ៉ាងខ្លាំងដល់បណ្តាទំនាក់ទំនង នៅក្នុងរដ្ឋរ៉ាឃីន (Rakhine) ដែលមានភាពក្រីក្រស្រាប់។
ព្យុះស៊ីក្លូន Mocha បានបោកបក់មកលើនៅតំបន់ព្រំប្រទល់រវាងទីក្រុងខូស បាហ្សា (Cox’s Bazar) នៃប្រទេសបង់ក្លាដែស និងទីក្រុងកំពង់ផែស៉ីតវ៉េ (Sittwe) របស់ប្រទេសមីយ៉ាន់ម៉ា កាលពីរសៀលថ្ងៃអាទិត្យ (ម៉ោងក្នុងតំបន់) ជាព្យុះដ៏ធំបំផុតដែលបានកើតឡើងនៅឈូងសមុទ្របង់ហ្កាល់ (Bengal) ក្នុងរយៈពេលជាងមួយទសវត្សរ៍មកនេះ។ ជនភៀសខ្លួនជាង ១លាននាក់ក្នុងជំរំដែលងាយរងគ្រោះនៃប្រទេសបង់ក្លាដែស បានរួចផុតពីគ្រោះថ្នាក់ ប៉ុន្តែវាបានជន់លិចរដ្ឋធានីស៉ីតវ៉េ របស់រដ្ឋរ៉ាឃីន។
មុនពេលព្យុះស៊ីក្លូន Mocha បោកបក់មកដល់ មនុស្សប្រហែល ៤០០,០០០នាក់ ត្រូវបានជម្លៀសទាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងបង់ក្លាសដែស ខណៈដែលអាជ្ញាធរ និងភ្នាក់ងារផ្តល់ជំនួយព្យាយាមបញ្ចៀសការស្លាប់ ក៏ដូចជារបួសធ្ងន់ធ្ងរ។ បើតាមក្រុមអ្នកឆ្លើយឆ្លងព័ត៌មានរបស់ AFP បាននិយាយថា ផ្លូវទៅកាន់ទីក្រុងនេះពោរពេញដោយដើមឈើ បង្គោលភ្លើងបាក់រលំ និងខ្សែភ្លើងរប៉ាត់រប៉ាយ ហើយក្រុមជួយសង្គ្រោះ និងអ្នកស្រុកព្យាយាមចូលទៅក្នុងទីក្រុង ហើយខ្លះតម្រង់ជួរដើម្បីរង់ចាំ សាច់ញាតិរបស់ពួកគេ។
កាលពីឆ្នាំ២០០៨ ព្យុះស៊ីក្លូន Nargis បានបោកបក់ពាសពេញផ្នែកខ្លះនៃប្រទេសមីយ៉ាន់ម៉ា ជាមួយនិងកម្លាំងខ្យល់ ២៤០គីឡូម៉ែត្រក្នុងមួយម៉ោង ដោយបានសម្លាប់មនុស្សជិត ១៤០,០០០នាក់៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ Skynews


ចែករំលែក៖