ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានក្រុមជម្រើសជាតិអុីតាលី Leonardo Bonucci នឹងចូលនិវត្តន៍នៅចុងបញ្ចប់រដូវកាលក្រោយ

ចែករំលែក៖

ប្រធានក្រុមជម្រើសជាតិអុីតាលី និងជាប្រធានក្រុមសេះបង្កង់ Juventus កីឡាករ Leonardo Bonucci និយាយថា គាត់នឹងចូលនិវត្តន៍ពីបាល់ទាត់នៅចុងរដូវកាលក្រោយ។ កីឡាករវ័យ៣៦ឆ្នាំរូបនេះបានជួយក្រុមឈ្នះពានរង្វាន់ Serie A ចំនួន៨ដង នៅក្លិបអុីតាលី និងបានបង្ហាញខ្លួនជាលើកទី៥០០របស់គាត់ជាមួយនឹងក្រុម Sevilla កាលពីសប្តាហ៍មុន។

គាត់ក៏បានបង្ហាញខ្លួនឲ្យជម្រើសជាតិចំនួន១២០ប្រកួត និងជាផ្នែកមួយនៃក្រុមអុីតាលីដែលបានផ្តួលក្រុមអង់គ្លេសដើម្បីឈ្នះ Euro 2020 កាលពីខែកក្កដា ឆ្នាំ២០២១។ គាត់បាននិយាយថា “ការពាក់អាវនេះប្រៀបដូចជាការរស់នៅក្នុងក្តីសុបិនអស់រយៈពេល១២ឆ្នាំមកហើយ។ អ្វីគ្រប់យ៉ាងដែលខ្ញុំបានធ្វើគឺសម្រាប់អាវដែលសម្រាប់ខ្ញុំគឺដូចជាស្បែកទីពីរ។ ពីក្មេងប្រុសដែលសប្បាយចិត្តណាស់ដែលបានពាក់អាវនេះ ព្រោះវាជាសុបិនរបស់គាត់ ដែលសុបិនក្លាយជាការពិត”។

Bonucci ដែលកុងត្រានឹងផុតកំណត់នៅរដូវកាលក្រោយ បានចាប់ផ្តើមអាជីពរបស់គាត់នៅ Inter Milan ក្នុងឆ្នាំ២០០៥ ជាកន្លែងដែលគាត់បានឈ្នះពានរង្វាន់ Serie A ជាលើកដំបូងរបស់គាត់ក្នុងឆ្នាំ២០០៥-២០០៦។

ខ្សែការពាររូបនេះក៏ធ្លាប់លេងនៅ Treviso, Pisa, Genoa និង Bari មុនពេលចូលរួមជាមួយ Juventus ក្នុងឆ្នាំ២០១០ ដោយក្លាយជាផ្នែកមួយនៃខ្សែការពារដ៏ល្បីរបស់ Juventus រួមជាមួយ Andrea Barzagli, Giorgio Chiellini និងអ្នកចាំទី Gianluigi Buffon ដែលធ្លាប់លេងបាល់ទាត់អុីតាលីអស់មួយទសវត្សរ៍។

ក្រុមយក្សនៅ Turin បានឈ្នះពានរង្វាន់ចំនួន៩ជាប់ៗគ្នារវាងឆ្នាំ២០០១-២០១២ និង២០១៩-២០២០ ដោយ Bonucci បានឈ្នះចំនួន៨នៃពានរង្វាន់ទាំងនោះបន្ទាប់ពីចំណាយពេលមួយរដូវកាលនៅ AC Milan ក្នុង២០១៧-២០១៨។ Bonucci បានបង្ហាញខ្លួនជាលើកដំបូងនៅអុីតាលីក្នុងខែមីនា ឆ្នាំ២០១០ ហើយបានធ្វើជាប្រធានក្រុមជាលើកដំបូងនៅ៤ឆ្នាំក្រោយមក។

គាត់បានតំណាងឱ្យក្រុមអុីតាលីក្នុងការប្រកួតបាល់ទាត់ពិភពលោកចំនួនពីរ និងជើងឯកទ្វីបអឺរ៉ុបចំនួន៣ ដោយបានបញ្ចប់ក្នុងចំណាត់ថ្នាក់ជើងឯករងនៅ Euro 2012 មុនពេលលើកពានរយៈពេល៩ឆ្នាំក្រោយមក បន្ទាប់ពីការឈ្នះដោយបាល់ប៉េណាល់ទីលើក្រុមអង់គ្លេសនៅកីឡដ្ឋាន Wembley ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖