ភ្នំពេញ ៖ សារលិខិតជូនពរ
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទ ផ្ញើជូនកងកម្លាំងនគរបាលជាតិ ក្នុងទិវារំឭកខួបអនុស្សាវរីយ៍លើកទី ៧៨ ថ្ងៃកំណើតនគរបាលជាតិ
ឯកឧត្តម លោកជំទាវ លោក លោកស្រី កងកម្លាំងនគរបាលជាតិ ជាទីស្នេហា !
ក្រោមស្នាព្រហស្តដ៏ថ្លៃថ្លារបស់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបាទសម្តេច ព្រះនរោត្តមសីហនុ “ ព្រះបរមរតនកោដ្ឋ” អង្គប្រតិបត្តិច្បាប់ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការធានារក្សាសន្តិសុខ សណ្ដាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គម ត្រូវបានបង្កើតឡើងដោយប្រសិទ្ធនាមថា “ នគរបាលជាតិ ” ដែលគិតមក ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ នេះមានអាយុកាល ៧៨ឆ្នាំហើយ។
ស្ថិតក្នុងឱកាសដ៏មហាវិសេសវិសាលនៃខួបអនុស្សាវរីយ៍ជាប្រវត្តិសាស្ត្រនេះ តាងនាមថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមសម្ដែងនូវមនោសញ្ចេតនារំភើបរីករាយចូលរួមអបអរសាទរ និង ជូនពរដល់ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិ ពិសេសនិវត្តន៍ជននគរបាលជាតិ ក៏ដូចជាក្រុមគ្រួសារ សូមមាន សុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន អាយុយឺនយូរ និងសូមរស់នៅប្រកបដោយសុភមង្គល។ ទន្ទឹមនេះក៏ សូមផ្ដាំផ្ញើនូវការសាកសួរសុខទុក្ខ និងជូនពរដល់កងកម្លាំងនគរបាលជាតិដែលកំពុងសម្រាកព្យាបាលនៅ តាមមន្ទីរពេទ្យ មណ្ឌលសុខភាព ឬ គេហដ្ឋាន សូមឆាប់ជាសះស្បើយពីជំងឺគ្រប់ប្រភេទ ដើម្បីបានវិលមករួម រស់ជាមួយក្រុមគ្រួសារ សាច់ញាតិ និងបានមកបំពេញការងារនៅតាមអង្គភាពវិញ។
ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាទីមេត្រី !
ទោះបីព្រះរាជាណាចក្រកម្ពុជាយើងទទួលរងនូវឥទ្ធិពលទាំងផ្ទាល់ និងប្រយោលពីការប្រែប្រួល យ៉ាងឆាប់រហ័សពុំអាចប៉ាន់ស្មានបាន ប្រកបដោយហានិភ័យនៃស្ថានការណ៍សកលលោកយ៉ាងណាក្តី ប៉ុន្តែ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី បានធ្វើឲ្យប្រទេសជាតិមានសន្តិភាព ខឿនឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី ត្រូវបានការពារយ៉ាង រឹងមាំ សន្តិសុខជាតិ និងសន្តិសុខផ្ទៃក្នុងត្រូវបានធានាទាំងស្រុង ព្រមទាំងបង្គលក្ខណៈសម្បត្តិល្អប្រសើរដល់ ការអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ។ ការដាក់ចេញកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ ប្រកបដោយបទពិសោធន៍ក្នុងការគ្រប់គ្រងស្ថានការណ៍ប្រឆាំងជំងឺកូវីដ-១៩ ពិសេសនយោបាយចាក់ស្រោច វ៉ាក់សាំងរបស់រាជរដ្ឋាភិបាល បានធ្វើឲ្យកម្ពុជាមានសមត្ថភាពស្ទុះក្រោកចេញពីគ្រោះថ្នាក់នៃវិបត្តិសុខភាព សាធារណៈដែលមានលក្ខណៈជាសកលនេះ ព្រមទាំងបើកដំណើរការប្រទេសជាតិលើគ្រប់វិស័យឡើងវិញ តាមគន្លងថ្មីប្រកបដោយភាពអំណត់អត់ធន់។ សមិទ្ធផលដ៏ត្រចេះត្រចង់ទាំងអស់នេះមិនអាចកាត់ផ្តាច់ ចេញពីការចូលរួមចំណែកប្រកបដោយពលិកម្មដ៏ធំធេង របស់កងកម្លាំងនគរបាលជាតិបានឡើយ។
រយៈពេលពេញមួយឆ្នាំកន្លងទៅនេះ កងកម្លាំងនគរបាលជាតិសម្រេចបាននូវវឌ្ឍនភាពការងារ ជាច្រើនដោយបានសហការប្រកៀកស្នាយ៉ាងជិតស្និទ្ធជាមួយកងយោធពលខេមរភូមិន្ទ ការពារអធិបតេយ្យជាតិ បូរណភាពទឹកដី រក្សាបានព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ព្រមទាំងបានចាត់ វិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីបង្ការទប់ស្កាត់អំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ស្របពេល ដែលយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ការអនុវត្តផែនការប្រតិបត្តិការបង្កើនការប្រយុទ្ធប្រឆាំង គ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ការអនុវត្តច្បាប់អន្តោប្រវេសន៍ ច្បាប់ ចរាចរណ៍ផ្លូវគោក ការលុបបំបាត់ការដាក់ប៉ុស្តិ៍ត្រួតពិនិត្យអនាធិបតេយ្យ យុទ្ធនាការការពារធនធានធម្មជាតិ ការបង្ក្រាបបទល្មើសព្រៃឈើ និងជលផលនៅបឹងទន្លេសាប ល្បែងស៊ីសងគ្រប់ប្រភេទ ក្មេងទំនើង ពិសេស ការប្រយុទ្ធប្រឆាំងបទល្មើសសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធ មហាប្រល័យ ទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់ ក្នុងខណៈពេលដែលការងារពង្រឹងការអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោក ការកែលម្អ និងការដោះស្រាយសណ្តាប់ធ្នាប់សាធារណៈ ត្រូវបានលើកកម្ពស់ និងប្រតិបត្តិ ជាប់ជាប្រចាំដូចភ្លៀងរលឹម។ កងកម្លាំងនគរបាលជាតិក៏បានបំពេញតួនាទីជាសេវាករបម្រើនូវសេវាតម្រូវការ ចាំបាច់ និងសំណូមពររបស់ប្រជាពលរដ្ឋដោយស្មារតីទទួលខុសត្រូវខ្ពស់ និងបានក្លាយជាចលករប្រកបដោយ ថាមពលក្នុងការជំរុញការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ដែលជាគោលនយោបាយ ជាតិដ៏សំខាន់សម្រាប់គាំទ្រ និងពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពក្នុងសហគមន៍ទូទាំង ប្រទេស។ ក្រៅពីការអនុវត្តភារកិច្ចស្នូលខាងលើ កងកម្លាំងនគរបាលជាតិបានរួមចំណែកយ៉ាងសស្រាក់សសំ ក្នុងសកម្មភាពជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារគ្រោះធម្មជាតិ និងគ្រោះថ្នាក់ផ្សេងៗ ប្រកប ដោយឆន្ទៈមុតស្រួច និងស្មារតីអង់អាចក្លាហាន។
ស្នាដៃលេចធ្លោ និងត្រូវបានកត់សម្គាល់ក្នុងឆ្នាំ២០២២ កន្លងទៅនេះបានស្ដែងឲ្យឃើញតាមរយៈ កិច្ចខិតខំប្រឹងប្រែងក្នុងការចាត់វិធានការការពារដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិ ទី៥ សន្និសីទអាស៊ានណាប៉ូលលើកទី៤០ មហាសន្និបាតសភាអាស៊ីលើកទី៤៣ កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះឲ្យប្រព្រឹត្តទៅប្រកបដោយ ភាពជោគជ័យ និងមានសុវត្ថិភាពទាំងស្រុងដោយបានរួមចំណែកលើកស្ទួយកិត្តិយស និងកិត្យានុភាពជាតិ នៅលើឆាកអន្តរជាតិ។
ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ខ្ញុំសូមសម្ដែងនូវការកោតសរសើរយ៉ាងស្មោះស្ម័គ្រចំពោះ កងកម្លាំងនគរបាលជាតិគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនយ៉ាង សកម្មផុលផុសប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការពង្រឹងការអនុវត្តច្បាប់ ក៏ដូចជាគោលការណ៍ បទបញ្ជា វិធានការនានារបស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ដោយបានរួមចំណែកយ៉ាងធំធេងធ្វើឲ្យ សង្គមកម្ពុជាមានការរីកចម្រើនប្រកបដោយកិត្តិយស និងសេចក្ដីថ្លៃថ្នូរ។
ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាទីរាប់អាន !
សម្រាប់ឆ្នាំ២០២៣ នេះកងកម្លាំងនគរបាលជាតិទូទាំងប្រទេស ត្រូវបន្តបេសកកម្មដើម្បីធានា ឲ្យបាននូវបរិយាកាសសន្តិសុខប្រកបដោយភាពវិជ្ជមាន និងដោះស្រាយបញ្ហាប្រឈមនានាដែលបណ្តាលមក ពីឥទ្ធិពលក្នុងតំបន់ និងសកលលោក ក៏ដូចជាការបន្តចាត់វិធានការបង្ការបង្ក្រាបបទឧក្រិដ្ឋឆ្លងដែន បទល្មើស ព្រហ្មទណ្ឌគ្រប់ប្រភេទ បទល្មើសគ្រឿងញៀន អំពើជួញដូរមនុស្ស ពិសេសស្ត្រី-កុមារ បទល្មើសបច្ចេកវិទ្យាឆ្លើយតបចំពោះភាពម្ចាស់ការលើសភាពការណ៍ និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិសំខាន់ៗ រួមមាន៖ ការប្រកួត កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ដែលកំពុងប្រព្រឹត្តទៅ កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលនឹងរៀបចំ នាពេលខាងមុខ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឲ្យដំណើរការប្រកបដោយភាព ស្ងប់ស្ងាត់ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង និងគ្មានការបំភិតបំភ័យ។
ខ្ញុំមានសេចក្តីសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា កងកម្លាំងនគរបាលជាតិគ្រប់ជាន់ថ្នាក់នឹងបន្ត អភិវឌ្ឍខ្លួនឲ្យកាន់តែល្អប្រសើរថែមទៀត ក្នុងនាមជាសេវាករបម្រើប្រជាពលរដ្ឋប្រកបដោយគុណធម៌ សីលធម៌ និងមានមនសិការវិជ្ជាជីវៈ លើកកម្ពស់សក្តានុពល និងកិត្តិយស សេចក្តីថ្លៃថ្នូរ ឈរយ៉ាងរឹងមាំជាសសរស្ដម្ភ នៃសន្តិសុខ សុវត្ថិភាពសង្គម ដើម្បីបម្រើប្រយោជន៍ប្រជាពលរដ្ឋ និងប្រទេសជាតិគ្រប់កាលៈទេសៈ។
ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាទីនឹករឭក
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងក្នុងនាមគណៈ បញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត ខ្ញុំសំណូមពរដល់កងកម្លាំងនគរបាលជាតិដែលមានតួនាទី ជាភ្នាក់ងារសន្តិសុខបោះឆ្នោត សូមយកចិត្តទុកដាក់ពង្រឹងស្មារតីទទួលខុសត្រូវ បំពេញបេសកកម្មរបស់ខ្លួន ឲ្យបានម៉ឺងម៉ាត់ ហ្មត់ចត់ ដោយគោរពតាមច្បាប់ បទបញ្ជា នីតិវិធីសម្រាប់ការបោះឆ្នោត និងអនុវត្តយ៉ាង ខ្ជាប់ខ្ជួននូវក្រមសីលធម៌ ព្រមទាំងរក្សាបាននូវអព្យាក្រឹតភាព ក្នុងនាមជាភ្នាក់ងារសន្តិសុខបោះឆ្នោត។
មុននឹងបញ្ចប់ខ្ញុំសូមឧទ្ទិសនូវទឹកចិត្តកតញ្ញូកតវេទីជូនចំពោះវិញ្ញាណក្ខន្ធបុព្វបុរស នៃកងកម្លាំង នគរបាលជាតិគ្រប់ជំនាន់ ដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាពលរដ្ឋ និងសង្គមជាតិ ព្រមទាំងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាពលរដ្ឋទូទាំងប្រទេស ដែលបាន អនុញ្ញាតឲ្យកូនចៅ ស្វាមី ភរិយា សាច់ញាតិ ចូលបម្រើក្នុងជួរកងកម្លាំងនគរបាលជាតិ និងបានជួយឧបត្ថម្ភ គាំទ្រគ្រប់បែបយ៉ាងដល់បេសកកម្មរបស់នគរបាលជាតិតាំងពីដើមរៀងរហូតមក ហើយក៏សូមសំណូមពរឲ្យ កងកម្លាំងនគរបាលជាតិបន្តធ្វើគំរូល្អដល់ប្រជាពលរដ្ឋ ក្នុងការលើកកម្ពស់ស្មារតីអនុវត្តច្បាប់ និងបង្កើនការ ប្រុងប្រយ័ត្នថែទាំសុខភាពផ្ទាល់ខ្លួន-គ្រួសារ ដោយត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល និងវិធានការ “ ៣ការពារ ៣កុំ ” ឲ្យបានគ្រប់ៗគ្នា។
នាឱកាសទិវារំឭកខួបអនុស្សាវរីយ៍លើកទី៧៨ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ក្នុងនាមថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមបួងសួងដល់វត្ថុស័ក្ដិសិទ្ធិទាំងឡាយក្នុងលោក សូមជួយប្រោះព្រំ សព្ទសាធុការពរ បវរំសួស្ដី សិរីមង្គល វិបុលសុខគ្រប់ប្រការជូនដល់កងកម្លាំងនគរបាលជាតិទូទាំងប្រទេស សូមប្រកបដោយពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕
ដោយ ៖ សិលា