ភ្នំពេញ៖ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌខណ្ឌដង្កោ កំពុងកសាងសំណុំរឿង និងត្រៀមបញ្ជូនខ្លួនស្រ្ដីជាឃាតកម្នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃស្អែកនេះ បន្ទាប់ពីជនដៃដល់បានប្រើដំបងឫស្សី,ដុំថ្ម,ក្តារបារ៉ែតវ៉ៃស្រ្តីម្នាក់មានសតិមិនគ្រប់បណ្តាលឱ្យស្លាប់ កាលពីថ្ងៃទី១៦ ខែឧសភាម្សិលមិញនេះ ត្រង់ចំណុចរោងទុកចោល ផ្លូវបតុងព្រៃស ស្ថិតនៅព្រៃសលិច សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
មន្រ្តីនគរបាលខណ្ឌដង្កោ បានឱ្យដឹងទៀតថា៖ ជនរងគ្រោះមិនស្គាល់ឈ្មោះ ភេទស្រី អាយុប្រហែល៥០ឆ្នាំ ជនជាតិខ្មែរ (មានសតិមិនគ្រប់គ្រាន់) មិនស្គាល់ ទីលំនៅ ស្នាក់នៅរោងទុកចោល ផ្លូវបេតុងព្រៃស ស្ថិតនៅព្រៃសលិច សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ ឈីម ថាវី ភេទស្រី អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបររើសអេតចាយ (មានសតិមិនសូវគ្រប់ម្តងៗ) ស្នាក់នៅរោងទុកចោល ផ្លូវបេតុងព្រៃស ស្ថិតនៅភូមិព្រៃសលិច សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
វត្ថុតាងចាប់យក៖ ដំបងឫស្សីទំហំប៉ុនកំភួនដៃមនុស្សចាស់ប្រវែង២៥០សង់ទីម៉ែត្រចំនួន០១ដើម, ដុំថ្មមួយចំនួន, ក្តារបារ៉ែតទំហំមួយម៉ែត្របួនជ្រុង០១សន្លឹក។
មន្រ្តីដដែលបន្តថា កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១២និង១០នាទី ជនសង្ស័យឈ្មោះ ឈីម ថាវី ភេទស្រី អាយុ៥៣ឆ្នាំ (មានសតិមិនសូវគ្រប់ម្តងៗ) បាននាំជនរងគ្រោះ(សព) មិនស្គាល់ឈ្មោះ ភេទស្រី អាយុប្រហែល៥០ឆ្នាំ (មានសតិមិនគ្រប់គ្រាន់) មកពីស្ថានីយប្រេងសាំងតូតាល់ ភ្លើងស្តុបវត្តឫស្សីសាញ់ ផ្លូវបេតុងព្រៃស ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ មកស្នាក់នៅក្នុងរោងទុកចោលខាងលើជាមួយជនសង្ស័យ។ លុះមកដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង០៩និង៣០នាទី ឈ្មោះ ញឹក សុជាតា ភេទស្រី អាយុ២៧ឆ្នាំ ដែលមានតូបលក់ដូរក្បែររោងជនសង្ស័យស្នាក់នៅចម្ងាយប្រហែល១០ម៉ែត្រ ស្ថិតនៅភូមិព្រៃសលិចបានឃើញជនសង្ស័យយកក្តារបារ៉ែតសង្កត់ពីលើជនរងគ្រោះ ហើយយកដុំថ្មដាក់គរថែមពីលើ រួចយកដំបងឫស្សី ប្រវែង២៥០សង់ទីម៉ែត្រវ៉ៃក្បាលថែមទៀត។
ពេលឈ្មោះ ញឹក សុជាតា ឃើញដូចនេះក៏បានដើរទៅមើល ក៏ឃើញជនរងគ្រោះ(សព) ដេកស្លាប់នៅក្រោមក្តារបារ៉ែតនោះ រួចក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស ចុះជួយធ្វើអន្តរាគមន៍ ហើយសមត្ថកិច្ចយើងក៏បានចុះទៅដល់កន្លែងកើតហេតុ ឃាត់ខ្លួនជនសង្ស័យ និងមានការបំភ្លឺពីសាក្សី ចងខ្សែហ៊ុមព័ទ្ធកន្លែងកើតហេតុ។ ក្រោយពីសាកសួរទៅលើជនសង្ស័យបានឱ្យសមត្ថកិច្ចជំនាញដឹងថាជនរងគ្រោះ(សព) កន្លងមកធ្លាប់រស់នៅមណ្ឌលព្រៃស្ពឺ ស្ថិតនៅភូមិព្រៃស្ពឺ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជាមួយជនសង្ស័យហើយធ្លាប់ធ្វើសកម្មភាពវ៉ៃជនសង្ស័យ រួចនៅមុនពេលកើតហេតុ ជនរងគ្រោះ(សព) បានប៉ុនប៉ងធ្វើសកម្មភាពវ៉ៃជនសង្ស័យម្តងទៀត ទើបជនសង្ស័យវ៉ៃជនរងគ្រោះបណ្តាលឱ្យ ស្លាប់តែម្តង។
បច្ចុប្បន្នជនសង្ស័យខាងលេីនេះ ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ និងត្រៀមខ្លួនបញ្ជូនទៅកាន់តុលាការ ដេីម្បីចាត់ការតាមច្បាប់៕
ដោយ ៖ ភារ៉ា ដង្កោ