សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០២៣ ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក ឆាលស៍ មីសែល (Charles Michel) បាននិយាយនៅថ្ងៃសុក្រនេះថា វាគឺជាផលប្រយោជន៍របស់សហភាពអឺរ៉ុប (EU) ក្នុងការរក្សាកិច្ចសហប្រតិបត្តិការប្រកបដោយ«ស្ថិរភាព និងការស្ថាបនា» ជាមួយប្រទេសចិន ខណៈបណ្តាមេដឹកនាំ G7 បានជួបប្រជុំគ្នាដើម្បីពិចារណាលើអ្វីដែលខ្លួនចាត់ទុកថាជា «ការសម្លុតគំរាមផ្នែកសេដ្ឋកិច្ច» របស់ចិន រួមទាំងកង្វល់ផ្សេងៗទៀត។
មន្ត្រីអាមេរិកមួយរូបបាននិយាយថា បណ្តាមេដឹកនាំ G7 ដែលកំពុងជួបប្រជុំគ្នានៅឯទីក្រុងហ៊ីរ៉ូស៊ីម៉ា នៃប្រទេសជប៉ុន ចាប់ពីថ្ងៃសុក្រនេះ ត្រូវបានគេរំពឹងថានឹងចេញសេចក្តីថ្លែងការណ៍រួមមួយអំពីការកំណត់ «សកម្មភាពជាក់លាក់មួយចំពោះប្រទេសចិន»។ ថ្លែងចេញពីទីក្រុងហ៊ីរ៉ូស៊ីម៉ា លោក មីសែល បានប្រាប់សន្និសីទសារព័ត៌មានយ៉ាងដូច្នេះថា «សហភាពអឺរ៉ុប ចង់កាត់បន្ថយហានិភ័យនៃការពឹងផ្អែកជ្រុលនិងធ្វើពិពិធកម្មដើម្បីដោះស្រាយការអនុវត្តគ្មានតម្លាភាព»។ លោក មីសែល បានបន្ថែមថា «ទំនាក់ទំនងប្រកបដោយសិ្ថរភាពនិងការស្ថាបនាជាមួយប្រទេសចិនគឺស្ថិតក្នុងផលប្រយោជន៍ទៅវិញទៅមក។ ដោយសារតួនាទីនៅក្នុងសហគមន៍អន្តរជាតិនិងទំហំនៃសេដ្ឋកិច្ច ចិនមានទំនួលខុសត្រូវពិសេសនៅក្នុងពិភពលោក ហើយត្រូវតែដើរតាមច្បាប់អន្តរជាតិ»។
ចិនជាដៃគូពាណិជ្ជកម្មដ៏ធំមួយរបស់រុស្ស៉ីខាងផ្នែកថាមពល ហើយរុស្ស៉ីបានបង្កើនការពឹងផ្អែកលើប្រទេសចិនសម្រាប់ប្រាក់ចំណូលរដ្ឋពីការនាំចេញ បន្ទាប់ពីអតិថិជនមកពីលោកខាងលិចកាត់ផ្តាច់ទំនាក់ទំនង បន្ទាប់ពីរុស្ស៉ីបើកការឈ្លានពានលើអ៊ុយក្រែន៕ ដោយ៖ ធីរីណា
រូបថត ៖ TTXVN-VNA