ព័ត៌មានទាន់ហេតុការណ៍៖

គម្រោងឥណទានកាបូនបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសហគមន៍មូលដ្ឋាន និងធានានិរន្តរភាពបរិស្ថាន ធនធានធម្មជាតិ

ចែករំលែក៖

ភ្នំពេញ ៖ ដោយសារតែកត្តាសុខសន្តិភាពពេញលេញ យើងមានឱកាសគ្រប់គ្រាន់ និងមានធនធានសម្រាប់ការងារអភិរក្ស ហើយដោយសារតែភាពប្រសើរឡើងនៃការអភិរក្សនេះ បានធ្វើឱ្យកម្ពុជាអាចរកចំណូលបានពីការអភិរក្សរបស់ខ្លួនតាមរយៈការលក់ឥណទានកាបូន (Carbon Credit)ក្នុងគម្រោង រេដបូក គម្រោង កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ក្នុងវិស័យព្រៃឈើ  និងការបង់សេវាប្រព័ន្ធអេកូឡូស៊ី (Payment Ecosystem Service)។ រេដ​បូក គឺ​ជា​យន្ត​ការហិរញ្ញវត្ថុនិរន្តរភាព (Sustainable Financing Mechanism) ​ដើម្បីគាំទ្រ​ដល់បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍ដែលសម្បូរទៅដោយព្រៃឈើ ទទួលបានថវិកាយកមកប្រើប្រាស់ក្នុងការការពារធនធានព្រៃឈើ​ និងលើកកម្ពស់ជីវភាព​សហគមន៍មូលដ្ឋានក្នុងប្រទេសសាម៉ី និងការចូលរួម​ចំណែក​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុក្នុង​​សកលលោក។ 

ចាប់ពីឆ្នាំ២០១៦កន្លងមក ក្រសួងបរិស្ថានបានរៀបចំ និងកំពុងអនុវត្តគម្រោងរេដបូកចំនួន៣ រួមមាន គម្រោងរេដបូកកែវសីមា គម្រោងរេដបូកក្រវាញខាងត្បូង និងគម្រោងរេដបូកព្រៃឡង់។ គម្រោងរេដបូកទាំងបីខាងលើ គ្របដណ្តប់ទៅលើផ្ទៃដីប្រមាណ ១,២៧ លានហិកតា ស្មើនឹង ១៧,៦ ភាគរយ នៃផ្ទៃដីតំបន់ការពារធម្មជាតិទាំងអស់។ ក្រសួងបរិស្ថានកំពុងរៀបចំ​គម្រោងរេដបូកបន្ថែមទៀត លើផ្ទៃដីចំនួន ១,១៩ លានហិកតា ដែលនឹងធ្វើឱ្យផ្ទៃដីគម្រោងរេដបូក​សរុបនឹងមានចំនួន ២,៤៦លានហិកតា (ស្មើនឹង ៣៤,១ ភាគរយនៃផ្ទៃដីតំបន់ការពារធម្មជាតិទាំងអស់)។ 

នេះគឺជារបត់ថ្មីដ៏សំខាន់មួយ ដែលកម្ពុជាយើងពេលបច្ចុប្បន្នក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានទទួលចំណូលពីការអភិរក្សរបស់ខ្លួន និងបាននិងកំពុងលុបបំបាត់ទស្សនៈថា ទាល់តែកាប់ព្រៃឈើទើបបានប្រាក់ចំណូលមកជាប្រទេស ដែលទទួលបានប្រាក់ចំណូលពីការពារនិងអភិរក្សព្រៃឈើរបស់ខ្លួន ក្រោម ទិសស្លោក«រក្សាឈើឈរដើម្បីជាផលប្រយោជន៍ដល់សេដ្ឋកិច្ច និងសង្គមជាតិ»។ កាលដែលកម្ពុជាទទួលបានជោគជ័យលើការលក់ឥណទានកាបូននេះ បានលើកតម្កើងនូវកិត្យានុភាពជាតិកម្ពុជា លើឆាកអន្តរជាតិ ដែលមិនមានប្រទេសច្រើនទេក្នុងពិភពលោកអាចធ្វើបាន និងបានទប់ទល់ជាមួយនឹងយុទ្ធនាបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជាក្នុងរូបភាពថាកម្ពុជាមានបទល្មើសព្រៃឈើច្រើនជាងគេលើពិភពលោក។

គម្រោងឥណទានកាបូនបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសហគមន៍មូលដ្ឋាន ដោយក្នុងនោះ ១)គម្រោងរេដបូកផ្ដល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់ការអភិវឌ្ឍន៍សហគមន៍ ដូចជា សាលារៀន និងមណ្ឌលសុខភាព។ ២)គម្រោងនេះលើកទឹកចិត្តឱ្យមានការការពារព្រៃឈើ សត្វព្រៃ និងធនធានធម្មជាតិ។ ៣)សហគមន៍អាចរកប្រាក់ចំណូលបានពីការលក់ឥណទានកាបូន ដែលបានមកពីការអភិរក្សព្រៃឈើ។ ៤) គម្រោងរេដបូកជួយសហគមន៍ក្នុងការបង្កើនជីវភាពរស់នៅប្រកបដោយចីរភាព និងលើកកម្ពស់គុណភាពរស់នៅរបស់យើងទាំងអស់គ្នា ៕

ដោយ ៖ សហការី


ចែករំលែក៖