ព័ត៌មានទាន់ហេតុការណ៍៖

មេដឹកនាំអ៊ុយក្រែន ៖ តំបន់គ្រីមៀ នឹងត្រឡប់មកស្ថិតក្រោមការគ្រប់គ្រងរបស់អ៊ុយក្រែនវិញ

ចែករំលែក៖

សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០២៣នេះបានផ្សាយថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានបង្កើតក្រុមប្រឹក្សាបង្រួបបង្រួមជាតិមួយ ដែលមានតួនាទីប្រឹក្សាយោបល់ស្ដីពីការស្ដារឡើងវិញនូវការគ្រប់គ្រងរបស់អ៊ុយក្រែនលើតំបន់គ្រីមៀ ជាមួយការសង្កត់ធ្ងន់ថាការរំដោះឧបទ្វីបមួយនេះដែលត្រូវបានរុស្ស៉ីដណ្ដើមយកកាលពីឆ្នាំ២០១៤ ច្បាស់ណាស់ថានឹងកើតឡើងយ៉ាងពិតប្រាកដ។
លោក ហ្សេលេនស្គី ធ្វើការកត់សម្គាល់បែបនេះនៅឯពិធីមួយរៀបចំឡើងក្នុងទីក្រុងកៀវ ដើម្បីរំឭកខួបនៃការបណ្ដេញចេញជនជាតិតាតា (Tatars) ចេញពីតំបន់គ្រីមៀ ដោយអាជ្ញាធរសូវៀត កាលពីឆ្នាំ១៩៤៤។ បើតាមលោក ហ្សេលេនស្គី បណ្ដាប្រទេសកាន់តែច្រើនឡើងចាប់ផ្ដើមយល់ឃើញថាសន្តិភាពនឹងមិនអាចកើតឡើងឡើយ បើគ្មានការប្រគល់តំបន់គ្រីមៀ មកឱ្យអ៊ុយក្រែនវិញ។ «យើងនឹងបន្តការងាររបស់យើងដើម្បីរំដោះតំបន់គ្រីមៀ។ ច្បាស់ណាថាវានឹងកើតឡើង ហើយតំបន់គ្រីមៀ នឹងត្រឡប់ទៅក្រោមប្រព័ន្ធគ្រប់គ្រង រដ្ឋរបស់អ៊ុយក្រែន»។ នេះជាការបញ្ជាក់របស់លោក ហ្សេលេនស្គី ប្រាប់សហគមន៍ជនជាតិតាតា។
រុស្ស៉ី មិនបានបង្ហាញពីសញ្ញាបោះបង់ចោលតំបន់គ្រីមៀទេ រីឯអ៊ុយក្រែនវិញកំពុងត្រៀមខ្លួនបើកប្រតិបត្តិការវាយបកទ្រង់ទ្រាយធំសំដៅដណ្ដើមយកទឹកដីរបស់ខ្លួន ដែលកងទ័ពរុស្ស៉ីកំពុងកាន់កាប់ត្រឡប់មកវិញ។ ទាំងលោកហ្សេលេនស្គី និងក្រុមមន្ត្រីអ៊ុយក្រែន សុទ្ធតែធ្លាប់បានលើកឡើងថាការដណ្ដើមយកតំបន់គ្រីមៀមកវិញ គឺជាគោលដៅមួយនៅក្នុងចំណោមកម្មវត្ថុសំខាន់ៗរបស់ខ្លួន៕

ដោយ៖ ធីរីណា(រូប​ថត​ ៖ Reuters)


ចែករំលែក៖