ភ្នំពេញ ៖ ក្រុមចោរប្រដាប់អាវុធចំនួន០៤នាក់ បានធ្វេីសកម្មភាពប្រេីកាំភ្លេីងវាយក្បាលមន្ត្រីប៉ូលិសព្រំដែនម្នាក់ឱ្យរងរបួសនិងបាញ់ចំនួន០៣គ្រាប់គំរាមដល់អាជីវករ ដោយប្លន់យកមាស និងផ្លាកទីនបានសម្រេច បេីគិតជាទឹកប្រាក់ជាង២០មុឺនដុល្លារនិងគេចខ្លួនដោយសុវត្តិភាព ។
ហេតុការណ៍ខាងលើនេះបានបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៧ និង៣០នាទីព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅចំណុចក្នុងផ្សារស្ទឹងមានជ័យចាស់ ក្រុម១ ភូមិមានជ័យ២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ អ៊ន ហៀក ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរមន្ត្រីប៉ូលិសព្រំដែន ស្នាក់នៅផ្ទះលេខ៧៨ ក្រុម២ ភូមិមានជ័យ២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។ ចំណែកប្រពន្ធមានឈ្មោះ អ៊ុង ផល្លា អាយុ៥២ឆ្នាំ មុខរបរលក់មាស ស្នាក់នៅជាមួយគ្នា។
បេីតាមសម្ដីជនរងគ្រោះបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានស្ពាយមាសទឹក១០ចំនួន១២តម្លឹង ផ្លាកទីនទឹក៧និងទឹក៣ចំនួន២០០តម្លឹង និងលុយខ្មែរ ១.៥០០.០០០រៀល ដោយចេញពីផ្ទះរបស់គាត់រួចដើរទៅតូបលក់មាសរបស់ប្រពន្ធគាត់នៅក្នុងផ្សារស្ទឹងមានជ័យចាស់ ។ ស្របពេលនោះក៏មានជនសង្ស័យចំនួន៤នាក់ជិះម៉ូតូ២គ្រឿងប្រដាប់ដោយអាវុធខ្លី២ដើមជិះតាមគាត់ពីក្រោយហើយដកកាំភ្លើងវាយក្បាលរបស់គាត់និងប្រតាយប្រតប់គ្នាដណ្តើមយកកាបូបដាក់គ្រឿងអលង្ការរបស់គាត់ ព្រមទាំងបាញ់គំរាមក្រុមអាជីវករចំនួន៣គ្រាប់ ហើយនាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល ។
ក្រោយពេលកើតហេតុ ក៏មានវត្តមានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យទី១ កម្លាំងជំនាញនគរបាលខណ្ឌមានជ័យ កម្លាំងព្រហ្មទណ្ឌកំរិតធ្ងន់និងស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងអាវុធហត្ថខណ្ឌនិងក្រុង កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានចុះមកដល់ទីតាំងកើតហេតុដើម្បីបើកការស្រាវវជ្រាវតាមកាមេរ៉ាសុវត្ថិភាពកំណត់មុខសញ្ញាក្រុមជនសង្ស័យខាងលើ ដេីម្បីស្វែងរកចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់ឱ្យខានតែបាន ៕
ដោយ ៖ ភារ៉ា ដង្កោ