ខេត្តបន្ទាយមានជ័យ ៖ លោកគង់ សំណាង ចាងហ្វាងសារព័ត៌មានអំណាចប្រជាជន ឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ ពេលកំពុងបើកឡាន ក៏បានបើកឡានបុកម៉ូតូស្លាប់យុវតីម្នាក់ បុកហើយគេចខ្លួនបាត់គិតចាប់ពីថ្ងៃទី១៦ឧសភាឆ្នាំ២០២៣រហូតមកដល់នេះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ សមត្ថកិច្ចនគរបាលយុត្តិធម៌ ចរាចរណ៍ ខេត្តបន្ទាយមានជ័យ បានឲ្យចូលខ្លួនមកដោះស្រាយ។
សមត្ថកិច្ចនគរបាលចរាចរណ៍ខេត្តបន្ទាយមានជ័យ បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ថា ជនបង្កមាន ឈ្មោះ គង់ សំណាង ភេទប្រុសអាយុប្រហែលជាង៥០ឆ្នាំ ជាចាងហ្វាងសារព័ត៌មានអំណាចប្រជាជន(PPN)ឡាយ។
មុនពេលកើតហេតុនោះ លោក គង់ សំណាង បានបើក រថយន្តម៉ាកកាំម៉ារីចង្កូតស្តាំ មានបំពាក់ផ្លាកលេខសេះហោះ ជាមួយឡូហ្គោ (PPNផ្សាយផ្ទាល់) បើកក្នុងល្បឿនលឿន ទិសដៅពីត្បូងទៅជើង បើកមកដល់កន្លែងកើតហេតុ បានប្តូរគន្លងបត់ឆ្វេងទៅលិចតាមផ្លូវបរិវេណផ្សារស្របពេលនោះបានប៉ះម៉ូតូ១គ្រឿង។ ហើយរថយន្តនិងម៉ូតូបានបើកបរ ក្នុងទិសដៅស្របគ្នាក្រោយពីរថយន្តធ្វើការបត់ភ្លាមៗ ក្នុងពេលម៉ូតូបើកពីក្រោយ បុករថយន្តពេញទំហឹងដួលលើថ្នល់ជាតិ ពេលនោះរថយន្តបើកថយក្រោយកិនបន្ថែមពីលើអ្នកបើកម៉ូតូ ដែលគ្មានពាក់មួកសុវត្ថិភាពបណ្តាលឲ្យអ្នកម៉ូតូរបួសធ្ងន់ ហើយបានស្លាប់ ពេលដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ សាក្សី កាមេរ៉ាសុវត្ថិភាពនិងសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា មូលហេតុនៃគ្រោះថ្នាក់នេះបង្កមកពីរថយន្តប្ដូរគន្លងបត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន។ មកទល់ថ្ងៃទី១៧ខែឧសភានេះ លោកគង់ សំណាង បានគេចខ្លួនបាត់ ហើយបិទការទាក់ទង ។
នគរបាលចរាចរណ៍ផ្លូវគោកបានឲ្យដឹងថាករណីរថយន្តចង្កូតស្តាំគ្មានពន្ធ គ្មានស្លាកលេខ ឬស្លាកសេះហោះ ឈ្មោះ”ពាក់ស្លាកសញ្ញា”PPN ម្ចាស់រថយន្តចង្កូតស្តាំ ស្លាកលេខសេះហោះ ។
សូមរំលឹកថាគ្រោះថ្នាក់ចរាចរនេះកើតឡើងនៅវេលាម៉ោង១១ព្រឹក ថ្ងៃទី១៦ ខែឧសភាឆ្នាំ២០២៣ លើផ្លូវបេតុងក្នុង បវិវេណ ផ្សារធំមានជ័យ ស្ថិតក្នុងភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
ជនរងគ្រោះជិះម៉ូតូ ម៉ូតូPCXពាក់ផ្លាកលេខ1Z-3902បន្ទាយមានជ័យ អ្នកបើកមានឈ្មោះ យ៉ា ភេទស្រី អាយុ១៤ឆ្នាំ រស់នៅជាមួយម្តាយនៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ពាក់ព័ន្ធករណី រថយន្តរបស់ លោក គង់ សំណាង ចាងហ្វាងសារព័ត៌មានអំណាចប្រជាជន ពាក់ស្លាកលេខសេះហោះ លោកហ៊ុយវណ្ណៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានសរសេរលើ facebook យ៉ាងដូច្នេះថា, ១/. សមត្ថកិច្ច! បើឃើញរបៀបនេះ ចាប់វៃខ្នោះសិនទៅ ដំបូងបំផុត គឺចោទពីបទប្រើស្លាកលេខក្លែងក្លាយ!
២/. ក៏ជូនប្អូនម្ចាស់រថយន្តចង្កូតស្តាំ ស្លាកលេខសេះហោះ! គួរកែខ្លួន! បើទោះបីក្រខ្សត់យ៉ាងណាក៏ដោយ កុំបន្តធ្វើរបៀបនេះ ដែលសង្គមស្អប់ខ្ពើម។ មកជួបខ្ញុំ ខ្ញុំផ្តល់ការងារថ្លៃថ្នូរជាងនេះ៕
ដោយ ៖ សហការី