ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្ត្រីថៃប្រាយុទ្ធចាន់អូចានឹងចាកចេញពីនយោបាយក្រោយបរាជ័យក្នុងការបោះឆ្នោត

ចែករំលែក៖

លោក Thanakorn Wangboonkongchana នាយករងនៃគណបក្ស United Thai National Party (UTN) បាននិយាយនៅថ្ងៃនេះថា នាយករដ្ឋមន្ត្រី Prayuth Chan-o-cha អាចនឹងពិចារណាបញ្ចប់អាជីពនយោបាយរបស់លោក ក្រោយបរាជ័យក្នុងការបោះឆ្នោត ។
យោងតាមសារព័ត៌មាន Thai PBS លោក Thanakorn បាននិយាយថា លោកផ្ទាល់ជឿជាក់ដូច្នេះ ទោះបីជាលោក Prayuth មិនបានបញ្ជាក់ពីផែនការរបស់លោកសម្រាប់អនាគតក៏ដោយ។ មុននោះ នាថ្ងៃទី ១២ ឧសភា នាយករដ្ឋមន្ត្រីថៃ លោក Prayuth Chan-o-cha បាននិយាយថា លោកនឹងចាកចេញពីនយោបាយ ប្រសិនបើគណបក្ស UTN ដែលលោកជាបេក្ខជននាយករដ្ឋមន្ត្រី និងជាអ្នកយុទ្ធសាស្ត្រសំខាន់ មិនទទួលបានអាសនៈគ្រប់គ្រាន់ក្នុងសភាតំណាងរាស្រ្ត ដើម្បីបង្កើតសភាថ្មី និង រដ្ឋាភិបាលថ្មី។
លោក Thanakorn បាននិយាយថា “លោក Prayuth Chan-o-cha បានធ្វើការដើម្បីប្រទេសពេញមួយជីវិតរបស់គាត់ និងដើម្បីផលប្រយោជន៍របស់ប្រជាជនថៃក្នុងអំឡុងពេលប្រាំបីឆ្នាំរបស់គាត់ជានាយករដ្ឋមន្ត្រី។ ដោយផ្ទាល់ខ្ញុំជឿថាពេលវេលានៅក្នុងនយោបាយគឺគ្រប់គ្រាន់ហើយ “។
មន្ត្រីរូបនេះបាននិយាយដូច្នេះបន្ទាប់ពីគណបក្ស UTN មិនទទួលបានអាសនៈគ្រប់គ្រាន់ក្នុងសភាដូចការរំពឹងទុក។ តាមលទ្ធផលដែលបានប្រកាសដោយគណៈកម្មាធិការរៀបចំការបោះឆ្នោត UTN ទទួលបានតែ ៣៦ អាសនៈក្នុងរដ្ឋសភា។ មនុស្សជាច្រើនគិតថា UTN គួរតែទទួលបានអាសនៈបន្ថែមទៀតនៅក្នុងសភាតំណាងរាស្រ្ត ព្រោះលោក Prayuth គឺជាបេក្ខភាពនាយករដ្ឋមន្ត្រីនៃ UTN។

ពេលដឹងលទ្ធផលបោះឆ្នោត ថ្នាក់ដឹកនាំ UTN បានពិភាក្សាពីអនាគតបក្សក្នុងកិច្ចប្រជុំក្រៅផ្លូវការ។ Thanakorn បាននិយាយថា គាត់បានចូលរួមជាមួយ UTN ដោយសារតែលោក Prayuth ដូច្នេះគាត់នឹងធ្វើតាមការសម្រេចចិត្តណាមួយដែលធ្វើឡើងដោយនាយករដ្ឋមន្ត្រី Prayuth ។ លោក Thanakorn បច្ចុប្បន្នជារដ្ឋមន្ត្រីនៃការិយាល័យនាយករដ្ឋមន្ត្រីថៃ៕

ដោយ៖ ធីរីណា(រូប​ថត​ ៖ Thai PBS)


ចែករំលែក៖