ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ សហការជាមួយមន្ត្រីជំនាញប៉ុស្ដិ៍រដ្ឋបាលដង្កោបានធ្វេីការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានម្នាក់ក្នុងចំណោមបក្ខពួក០៤នាក់ កាលពីវេលាម៉ោង១៩ និង០០នាទី ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ម្សិលមិញ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោសដោយការប្រើអំពើហិង្សា (ប្រើកន្ត្រៃកាត់ខ្សែភ្លើង) កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង០៣ និង០០នាទីទៀបភ្លឺ ត្រង់ ចំណុចឃ្លាំងគ្មានលេខ ផ្លូវបេតុង ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ កន្លងទៅ។
ជនរងគ្រោះឈ្មោះ ស៊ូ ដាវិន ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន មានទីលំនៅ ផ្ទះលេខE៣០ ផ្លូវបេតុង ស្ថិតក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ចំណែកជនសង្ស័យម្នាក់ដែលឃាត់ខ្លួនមានឈ្មោះ ជ្រាវ ជ្រឿន ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅទីលានចាក់សំរាម ផ្លូវលំភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានី ភ្នំពេញ ។
សម្ភារខូចខាត បាត់បង់៖ ១-ខ្សែភ្លើងប្រវែង៤៥ម៉ែត្រ។
ចំណែកវត្ថុតាងចាប់យក៖ ១-កន្រ្តៃកាត់ខ្សែភ្លើងដងដែក ពណទឹកក្រូចប្រវែង៦០សង់ទីម៉ែត្រចំនួន០១, ០២-ទូរស័ព្ទដៃម៉ាកVIVO ពណ៌ប្រផេះ ។
គួររំលឹកថា ៖ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង០៨និង០០នាទី ជនរងគ្រោះឈ្មោះ ស៊ូ ដាវិន ភេទប្រុស អាយុ៤៩ឆ្នាំ បានធ្វើដំណើរចេញពីផ្ទះលេខE30 ផ្លូវបេតុង ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ទៅខេត្តតាកែវ ស្រាប់តែឈ្មោះ កឹម វណ្ណៈ ភេទប្រុស អាយុ៤០ឆ្នាំ ជាប្រធានសន្តិសុខយាមឃ្លាំង បានទូរស័ព្ទប្រាប់ជនរងគ្រោះថា យប់មិញមានចោរបានផ្លោះរបងឃ្លាំងចូលលួចកាត់ខ្សែភ្លើង ហើយជនរងគ្រោះបានឲ្យឈ្មោះ កឹម វណ្ណៈ ថតរូបភាពផ្ញើឱ្យជនរងគ្រោះតាមរយៈតេឡេក្រាមមើល ឃើញខ្សែភ្លើងត្រូវបានជនសង្ស័យមិនស្គាល់អត្តសញ្ញាណលួចកាត់អស់ប្រវែង៤៥ម៉ែត្ររួចរត់គេចខ្លួនបាត់ និងបន្សល់ទុកនៅកន្លែងកើតហេតុមាន៖ ១-ខ្សែភ្លើងកាត់ផ្តាច់រួចចំនួន២៤កំណាត់, ២/កន្ត្រៃកាត់ខ្សែភ្លើងដងដែក ពណ៌ ទឹកក្រូចប្រវែង៦០សង់ទីម៉ែត្រចំនួន០១, ៣-ទូរស័ព្ទដៃម៉ាកVIVO ០១គ្រឿង។
រហូតដល់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ ជនរងគ្រោះក៏បានមករាយការណ៍ប្រាប់សមត្ថកិច្ចនិងដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ដើម្បីឱ្យសមត្ថកិច្ចជួយស្រាវជ្រាវរកជនសង្ស័យយកមកធ្វើការសាកសួរតាមនីតិវិធីច្បាប់ ហើយបានប្រគល់វត្ថុតាងខាងលេីឱ្យសមត្ថកិច្ចរក្សាទុកជាវត្ថុតាងផងដែរ ។
លុះដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១៩និង០០នាទី កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យឈ្មោះ ជ្រាវ ជ្រឿន ភេទប្រុស អាយុ២៨ឆ្នាំ ត្រង់ចំណុចទីលានចាក់សំរាម ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោតាមនីតិវិធីច្បាប់។
ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រូបគេ (ជនសង្ស័យ) និងបក្ខពួកចំនួន០៤នាក់ទៀត ទី១-ឈ្មោះ វណ្ណ ភេទប្រុស អាយុ២៩ឆ្នាំ ទី២-ឈ្មោះ ង៉ោល ភេទប្រុស អាយុ៣២ឆ្នាំ ទី៣-ឈ្មោះ ភឿន ភេទប្រុស អាយុ២៣ឆ្នាំ ទី៤-ឈ្មោះ ម៉ាប់ ភេទប្រុស អាយុ២៥ឆ្នាំ ពិតជាបានធ្វើសកម្មភាពផ្លោះរបងចូលក្នុងឃ្លាំងលួចកាត់ខ្សែភ្លើងរបស់ជនរងគ្រោះ ហើយបានទទួលស្គាល់ថា វត្ថុតាង ១/កន្ត្រៃកាត់ខ្សែភ្លើងដងដែក ពណ៌ទឹកក្រូចប្រវែង៦០សង់ទីម៉ែត្រចំនួន០១, ២/ទូរស័ព្ទដៃម៉ាក VIVO ពណ៌ប្រផេះប្រើស៊ីម០១គ្រឿង ពិតជារបស់រូបគេ (ជនសង្ស័យ) ប្រាកដមែន ។
បន្ទាប់ពីមានចម្លេីយសារភាពរបស់ជនសង្ស័យហើយ និងមានការសម្របសម្រួលពីលោក សុក កែវបណ្ឌិត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាតឱ្យសមត្ថកិច្ចធ្វេីការឃាត់ខ្លួនជនសង្ស័យដើម្បីចាត់ការតាមផ្លូវច្បាប់៕
ដោយ ៖ ភារ៉ា ដង្កោ